យ៉ូស្វេ 14:6-12

យ៉ូស្វេ 14:6-12 គកស១៦

គ្រា​នោះ ពួក​កូន​ចៅ​យូដា​នាំ​គ្នា​ចូល​មក​ជួប​លោក​យ៉ូស្វេ​នៅ​គីល‌កាល។ លោក​កាលែប​ជា​កូន​លោក​យេភូនេ ជា​ពួក​កេណាស មាន​ប្រសាសន៍មកកាន់​លោកយ៉ូស្វេ​ថា៖ «លោក​ជ្រាប​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ ពី​ដំណើរ​ខ្ញុំ និង​លោក នៅ​កាដេស-បារនា​ហើយ ។ កាល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​ពី​កា‌ដេស-បារ‌នា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ខ្ញុំ​មាន​អាយុ​សែសិប​ឆ្នាំ ហើយ​ខ្ញុំ​បាន​ត្រឡប់​មក​វិញ រាយការណ៍​ជូន​លោក​ដោយ​ស្មោះ​ត្រង់។ ប៉ុន្តែ បង​ប្អូន​ដែល​ឡើង​ទៅ​ជា​មួយ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ប្រជា‌ជនបាក់​ទឹក​ចិត្ត តែ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​ស្បថ​ថា "ដី​ដែល​ជើង​របស់​អ្នក​បាន​ជាន់ នោះ​នឹង​ត្រូវ​បាន​ជា​មត៌ក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក​រហូត​ត​ទៅ ព្រោះ​អ្នក​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត"។ ឥឡូវ​នេះ មើល៍ ព្រះ‌យេហូវ៉ា​បាន​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល គឺ​សែសិប​ប្រាំ​ឆ្នាំ​ហើយ តាំង​ពី​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សេចក្ដី​នោះមក​កាន់​លោក​ម៉ូសេ កាល​ពួក​អ៊ីស្រា‌អែល​កំពុង​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​នៅ​ឡើយ ហើយ​មើល៍ នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត​សិប​ប្រាំ​ឆ្នាំ​ហើយ។ ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​កាល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​ដែរ គឺ​ឥឡូវ​នេះ ខ្ញុំ​នៅ​មាន​កម្លាំង ដូច​នៅ​ពេល​នោះដែរ ល្មម​នឹង​ច្បាំង ទាំង​ចេញ​ទៅ ហើយ​ចូល​មក​វិញ​ផង។ ដូច្នេះ សូម​ប្រគល់​ស្រុក​ភ្នំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នៅ​គ្រា​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​លោក​បាន​ឮ​នៅ​ថ្ងៃ​នោះ​ហើយ​ថា មាន​សាសន៍​អ័ណាក់​នៅ​ស្រុក​នោះ ទាំង​មាន​ទាំង​ទី​ក្រុង​ធំៗ​ដែល​មាន​កំផែង​រឹង​មាំ។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ខ្ញុំ នោះ​ខ្ញុំ​នឹង​បណ្តេញ​ពួក​គេ​ចេញ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មិន​ខាន»។

អាន យ៉ូស្វេ 14

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូស្វេ 14:6-12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ