កាលព្រះបាទអ័ដូនី-សេដិកជាស្តេចក្រុងយេរូសាឡិមបានឮថា លោកយ៉ូស្វេបានវាយយកក្រុងអៃយ ព្រមទាំងបំផ្លាញអស់គ្មានសល់ ដោយប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចរបស់គេដែរ ហើយថា អ្នកក្រុងគីបៀនបានចងស្ពានមេត្រីជាមួយពួកអ៊ីស្រាអែល ក៏នៅក្នុងចំណោមពួកគេ ស្ដេច ភ័យខ្លាចជាខ្លាំង ដ្បិតក្រុងគីបៀនជាក្រុងមួយធំ ដូចជារាជធានីមួយ ក៏ធំជាងក្រុងអៃយទៅទៀត ហើយមនុស្សនៅក្រុងនោះ សុទ្ធតែខ្លាំងពូកែទៀតផង។ ដូច្នេះ ព្រះបាទអ័ដូនី-សេដិកជាស្តេចក្រុងយេរូសាឡិម ក៏ផ្ញើសារទៅព្រះបាទហូហាំជាស្តេចក្រុងហេប្រុន និងព្រះបាទពារ៉ាមជាស្តេចក្រុងយ៉ារមុត ព្រះបាទយ៉ាភាជាស្តេចក្រុងឡាគីស ហើយព្រះបាទដេបៀរ ជាស្តេចក្រុងអេក្លុនថា៖ «សូមឡើងមកជួយទូលបង្គំផង ហើយសូមយើងនាំគ្នាវាយក្រុងគីបៀន ដ្បិតគេបានចងស្ពានមេត្រីជាមួយលោកយ៉ូស្វេ និងជាមួយប្រជាជនអ៊ីស្រាអែលហើយ»។ ពេលនោះ ស្តេចសាសន៍អាម៉ូរីទាំងប្រាំអង្គ គឺស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រុន ស្តេចក្រុងយ៉ារមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លុន បានប្រមូលកម្លាំងទ័ពរបស់ខ្លួនទាំងអស់ ឡើងទៅបោះទ័ពទាស់នឹងក្រុងគីបៀន ហើយច្បាំងនឹងក្រុងនោះ។ អ្នកក្រុងគីបៀនក៏ចាត់គេឲ្យមកជួបលោកយ៉ូស្វេនៅជំរំគីលកាល ជម្រាបថា៖ «សូមកុំបោះបង់អ្នកបម្រើរបស់លោកឡើយ សូមឡើងមកជាប្រញាប់ ហើយជួយសង្គ្រោះយើងខ្ញុំផង ដ្បិតពួកសាសន៍អាម៉ូរីទាំងអស់ដែលនៅស្រុកភ្នំ បានប្រមូលគ្នាទាស់នឹងយើងខ្ញុំហើយ»។ ដូច្នេះ លោកយ៉ូស្វេក៏ចេញពីគីលកាលឡើងទៅ មានទាំងពួកអ្នកថ្នឹកច្បាំង និងពួកអ្នកខ្លាំងពូកែដ៏អង់អាច ទៅជាមួយផង។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំឲ្យខ្លាចគេឡើយ ដ្បិតយើងបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ ក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់អាចឈរនៅមុខអ្នកបានឡើយ»។ លោកយ៉ូស្វេធ្វើដំណើរពេញមួយយប់ ចេញពីគីលកាល ហើយវាយប្រហារពួកគេភ្លាមក្នុងពេលដែលគេមិនដឹងខ្លួន។ ព្រះយេហូវ៉ាបំបាក់ទ័ពរបស់ពួកគេនៅមុខពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានវាយគេនៅជិតក្រុងគីបៀន ដោយប្រហារជីវិតយ៉ាងសម្បើម ក៏ដេញតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា និងម៉ាកេដា។ ពេលពួកគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ ព្រះយេហូវ៉ាក៏ទម្លាក់គ្រាប់ព្រឹលធំៗពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់។ ពួកអ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសម្លាប់ដោយដាវទៅទៀត។ នៅថ្ងៃដែលព្រះយេហូវ៉ាបានប្រគល់ពួកសាសន៍អាម៉ូរីមកក្នុងកណ្ដាប់ដៃពួកកូនចៅអ៊ីស្រាអែល លោកយ៉ូស្វេទូលព្រះយេហូវ៉ានៅមុខពួកកូនចៅអ៊ីស្រាអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀមនៅលើក្រុងគីបៀនទៅ ហើយព្រះច័ន្ទក៏ដែរ ចូរឈប់ស្ងៀមនៅលើជ្រលងភ្នំអាយ៉ាឡូនទៅ»។ ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ រហូតទាល់តែពួកអ៊ីស្រាអែលបានសងសឹកនឹងខ្មាំងសត្រូវរបស់គេ។ តើហេតុការណ៍នេះមិនបានកត់ទុកក្នុងសៀវភៅរបស់យ៉ាស៊ើរទេឬ? គឺព្រះអាទិត្យឈប់ស្ងៀមនៅកណ្ដាលមេឃ ហើយមិនបានប្រញាប់ប្រញាល់នឹងលិច អស់រយៈពេលប្រមាណមួយថ្ងៃពេញ។ ទោះពីមុនមក ឬក្រោយមកទៀត មិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ ដែលព្រះយេហូវ៉ាស្តាប់តាមសំឡេងរបស់មនុស្សម្នាក់ ដ្បិតព្រះយេហូវ៉ាច្បាំងជំនួសសាសន៍អ៊ីស្រាអែល។
អាន យ៉ូស្វេ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 10:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ