យ៉ូប 2:1-10

យ៉ូប 2:1-10 គកស១៦

មាន​ថ្ងៃ​មួយ ពេល​ដែល​ពួក​កូន​ព្រះ បាន​ទៅ​គាល់​ព្រះ‌យេហូវ៉ា ហើយ​សាតាំង ក៏​នៅ​ក្នុង​ចំណោម​នោះ ដើម្បី​គាល់​ព្រះ‌យេហូវ៉ា​ដែរ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​សាតាំង​ថា៖ «តើ​ឯង​មក​ពី​ណា?» សាតាំង​ទូល​ឆ្លើយ​ថា៖ «មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​សាតាំង​ថា៖ «តើ​ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? គ្មាន​អ្នក​ណា​ម្នាក់​នៅ​ផែនដី​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍ ហើយ​ទៀត​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង មួយ​ទៀត ទោះ​បើ​ឯង​បណ្ដាល​ឲ្យ​យើង​ទាស់​នឹង​គាត់ ដើម្បី​នឹង​បំផ្លាញ​គាត់ ដោយ​ឥត​ហេតុ​ក៏​ដោយ គង់​តែ​គាត់​នៅ​រក្សា​លក្ខណៈ​ដដែល»។ សាតាំង​ទូល​តប​ថា៖ «ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​ចុះ មនុស្ស​សុខ​ចិត្ត​លះ‌បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ ប៉ុន្តែ បើ​ព្រះ‌អង្គ​គ្រាន់​តែ​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង និង​សាច់​គាត់ នោះ​គាត់​នឹង​ប្រមាថ​ដល់​ព្រះ‌អង្គ នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​មិន​ខាន»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​ប្រគល់​គាត់​ទៅ​ក្នុង​អំណាច​ឯង​ហើយ ចូរ​ប្រណី​ដល់​តែ​ជីវិត​គាត់​ប៉ុណ្ណោះ»។ ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ព្រះ‌យេហូវ៉ា​ទៅ ហើយ​ធ្វើ​ឲ្យ​លោក​យ៉ូប​កើត​ដំបៅ​ដ៏​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល។ លោក​យក​អំបែង​ឆ្នាំង​សម្រាប់​កោស​ខ្លួន ទៅ​អង្គុយ​នៅ​ក្នុង​ផេះ។ ឯ​ប្រពន្ធ​របស់​លោក​ពោល​ថា៖ «តើ​បង​នៅ​តែ​រក្សា​សេចក្ដី​ទៀង​ត្រង់​ដល់​កាល​ណា​ទៀត? សូម​ដាក់​បណ្ដាសា ព្រះ ហើយ​ស្លាប់​ទៅ​ចុះ!»។ ប៉ុន្តែ លោក​ឆ្លើយ​ថា៖ «ឯង​និយាយ​ដូច​ជា​ស្រី​ឆោត​ល្ងង់ យើង​អាច​ទទួល​សេចក្ដី​ល្អ​មក​ពី​ព្រះ​បាន ម្ដេច​ក៏​មិន​អាច​ទទួល​សេចក្ដី​អាក្រក់​ផង?» ក្នុង​ស្ថានភាព​យ៉ាង​នោះ លោក​យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​បបូរ​មាត់​ទេ។

អាន យ៉ូប 2