យ៉ូស្វេ ពាក្យលំនាំ
ពាក្យលំនាំ
គម្ពីរ «យ៉ូស្វេ» រៀបរាប់អំពីលោកយ៉ូស្វេដឹកនាំកូនចៅអ៊ីស្រាអែលវាយដណ្តើមយកស្រុកកាណាន ព្រមទាំងការបែងចែកទឹកដីរវាងកុលសម្ព័ន្ធនានានៃកូនចៅអ៊ីស្រាអែល។ យើងអាចបែងចែកកណ្ឌគម្ពីរនេះជាបីផ្នែក៖
• ការវាយដណ្តើមយកស្រុកកាណាន (១-១២)
• ការបែងចែកទឹកដី (១៣-២១)
• ដំណាក់កាលចុងក្រោយនៃជីវិតរបស់លោកយ៉ូស្វេ (២២-២៤)
ព្រះយេហូវ៉ាប្រទានទឹកដីស្រុកកាណានឲ្យសាសន៍អ៊ីស្រាអែលដូច្នេះ ដើម្បីសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់ពួកគេ។ ក្នុងដំណើររឿងដែលបរិយាយអំពីទំនាក់ទំនងរវាងព្រះ និងកូនចៅអ៊ីស្រាអែល ការវាយយកស្រុកកាណាន មានសារសំខាន់ដូចការចាកចេញពីស្រុកអេស៊ីព្ទដែរ គឺ ព្រះជួយប្រជារាស្ត្ររបស់ព្រះអង្គឲ្យមានជ័យជម្នះ ក្នុងការចាប់យកទឹកដី ដូចព្រះអង្គបានជួយពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ផារ៉ោន។
ការបែងចែកទឹកដីឲ្យកុលសម្ព័ន្ធនីមួយៗ បង្ហាញពីព្រះហឫទ័យរបស់ព្រះ ដែលចង់ឲ្យកូនចៅអ៊ីស្រាអែលគ្រប់ៗរូប មានទឹកដីជាចំណែកមត៌ករបស់ខ្លួន ដើម្បីរកស៊ីចិញ្ចឹមជីវិត។ គោលគំនិតនេះជួយយើងឲ្យយល់អំពីការរៀបរាប់យ៉ាងលម្អិតនូវឈ្មោះក្រុង និងស្រុកភូមិផ្សេងៗ ជាពិសេសនៅក្នុងជំពូក ១៣, ១៥, ១៦។
ក្នុងដំណើររឿងអំពីការវាយយកស្រុកកាណាន កណ្ឌគម្ពីរយ៉ូស្វេរំឭកយើងអំពីព្រះហឫទ័យស្មោះត្រង់របស់ព្រះ ចំពោះព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយព្រះអង្គសព្វព្រះហឫទ័យឲ្យប្រជារាស្ត្ររបស់ព្រះអង្គសម្ដែងទឹកចិត្តស្មោះត្រង់ឆ្លើយតបវិញដែរ។
កូនចៅអ៊ីស្រាអែលតាំងទីលំនៅក្នុងចំណោមជាតិសាសន៍នានាដូច្នេះ អាចក្លាយទៅជាការល្បួងម៉្យាង ដែលនាំឲ្យពួកគេបែកចិត្តចេញពីព្រះ។ ហេតុនេះហើយបានជាលោកយ៉ូស្វេកោះហៅប្រជាជនឲ្យជួបជុំគ្នានៅស៊ីគែម (ជំពូក ២៤) ដើម្បីប្ដេជ្ញាចិត្តបញ្ជាក់នូវសេចក្ដីសញ្ញាដែលព្រះបានតាំងជាមួយបុព្វបុរសរបស់ពួកគេ គឺប្រជាជនត្រូវសម្រេចចិត្តគោរពប្រតិបត្តិតែព្រះយេហូវ៉ាមួយព្រះអង្គប៉ុណ្ណោះ។
កណ្ឌគម្ពីរនេះចាប់ផ្តើមទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់កូនចៅអ៊ីស្រាអែល និងទឹកដីរបស់ខ្លួន។ ពួកគេអាចរក្សាទឹកដីនេះគង់វង្ស ឬបាត់បង់ទៅវិញ អាស្រ័យលើភាពស្មោះត្រង់ ឬមិនស្មោះត្រង់របស់ពួកគេលើព្រះរបស់ខ្លួន។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies