ពេលព្រះអង្គសង្កេតឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រៀបធៀបទៅគេថា៖ «បើមានអ្នកណាអញ្ជើញអ្នករាល់គ្នាទៅចូលរួមពិធីមង្គលការ សូមកុំអង្គុយត្រង់កន្លែងល្អប្រសើរឡើយ ក្រែងជួនជាគេបានអញ្ជើញអ្នកណាដែលធំជាងអ្នក ហើយកាលណាម្ចាស់ដើមការ ដែលបានអញ្ជើញអ្នក និងអ្នកនោះផង គាត់មកនិយាយជាមួយអ្នកថា "ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ" នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាសគេមិនខាន។ ដូច្នេះ កាលណាគេអញ្ជើញអ្នក នោះត្រូវទៅអង្គុយនៅកន្លែងក្រោយបង្អស់សិន ដើម្បីកាលណាម្ចាស់ដើមការមកដល់ នោះគាត់នឹងនិយាយថា "សម្លាញ់អើយ សូមអញ្ជើញមកអង្គុយនៅខាងមុខនេះមក៍" ពេលនោះ អ្នកនឹងមានកិត្តិយស នៅចំពោះអស់អ្នកដែលអង្គុយនៅតុជាមួយគ្នា។ ដ្បិតអស់អ្នកណាដែលតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានតម្កើងឡើងវិញ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកដែលបានយាងព្រះអង្គថា៖ «កាលណាអ្នកហៅភ្ញៀវជប់លៀងពេលថ្ងៃត្រង់ ឬពេលល្ងាច កុំអញ្ជើញពួកសម្លាញ់ បងប្អូនសាច់ញាតិ ឬអ្នកមាន ដែលនៅជិតខាងឡើយ ក្រែងគេក៏អញ្ជើញអ្នកទៅសងវិញ។ ប៉ុន្តែ ពេលអ្នករៀបជប់លៀង ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ។ យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកទេ តែនៅពេលមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងទទួលបានការតបស្នងវិញ»។ កាលម្នាក់ដែលអង្គុយនៅតុជាមួយបានឮពាក្យទាំងនោះ គាត់ទូលព្រះអង្គថា៖ «មានពរហើយ អ្នកណាដែលនឹងបរិភោគពិធីជប់លៀងក្នុងព្រះរាជ្យរបស់ព្រះ!»។ តែព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយបានអញ្ជើញមនុស្សជាច្រើន។ លុះជិតដល់ពេលជប់លៀង លោកចាត់បាវបម្រើឲ្យទៅប្រាប់ពួកភ្ញៀវថា "សូមអញ្ជើញមក ដ្បិតទាំងអស់បានរៀបប្រុងជាស្រេចហើយ"។ ប៉ុន្តែ គេចាប់ផ្តើមដោះសាទាំងអស់គ្នា។ អ្នកមុននិយាយថា "ខ្ញុំបានទិញចម្ការ ហើយខ្ញុំត្រូវទៅមើលចម្ការនោះ សូមលោកអត់ទោសឲ្យខ្ញុំផង"។ ម្នាក់ទៀតថា "ខ្ញុំបានទិញគោប្រាំនឹម ខ្ញុំត្រូវទៅទឹមវាសាកមើល សូមលោកអត់ទោសឲ្យខ្ញុំផង"។ ម្នាក់ទៀតថា "ខ្ញុំទើបនឹងរៀបការប្រពន្ធ ដោយហេតុនោះបានជាខ្ញុំទៅមិនបាន"។ បាវបម្រើនោះក៏ត្រឡប់មកវិញ ជម្រាបចៅហ្វាយខ្លួនតាមដំណើរនោះ។ ដូច្នេះ លោកប្រាប់ទៅបាវបម្រើ ទាំងកំហឹងថា "ចូរប្រញាប់ចេញទៅតាមផ្លូវតូចធំនៅទីក្រុង នាំអស់មនុស្សក្រីក្រ ពិការ ខ្វាក់ និងខ្ញើច ចូលមកឲ្យឆាប់"។ បាវបម្រើនោះក៏ជម្រាបថា "លោកម្ចាស់ កិច្ចការដែលលោកបង្គាប់ឲ្យខ្ញុំធ្វើនោះ រួចរាល់ហើយ តែនៅមានសល់កន្លែងទៀត"។ ចៅហ្វាយប្រាប់ថា "ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យបានពេញផ្ទះខ្ញុំ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញពីមុន គ្មានអ្នកណាម្នាក់បានភ្លក់អាហារក្នុងពិពីជប់លៀងរបស់ខ្ញុំឡើយ"»។ ថ្ងៃមួយ មានមហាជនច្រើនកុះករធ្វើដំណើរទៅជាមួយព្រះអង្គ។ ព្រះអង្គបែរព្រះភក្ត្រហើយមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាមកតាមខ្ញុំ ហើយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។ អ្នកណាដែលមិនផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ អ្នកនោះក៏ពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ។ ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនសិន ដើម្បីឲ្យដឹងជាថាខ្លួនមានល្មមនឹងធ្វើបង្ហើយបាន ឬមិនបាន? ពុំនោះទេ ពេលចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន អស់អ្នកណាដែលឃើញគេនឹងសើចចំអក ដោយពាក្យថា "អ្នកនេះបានចាប់ផ្តើមសង់ផ្ទះ តែបង្ហើយមិនបាន"។ ឬតើមានស្តេចឯណា ដែលរៀបចេញទៅច្បាំងនឹងស្តេចមួយទៀត ឥតអង្គុយពិគ្រោះមើលជាមុនសិន ដើម្បីឲ្យដឹងថា ខ្លួនអាចនាំពលមួយម៉ឺនទៅតទល់នឹងស្តេច ដែលនាំពលពីរម៉ឺនមកច្បាំង បានឬមិនបាននោះ? ប្រសិនបើឃើញថាមិនអាចតទល់បាន នោះទ្រង់នឹងចាត់រាជទូតឲ្យទៅសុំចងស្ពានមេត្រីនឹងគ្នា ក្នុងកាលដែលស្តេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ នោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ»។ «អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើនឹងយកអ្វីធ្វើឲ្យប្រៃឡើងវិញបាន? វាគ្មានប្រយោជន៍សម្រាប់ដី ឬសម្រាប់ធ្វើជីបានទេ គេនឹងបោះវាចោលទៅក្រៅ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។
អាន លូកា 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 14:7-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ