យ៉ូប 32

32
លោក​អេលី‌ហ៊ូវ​បន្ទោស​មិត្ត​សម្លាញ់របស់​លោក​យ៉ូប
1ដូច្នេះ អ្នក​ទាំង​បី​នោះ​ក៏​លែង​ឆ្លើយ​នឹង​លោក​យ៉ូប ព្រោះ​លោក​រាប់​ខ្លួន​ថា​ជា​សុចរិត​ហើយ។ 2នៅ​ខណៈ​នោះ អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស ក្នុង​ពូជ​ពង្ស​រ៉ាម​ក៏​មាន​កំហឹង គឺ​គាត់​ខឹង​នឹង​យ៉ូប ដោយ​ព្រោះ​លោក​រាប់​ខ្លួន​ជា​សុចរិត​នៅ​ចំពោះ​ព្រះ។ 3អេលីហ៊ូវ​ខឹង​នឹង​សម្លាញ់​របស់​លោក​យ៉ូប​ទាំង​បី​នាក់​នោះ​ដែរ ព្រោះ​គេ​រក​ឆ្លើយ​តប​មិន​បាន ទោះ​ជា​គេ​ពោល​ថា​លោក​យ៉ូប​មាន​កំហុស​ក៏​ដោយ។ 4ឯ​អេលី‌ហ៊ូវ គាត់​បាន​រង់‌ចាំ​ឱកាស​និយាយ​ជា‌មួយ​យ៉ូប ព្រោះ​គេ​សុទ្ធ​តែ​ចាស់ៗ​ជាង​ខ្លួន។ 5ដូច្នេះ អេលី‌ហ៊ូវ​ឃើញ​ថា អ្នក​ទាំង​បី​នោះ​រក​ឆ្លើយ​មិន​បាន នោះ​គាត់​ក៏​មាន​កំហឹង។
6អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល
សាសន៍​ប៊ូស គាត់​ឆ្លើយ​ឡើង​ថា៖
«ខ្ញុំ​នៅ​ក្មេង ហើយ​អ្នក​រាល់​គ្នា​មាន​អាយុ​ច្រើន
ហេតុ​នោះ​បាន​ជា​ខ្ញុំ​ខ្លាច
មិន​ហ៊ាន​បញ្ចេញ​គំនិត​ខ្ញុំ
7ខ្ញុំ​បាន​នឹក​ថា គប្បី​ឲ្យ​ចាស់ៗ​និយាយ
ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន
បង្រៀន​ពី​ប្រាជ្ញា
8ប៉ុន្តែ មនុស្ស​លោក​សុទ្ធ​តែ​មាន
វិញ្ញាណ​សណ្ឋិត​នៅ
ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
ក៏​ឲ្យ​មាន​យោបល់
9មិន​មែន​មនុស្ស​ចាស់ៗ សុទ្ធ​តែ​មាន​ប្រាជ្ញា
ឬ​មនុស្ស​អាយុ​ច្រើន​សុទ្ធ​តែ​យល់
សេចក្ដី​ដែល​ត្រឹម​ត្រូវ​នោះ​ឡើយ
10ហេតុ​នោះ​បាន​ជា សូម​ស្តាប់​ខ្ញុំ​សិន
ខ្ញុំ​នឹង​សម្ដែង​គំនិត​របស់​ខ្ញុំ​ដែរ។
11មើល៍ ខ្ញុំ​បាន​រង់‌ចាំ​ពាក្យ​អ្នក​រាល់​គ្នា
ខ្ញុំ​បាន​ប្រុង​ស្តាប់​ហេតុ​ផល​ទាំង​ប៉ុន្មាន
របស់​អ្នក​រាល់​គ្នា
កំពុង​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក
សេចក្ដី​ដែល​ត្រូវ​និយាយ
12ខ្ញុំ​បាន​ប្រុង​ស្តាប់​អ្នក​រាល់​គ្នា​ឲ្យ​យល់​ដែរ
តែ​គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា
បាន​អធិប្បាយ​ផ្ចាញ់​យ៉ូប
ឬ​ឆ្លើយ​តប​នឹង​សម្ដី​លោក​សោះ។
13ប៉ុន្តែ កុំ​ឲ្យ​ថា​យើង​បាន​រក​ប្រាជ្ញា​ឃើញ
ហើយ​នោះ​ឡើយ
ដ្បិត​ព្រះ​នឹង​ឈ្នះ​លោក​បាន
ឯ​មនុស្ស​ឈ្នះ​មិន​បាន​ទេ
14លោក​មិន​បាន​ពោល​ពាក្យ​មក​ចំ​លើ​ខ្ញុំ​ទេ
ហើយ​ខ្ញុំ​ក៏​មិន​ឆ្លើយ​តប​តាម​ពាក្យ
របស់​អ្នក​រាល់​គ្នា​ដែរ
15ដូច្នេះ អ្នក​ទាំង​បី​នោះ​ក៏​គាំង​នៅ
ឥត​មាន​ឆ្លើយ​ទៀត​ឡើយ
គេ​រក​ផ្លូវ​នឹង​និយាយ​មិន​បាន​ផង។
16តើ​គួរ​ឲ្យ​ខ្ញុំ​រង់‌ចាំ​ទៀត
ដោយ​ព្រោះ​តែ​គេ​មិន​ពោល​ទៀត
ហើយ​ស្ងៀម​នៅ ឥត​ឆ្លើយ​ត​ទៅ​ទៀត​ឬ​អី?
17ទេ ចំណែក​ខ្ញុំ ខ្ញុំ​ចង់​ឆ្លើយ​ដែរ
ខ្ញុំ​នឹង​បញ្ចេញ​គំនិត​របស់​ខ្ញុំ។
18ដ្បិត​ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន
ឯ​វិញ្ញាណ​ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ
ក៏​បណ្ដាល​ខ្ញុំ។
19ចិត្ត​ខ្ញុំ​ប្រៀប​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ
ដែល​ឥត​មាន​ផ្លូវ​ឲ្យ​ខ្យល់​ចេញ
ដូច​ជា​ថង់​ស្បែក​ថ្មី​ដែល​រៀប​នឹង​ធ្លាយ​ហើយ។
20ខ្ញុំ​នឹង​និយាយ​ចេញ ដើម្បី​ឲ្យ​បាន​ធូរ​ចិត្ត
ខ្ញុំ​នឹង​បើក​បបូរ​មាត់​ឆ្លើយ​តប
21សូម​កុំ​ឲ្យ​ខ្ញុំ​យល់​ដល់​មុខ​អ្នក​ណា
ឬ​លើក​មុខ​អ្នក​ណា​ដោយ​ពាក្យ​បញ្ចើច​ឡើយ។
22ដ្បិត​ខ្ញុំ​មិន​ចេះ​បញ្ចើច‌បញ្ចើ​ទេ
បើ​យ៉ាង​នោះ ព្រះ​ដែល​បង្កើត​ខ្ញុំ
ព្រះ‌អង្គ​នឹង​ដក​យក​ខ្ញុំ​ចេញ​ទៅ​ភ្លាម។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 32: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល