យ៉ូប 4
4
ប្រសាសន៍របស់លោកអេលីផាស៖ លោកយ៉ូបបានធ្វើបាប
1អេលីផាស ជាសាសន៍ថេម៉ាន បានឆ្លើយតបថា៖
2«ប្រសិនបើយើងឆ្លើយតបនឹងអ្នក
តើអ្នកអន់ចិត្តឬទេ?
ប៉ុន្តែ តើអ្នកណាទ្រាំមិននិយាយបាន?
3មើល៍! អ្នកបានទូន្មានប្រដៅ
ដល់មនុស្សជាច្រើន
ក៏បានធ្វើឲ្យដៃខ្សោយមានកម្លាំងឡើង
4ពាក្យសម្ដីរបស់អ្នកបានទប់ទល់ពួកអ្នក
ដែលកំពុងតែដួល
ហើយអ្នកបានចម្រើនកម្លាំងដល់ជង្គង់ខ្សោយ។
5តែឥឡូវនេះ សេចក្ដីនោះបានមកដល់អ្នកវិញ
ហើយអ្នកទ្រាំមិនបាន
ក៏ប៉ះនឹងអ្នក ហើយអ្នកមានបែរជាស្រយុតចុះ។
6អស់អ្នកដែលកោតខ្លាចព្រះ
នោះហើយជាទីអាងរបស់អ្នក
ហើយអ្នកដែលប្រព្រឹត្តទៀងត្រង់
នោះហើយជាទីសង្ឃឹមរបស់អ្នក។
7ចូរអ្នកពិចារណាចុះ
តើអ្នកឥតទោសដែលវិនាសឬ?
តើមានកន្លែងណាដែលមនុស្សទៀងត្រង់
ត្រូវកាត់ចេញនោះ?
8តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នក
ដែលភ្ជួរបំផុលអំពើទុច្ចរិតឡើង
ហើយសាបព្រោះសេចក្ដីកំណាច
គេរមែងច្រូតបានសេចក្ដីនោះវិញ។
9គេត្រូវវិនាសទៅ ដោយខ្យល់របស់ព្រះ
ហើយខ្យល់ចំហួលនៃសេចក្ដីក្រោធរបស់ព្រះអង្គ
ក៏បញ្ឆេះគេអស់។
10ឯសូរគ្រហឹមរបស់សិង្ហ និងសំឡេង
របស់សិង្ហសាហាវ នោះត្រូវបាត់
ហើយចង្កូមរបស់សិង្ហស្ទាវត្រូវបាក់។
11សិង្ហចាស់ វាស្លាប់ទៅដោយអត់រំពា
ហើយកូនរបស់សិង្ហត្រូវខ្ចាត់ខ្ចាយទៅ។
12រីឯមានសេចក្ដីមួយបានឮមកដល់ខ្ញុំ
ដោយសម្ងាត់
ត្រចៀកខ្ញុំបានទទួលពាក្យខ្សឹបពីដំណើរនោះ។
13នៅវេលាដែលការជាក់ស្តែង
កំពុងតែបណ្ដាលឲ្យគំនិតកម្រើកឡើង
នៅពេលយប់ ក្នុងកាលដែលមនុស្ស
កំពុងដេកលក់ស៊ប់
14នោះសេចក្ដីភ័យខ្លាច
ហើយញ័ររន្ធត់បានកើតដល់ខ្ញុំ
ក៏ធ្វើឲ្យអស់ទាំងឆ្អឹងខ្ញុំរញ្ជួយផង។
15មានវិញ្ញាណមួយកាត់មុខខ្ញុំទៅ
ខ្ញុំក៏ព្រឺរោមឡើង
16វិញ្ញាណនោះក៏ឈប់នឹងនៅ
តែខ្ញុំរកសម្គាល់ថា
មានរូបភាពយ៉ាងណាមិនបាន
មានតែភាពជារូបនៅមុខខ្ញុំប៉ុណ្ណោះ
ខ្ញុំក៏ឮសំឡេងពោលមកថា
17"តើមនុស្សដែលតែងតែស្លាប់
នឹងបានសុចរិតនៅចំពោះ ព្រះឬ?
តើនឹងបានបរិសុទ្ធនៅចំពោះ ព្រះ
ដែលបានបង្កើតខ្លួនមកឬ?
18សូម្បីតែអ្នកបម្រើរបស់ព្រះអង្គ
ព្រះអង្គទុកចិត្តមិនបាន
ហើយពួកទេវតារបស់ព្រះអង្គ
ក៏ព្រះអង្គប្រកាន់ថាមានកំហុសដែរ
19តើនឹងទៅជាយ៉ាងណា
ចំពោះមនុស្សដែលនៅក្នុងភាជនៈដី
ដែលមានកំណើតមកពីធូលីដី
ហើយដែលត្រូវឈ្លីទៅដូចជាដង្កូវ។
20នៅរវាងពេលព្រឹកនឹងល្ងាច
នោះវាត្រូវបំផ្លាញទៅ
វាសូន្យទៅអស់កល្ប
ឥតមានអ្នកណាសង្កេតឡើយ។
21ខ្សែជ្រែងរបស់គេត្រូវដាច់ចេញ
ហើយគេក៏ស្លាប់ទៅ ឥតទាន់បានប្រាជ្ញាផង"។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies