យ៉ូស្វេ 23

23
លោក​យ៉ូស្វេ​រំឭក​ដាស់​តឿន​ប្រជា‌ជន
1លុះ​ពេល​ជា​យូរ​ក្រោយមក កាល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រា‌អែលបាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់​នៅ​ជុំ‌វិញ នោះ​លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា​ហើយ 2លោក​យ៉ូស្វេ​បាន​កោះ​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ពួក​ចាស់​ទុំ ពួក​មេដឹក​នាំ ពួក​ចៅ‌ក្រម និង​ពួក​នាយករបស់​គេ​ឲ្យ​មក ហើយ​មាន​ប្រសាសន៍ទៅ​គេ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មាន​វ័យ​ចាស់​ជរា​ហើយ 3អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា បាន​ធ្វើ​ដល់​សាសន៍​ទាំង​ប៉ុន្មាន​នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដ្បិតគឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​រាល់​គ្នា​ហើយ ដែល​បានប្រយុទ្ធដើម្បី​អ្នក​រាល់​គ្នា។ 4មើល៍ ខ្ញុំ​បាន​ចែកអស់​ទាំង​ទឹក​ដី​របស់​សាសន៍​នានា​ដែល​នៅសេស​សល់​ឲ្យ​អ្នក​រាល់​គ្នា ទុក​ជា​មត៌ក តាម​កុល‌សម្ព័ន្ធ​រៀងៗ​ខ្លួន រួម​ទាំង​ទឹក​ដី​របស់​សាសន៍​នានា ដែល​ខ្ញុំ​បាន​វាយ​បំផ្លាញ​ចេញ ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ រហូត​ដល់​សមុទ្រ​ធំ​នៅ​ទិស​ខាង​លិច។ 5ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​ច្រាន​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ហើយ​បណ្តេញ​គេ​ឲ្យ​ផុត​ពី​ភ្នែក​របស់​អ្នក អ្នក​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​គេ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​សន្យា​នឹង​អ្នក»។ 6ដូច្នេះ ចូរ​សម្រេច​ចិត្ត​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ចុះ មិន​ត្រូវ​បែរ​ចេញ​ពី​សេចក្ដី​ទាំង​នោះ ដោយ​ងាក​ទៅ​ខាង​ស្តាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ 7ដើម្បី​កុំ​ឲ្យ​លាយ​ឡំ​នឹង​សាសន៍​ទាំង​នេះ ដែល​នៅ​សេស‌សល់​ក្នុង​ចំណោម​អ្នករាល់​គ្នា កុំ​ដំណាល​ពី​ឈ្មោះ​ព្រះ​របស់​គេ កុំ​យកឈ្មោះ​ព្រះ​ទាំង​នោះមក​ស្បថ កុំ​គោរព​ប្រតិបត្តិ ហើយ​កុំ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ​ឡើយ 8គឺ​ត្រូវ​នៅ​ជាប់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​រហូត​មក​ដល់​ថ្ងៃ​នេះ។ 9ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​សាសន៍​ធំៗ ហើយ​ពូកែ ចេញ​ពី​មុខ​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នាបាន​ឡើយ រហូត​មក​ដល់​ថ្ងៃ​នេះ។ 10មនុស្ស​តែ​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដេញ​តាម​មនុស្ស​មួយ​ពាន់​នាក់ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា ព្រះ‌អង្គ​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ដូចព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក។ 11ដូច្នេះ ចូរ​ប្រយ័ត្ន​ខ្លួន​ឲ្យ​អស់​ពី​ចិត្ត ដើម្បី​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ 12ប៉ុន្ដែ បើ‌អ្នក​រាល់​គ្នាបែរ​ចេញ ទៅ​ភ្ជាប់​ខ្លួន​ជាមួយ​សាសន៍​ទាំង​នេះ​ដែល​នៅ​សេស‌សល់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​រៀប​ការ​ជាមួយ​គេ គឺ​អ្នក​រាល់​គ្នា​ចូល​ទៅរក​គេ ហើយ​គេ​ចូលមក​រក​អ្នក​រាល់​គ្នា 13ត្រូវ​ដឹងឲ្យ​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​មិន​បណ្តេញ​សាសន៍​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៀត​ឡើយ គឺ​គេ​នឹង​នៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​អ្នក​រាល់​គ្នា ក៏​ជា​រំពាត់​នៅ​ខ្នង និង​ជា​បន្លានៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​វិនាស​បាត់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា​បាន​ប្រទានឲ្យ។
14មើល៍ នៅ​ថ្ងៃ​នេះ ខ្ញុំហៀប​នឹង​ទៅ​តាម​ផ្លូវ​របស់​មនុស្ស​លោក​ទាំង​អស់ ហើយអ្នក​ក៏​ដឹង​នៅ​ក្នុង​ចិត្ត និង​ក្នុង​វិញ្ញាណ​របស់​អ្នក​ទាំង​អស់​គ្នា​ដែរ​ថា អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​សន្យា នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​សុទ្ធ​តែ​បាន​សម្រេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ។ 15ប៉ុន្តែ គ្រប់​ទាំង​សេចក្ដី​ល្អ​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​សន្យា​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​នឹង​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់ មក​លើ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ រហូត​ទាល់​តែ​ព្រះ‌អង្គ​បាន​បំផ្លាញ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដ៏​ល្អ​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រទាន​ឲ្យ 16គឺ​ប្រសិន‌បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​បង្គាប់ ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​ព្រះ​ដទៃ រួច​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំងនោះ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ជា​ឆាប់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 23: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល