យ៉ូស្វេ 3

3
កូន​ចៅ​អ៊ីស្រា‌អែល​ឆ្លង​កាត់​ទន្លេ​យ័រដាន់
1ព្រលឹម​ស្រាង​ៗ លោក​យ៉ូស្វេ​ក្រោក​ឡើង ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ពី​ស៊ីទីម ជាមួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់។ លុះ​មក​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅត្រើយ​ម្ខាង។ 2បី​ថ្ងៃ​ក្រោយ​មក ពួក​នាយក​ក៏​ដើរ​កាត់​កណ្ដាល​ជំរំ 3ហើយ​បង្គាប់​ប្រជា‌ជន​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ហិប​នៃ​សេចក្ដី​សញ្ញារបស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ពួក​លេវី​ជា​សង្ឃ​សែង​ទៅ អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ពី​ទី​កន្លែង​របស់​អ្នក ហើយ​ដើរ​ទៅ​តាម​ហិប​នោះ​ទៅ 4តែ​ត្រូវ​ស្ថិត​នៅ​ឃ្លាត​ពី​ហិប​នោះ នៅ​ចម្ងាយ​ប្រមាណ​ពីរ​ពាន់​ហត្ថ។ មិន​ត្រូវ​ចូល​ទៅ​ជិត​ឡើយ ដើម្បី​ឲ្យ​អ្នក​បាន​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ដើរ ដ្បិត​តាំង​តែ​ពី​មុន​មក អ្នក​រាល់​គ្នា​មិន​ដែល​ដើរ​តាម​ផ្លូវ​នេះ​ទេ»។ 5លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រោះ​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា»។ 6លោក​យ៉ូស្វេមាន​ប្រសាសន៍​ទៅកាន់​ពួក​សង្ឃ​ថា៖ «ចូរ​លើក​យក​ហិប​នៃ​សេចក្ដី​សញ្ញា​ឆ្លង​ទៅ​មុន​ប្រជា‌ជន​ទៅ»។ ដូច្នេះ គេ​ក៏​លើក​យក​ហិប​នៃ​សេចក្ដី​សញ្ញា ហើយ​ទៅ​មុន​ប្រជា‌ជន។
7ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​នឹង​ចាប់​ផ្ដើម​លើក​តម្កើង​អ្នក នៅ​មុខ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​នៅ​ជា​មួយអ្នក ដូច​យើង​បាន​នៅ​ជា​មួយ​ម៉ូសេ​ដែរ 8រីឯ​អ្នក ត្រូវ​បង្គាប់​ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញាថា "កាល​ណា​ទៅ​ដល់​មាត់​ទឹក​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​ស្ងៀម​នៅ​ក្នុង​ទន្លេ​យ័រ​ដាន់"»។ 9ដូច្នេះ លោក​យ៉ូស្វេ​មាន​ប្រសាសន៍ទៅ​កាន់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ចូរ​មកណេះ ហើយ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។ 10លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​នឹង​ដឹង​ដោយ‌សារ​សេចក្ដី​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ព្រះ‌អង្គ​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ថា ព្រះ‌អង្គ​នឹង​បណ្តេញ​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ហេវី សាសន៍​ពេរិស៊ីត សាសន៍​គើកា‌ស៊ី សាសន៍​អាម៉ូរី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។ 11មើល៍ ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌អម្ចាស់នៃ​ផែន‌ដី​ទាំង​មូល នឹង​នាំ​មុខ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ទន្លេ​យ័រដាន់។ 12ដូច្នេះ ចូរ​រើស​យក​មនុស្ស​ដប់ពីរ​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល គឺ​កុល‌សម្ព័ន្ធ​នីមួយៗត្រូវ​រើស​យក​ម្នាក់។ 13កាល​ណា​បាត​ជើង​របស់​ពួក​សង្ឃ ដែល​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​ផែន‌ដី​ទាំង​មូល បាន​ដាក់​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់ នោះ​ទឹក​ទន្លេ​យ័រ​ដាន់​នឹង​ត្រូវ​កាត់​ផ្តាច់​លែង​ហូរ ហើយ​ទឹក​ដែល​ហូរ​ចុះ​ពី​លើមក នឹង​បង្គរ​ឡើង​ជា​គំនរ»។
14ដូច្នេះ ពេល​ប្រជា‌ជន​ចេញ​ពី​ជំរំ ដើម្បី​ឆ្លង​ទន្លេ​យ័រដាន់ មាន​ទាំង​ពួក​សង្ឃ​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​នៅ​ខាង​មុខ​ប្រជា‌ជន 15ហើយ​ពេល​អស់​អ្នក​ដែល​សែង​ហិប​បាន​មក​ដល់​ទន្លេ​យ័រដាន់​ភ្លាម ពួក​សង្ឃ​ក៏​ដាក់​ជើង​ចុះ​ទៅ​ក្នុង​ទឹក​នៅ​មាត់​ទន្លេ (ទន្លេ​យ័រដាន់​ឡើង​លិច​មាត់​ច្រាំង​ទាំង​អស់ ពេញ​ក្នុង​រដូវ​ចម្រូត) 16នោះ​ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មកក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ចម្ងាយ ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ចំណែក​ឯ​ទឹក​ដែល​ហូរ​ចុះ​ទៅ​សមុទ្រអារ៉ាបា គឺ​សមុទ្រ​អំបិល ក៏​ហូរ​រីង​អស់​ទៅ។ ពេល​នោះ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លងនៅ​ទល់​មុខ​ក្រុង​យេរីខូរ។ 17កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​កំពុង​ដើរ​ឆ្លង​នៅ​លើ​ដី​ស្ងួត ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា នាំ​គ្នា​ឈរ​លើ​ដី​ស្ងួត នៅ​កណ្ដាល​ទន្លេ រហូត​ទាល់​តែ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ឆ្លង​ផុត​ទន្លេ​យ័រ​ដាន់។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល