លេវី‌វិន័យ 19

19
ក្រឹត្យ‌វិន័យ​ផ្សេងៗ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖
2«ចូរ​ប្រាប់​ដល់​ក្រុម​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា អ្នក​រាល់​គ្នា​ត្រូវ​បាន​បរិសុទ្ធ ដ្បិត​យើង​នេះ ដែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បរិសុទ្ធ។ 3អ្នក​រាល់​គ្នា​ត្រូវ​កោត​ខ្លាច​ឪពុក​ម្តាយ​អ្នក​រៀង​ខ្លួន ហើយ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​យើង​ដែរ យើង​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ 4កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​រូប​ព្រះ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ព្រះ​សិត​សម្រាប់​អ្នក​រាល់​គ្នា​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
5កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ថ្វាយ​ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​អ្នក 6ត្រូវ​តែ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ថ្ងៃ​ដែល​ថ្វាយ ហើយ​នៅ​ថ្ងៃ​ស្អែក​ក៏​បាន តែ​បើ​មាន​អ្វី​នៅ​សល់​ដល់​ថ្ងៃ​ទី​បី នោះ​ត្រូវ​ដុត​ក្នុង​ភ្លើង​វិញ។ 7ប្រសិន‌បើ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ថ្ងៃ​ទី​បី នោះ​ជា​សេចក្ដី​ខ្ពើម​ឆ្អើម​ហើយ ព្រះ‌អង្គ​មិន​ទទួល​តង្វាយ​នោះ​ទេ 8ហើយ​អស់​អ្នក​ណា​ដែល​បរិ‌ភោគ នោះ​ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​ទុច្ចរិត​របស់​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បង្អាប់​តង្វាយ​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសន៍​ខ្លួន។
9កាល​ណា​អ្នក​រាល់​គ្នា​ច្រូត​ចម្រូត​នៅ​ស្រែ នោះ​មិន​ត្រូវ​ច្រូត​ឲ្យ​ដល់​កៀន​ដី​របស់​អ្នក​ទាំង​អស់​ទេ ក៏​មិន​ត្រូវ​សន្សំ​រើស​កួរ‌ស្រូវ​ដែល​បាន​ជ្រុះ​នោះ​ផង 10ហើយ​ក៏​មិន​ត្រូវ​សន្សំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ឬ​រើស​ផ្លែ​ដែល​ជ្រុះ​នៅ​ចម្ការ​របស់​អ្នក​ដែរ ត្រូវ​ទុក​សម្រាប់​ឲ្យ​អស់​អ្នក​ក្រ និង​អស់​អ្នក​ស្នាក់​វិញ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
11អ្នក​រាល់​គ្នា​មិន​ត្រូវ​លួច ឬ​ប្រព្រឹត្ត​ឆបោក ឬ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ 12ហើយ​មិន​ត្រូវ​ស្បថ​បំពាន​ដោយ​នូវ​ឈ្មោះ​យើង ទាំង​បង្អាប់​ដល់​ព្រះ‌នាម​របស់​អ្នក​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។
13អ្នក​មិន​ត្រូវ​សង្កត់‌សង្កិន​អ្នក​ជិត​ខាង ឬ​ជិះ​ជាន់​គេ​ឡើយ ក៏​មិន​ត្រូវ​ទុក​ឈ្នួល​របស់​ជើង​ឈ្នួល​អ្នក​ឲ្យ​នៅ​ដល់​ព្រឹក​ដែរ។ 14មិន​ត្រូវ​ជេរ​ប្រមាថ​ចំពោះ​មនុស្ស​ថ្លង់ ឬ​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដួល​នោះ​ឡើយ គឺ​ត្រូវ​កោត​ខ្លាច​ព្រះ​របស់​អ្នក​វិញ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។
15អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ជំនុំ​ជម្រះ​អ្នក​ជិត​ខាង​អ្នក​ដោយ​សុចរិត។ 16មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​អ្នក​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ជីវិត អ្នក​ជិត​ខាង​អ្នក​ដែរ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។
17អ្នក​រាល់​គ្នា​មិន​ត្រូវ​មាន​ចិត្ត​ស្អប់​ដល់​បង‌ប្អូន​អ្នក​ឡើយ ក៏​កុំ​ឲ្យ​ខាន​នឹង​បន្ទោស​ដល់​អ្នក​ជិត​ខាង​អ្នក​ដែរ ដើម្បី​កុំ​ឲ្យ​ជាប់​មាន​បាប​ដោយ​ព្រោះ​គេ។ 18មិន​ត្រូវ​សង‌សឹក ឬ​ចង​គំនុំ​គុំ‌គួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក​ឡើយ គឺ​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​អ្នក​វិញ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។
19អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​យើង មិន​ត្រូវ​ឲ្យ​សត្វ​អ្នក​ជាន់​សត្វ​ញី​ណា​ខុស​ពូជ​គ្នា​ឡើយ ក៏​មិន​ត្រូវ​ព្រោះ​ពូជ​ពីរ​យ៉ាង​នៅ​ស្រែ​ចម្ការ​អ្នក​ដែរ ហើយ​មិន​ត្រូវ​ស្លៀក‌ពាក់​អ្វី ដែល​លាយ​ដោយ​អំបោះ​ពីរ​យ៉ាង​ឡើយ។
20បើ​អ្នក​ណា​រួម​ដំណេក​នឹង​ស្រី​ជា​អ្នក​បម្រើ​ដែល​មាន​គេ​ដណ្តឹង​ហើយ តែ​មិន​ទាន់​បាន​លោះ​ចេញ ឬ​ដែល​ចៅ‌ហ្វាយ​មិន​ទាន់​លែង​ឲ្យ​ទៅ នោះ​គេ​ត្រូវ​មាន​ទោស តែ​មិន​ត្រូវ​ដាក់​ទោស​ដល់​ស្លាប់​ទេ ព្រោះ​មិន​សម្រេច​នឹង​ចិត្ត​នាង​ទេ 21ហើយ​ប្រុស​នោះ​ត្រូវ​យក​តង្វាយ​ដោយ​ព្រោះ​ការ​រំលង​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ គឺ​ជា​ចៀម​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​ដោយ​ព្រោះ​ការ​រំលង។ 22នោះ​សង្ឃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​នៃ​តង្វាយ ដោយ​ព្រោះ​ការ​រំលង​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​ព្រះ‌អង្គ​នឹង​អត់​ទោស​ចំពោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត។
23កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​នៅ​ក្នុង​ស្រុក ហើយ​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ នោះ​ត្រូវចាត់​ទុក​ផ្លែ​ឈើ​ទាំង​នោះ ជា​ផ្លែ​ដែល​មិន​ត្រូវ​បរិ‌ភោគ គឺ​ក្នុង​រវាង​បី​ឆ្នាំ អ្នក​មិន​ត្រូវ​បរិ‌ភោគ​ឡើយ។ 24នៅ​ឆ្នាំ​ទី​បួន ផ្លែ​ឈើ​ទាំងអស់​នឹង​បាន​បរិសុទ្ធ​វិញ ជា​តង្វាយ​នៃ​ការ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា។ 25ដល់​ឆ្នាំ​ទី​ប្រាំ នោះ​អាច​បរិ‌ភោគ​បាន នេះ​ដើម្បី​ឲ្យ​ដើម​ឈើ​ទាំង​នោះ​បាន​ចម្រើន​ផល​ផ្លែ​ឲ្យ​អ្នក​រាល់​គ្នា យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
26អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​សាច់​ណា​ដែល​ជាប់​មាន​ទាំង​ឈាម​ផង​នោះ​ឡើយ មិន​ត្រូវ​ប្រើ​របៀន​របស់​គ្រូ​អង្គុយ​ធម៌ ឬ​មើល​នក្ខត្តឫក្ស​ផង។ 27មិន​ត្រូវ​កោរ​ក្រឡឹង​សក់​ក្បាល​ជុំ‌វិញ ឬ​កាត់​តម្រឹម​ពុក​ចង្កា​របស់​អ្នក​ឡើយ។ 28អ្នក​មិន​ត្រូវ​ឆូត​ស្បែក​ដោយ​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ឬ​សាក់​ខ្លួន​ផង​ដែរ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។
29កុំ​ឲ្យ​បង្ខូច​កូន​ស្រី​អ្នក ដោយ​ធ្វើ​ឲ្យ​ទៅ​ជា​ស្រី​ពេស្យា​ឡើយ ក្រែង​ស្រុក​អ្នក​ទៅ​ជា​សហាយ‌ស្មន់​គ្រប់​គ្នា ហើយ​មាន​ពេញ​ដោយ​សេចក្ដី​អាក្រក់​ជួ‌ជាតិ។ 30ត្រូវ​ឲ្យ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​ត្រូវ​កោត​ខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​យើង​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។
31អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​គ្រូ​មន្ត‌គា‌ថា​ឡើយ កុំ​ឲ្យ​ពឹង​រក​គេ​ឲ្យ​សោះ ក្រែង​អ្នក​ទៅ​ជា​ស្មោក‌គ្រោក​ដោយ‌សារ​គេ​ដែរ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
32អ្នក​ត្រូវ​ក្រោក​ឡើង ឈរ​នៅ​មុខ​មនុស្ស​ចាស់​សក់​ស ត្រូវ​គោរព​ដល់​មនុស្ស​មាន​វ័យ​ចម្រើន ហើយ​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ​របស់​អ្នក​ដែរ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។
33បើ​មាន​មនុស្ស​ប្រទេស​ក្រៅ​ណា​មក​ស្នាក់​នៅ​ក្នុង​ស្រុក​ជា​មួយ​អ្នក នោះ​កុំ​ឲ្យ​ធ្វើ​បាប​គេ​ឡើយ។ 34ឯ​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ទុក​ដូច​ជា​កើត​នៅ​ស្រុក​អ្នក​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួន​អ្នក ដ្បិត​អ្នក​រាល់​គ្នា​ពី​ដើម​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
35អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ក្នុង​រឿង​ក្តី ក្នុង​ការ​វាស់ ថ្លឹង ឬ​វាល់​ឡើយ។ 36ត្រូវ​ឲ្យ​មាន​ជញ្ជីង និង​កូន​ជញ្ជីង​យ៉ាង​ត្រឹម‌ត្រូវ ហើយ​រង្វាល់​ត្រឹម‌ត្រូវ​ផង យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ 37អ្នក​រាល់​គ្នា​ត្រូវ​កាន់​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា»។

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល