យ៉ូប 6:1-17

យ៉ូប 6:1-17 គកស១៦

នោះ​លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖ «ឱ​បើ​សេចក្ដី​មួម៉ៅ​របស់​ខ្ញុំ​បាន​ថ្លឹង​មើល ដោយ​ដាក់​លើ​ជញ្ជីង ជា‌មួយ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​នោះ។ ដ្បិត​នឹង​ធ្ងន់​ជាង​ខ្សាច់​សមុទ្រ​ទៅ​ទៀត គឺ​ហេតុ​នោះ​បាន​ជា​ពាក្យ​ខ្ញុំ បាន​ជ្រួស‌ហួស​ទៅ។ ព្រោះ​ព្រួញ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅ​ជាប់​ក្នុង​ខ្លួន​ខ្ញុំ វិញ្ញាណ​ខ្ញុំ​ក៏​អក​ផឹក​ថ្នាំ​ពិស​នៃ​ព្រួញ​ទាំង​នោះ អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ បាន​តម្រៀប​គ្នា​ទាស់​នឹង​ខ្ញុំ​ហើយ។ បើ​លា​ព្រៃ​មាន​ស្មៅ​ស៊ី តើ​វា​ស្រែក​ដែរ​ឬ? តើ​គោ‌រោទ៍​កំពុង​ដែល​ស៊ី​ចំបើង​ឬ? របស់​ដែល​គ្មាន​រស​ជាតិ តើ​នឹង​បរិ‌ភោគ​ឥត​អំបិល​បាន​ឬ? តើ​ស​របស់​ពង​មាន​រស​ឬ? សេចក្ដី​ដែល​ចិត្ត​ខ្ញុំ​មិន​ព្រម​ប៉ះ‌ពាល់ នោះ​ទុក​ដូច​ជា​អាហារ​ដែល​គួរ​ឆ្អើម​ដល់​ខ្ញុំ។ ឱ​ប្រសិន‌បើ​ខ្ញុំ​នឹង​បាន​ដូច​សេចក្ដី​សំណូម ហើយ​ព្រះ​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​បាន តាម​បំណង​ចិត្ត​នោះ។ គឺ​សូម​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កិន​កម្ទេច​ខ្ញុំ​ទៅ ហើយ​គ្រវី​ព្រះ‌ហស្ត ឲ្យ​ខ្ញុំ​ត្រូវ​កាត់​ដាច់​ចេញ។ យ៉ាង​នោះ​ខ្ញុំ​នឹង​នៅ​មាន​សេចក្ដី​រដោះ​ទុក្ខ ខ្ញុំ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​សេចក្ដី​ឈឺ​ចាប់​នេះ ដែល​មិន​ចេះ​ប្រណី​សោះ ព្រោះ​ខ្ញុំ​មិន​បាន​លាក់​ទុក​ព្រះ‌បន្ទូល របស់​ព្រះ​ដ៏​បរិសុទ្ធ​ឡើយ។ តើ​កម្លាំង​ខ្ញុំ​ជា​អ្វី ដែល​ខ្ញុំ​នឹង​នៅ​ចាំ​ទៀត? តើ​ចុង​បំផុត​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា បាន​ជា​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​អត់? តើ​កម្លាំង​របស់​ខ្ញុំ​ដូច​ជា​កម្លាំង​ថ្ម​ឬ? តើ​សាច់​របស់​ខ្ញុំ​ជា​លង្ហិន​ដែរ​ឬ? តាម​ពិត ក្នុង​ខ្លួន​ខ្ញុំ គ្មាន​ទី​ពឹង​ទៀត​ទេ ហើយ​ប្រាជ្ញា​ក៏​បាន​ត្រូវ​បណ្តេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។ អ្នក​ដែល​មិន​សម្ដែង សេចក្ដី​អាណិត​អាសូរ​ដល់​មិត្ត​ភក្ដិ អ្នក​នោះ​លែង​កោត​ខ្លាច ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ហើយ។ ឯ​បង‌ប្អូន​ខ្ញុំ​វិញ គេ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​វៀច​ដូច​ជា​ជ្រោះ​ទឹក គឺ​ដូច​ជា​បាត​នៃ​ជ្រោះ​ទឹក​ដែល​បាត់​អស់​ទៅ ជា​ទឹក​ដែល​មើល​ទៅ​ខ្មៅៗ ដោយ​ព្រោះ​កក​ហើយ ក៏​មាន​ហិមៈ​នៅ​កប់​ក្នុង​នោះ​ដែរ លុះ​មាន​ពេល​ក្តៅ​ក៏​រលាយ​ទៅ រួច​ដល់​រដូវ​ក្តៅ ទឹក​នោះ​រីង​បាត់ ពី​កន្លែង​អស់​រលីង។

អាន យ៉ូប 6