យ៉ូប 13:1-16

យ៉ូប 13:1-16 គកស១៦

មើល៍! ភ្នែក​ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍ ទាំង​អស់​នេះ​ហើយ ត្រចៀក​ខ្ញុំ​ក៏​បាន​ឮ ហើយ​យល់​ដែរ។ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ដឹង ខ្ញុំ​ក៏​ដឹង​ដែរ ខ្ញុំ​មិន​អន់​ជាង​អ្នក​រាល់​គ្នា​ទេ។ ប៉ុន្តែ ខ្ញុំ​ចង់​ទូល​ដល់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា វិញ ខ្ញុំ​ប៉ង​នឹង​ត​តប​នឹង​ព្រះ​តែ​ម្តង ឯ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក បង្កើត​សេចក្ដី​កំភូត​ទទេ អ្នក​រាល់​គ្នា​ជា​គ្រូ​ពេទ្យ​ឥត​ប្រយោជន៍​ទាំង​អស់។ ឱ​បើ​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងៀម​វិញ​ទៅ​អេះ នោះ​នឹង​សម្ដែង​ថា អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​មែន ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ត​តប​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​អង្វរ របស់​បបូរ​មាត់​ខ្ញុំ​សិន។ តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ? តើ​ចង់​យោគ‌យល់​ខាង​ព្រះ ហើយ​តាំង​ខ្លួន​ជា​អ្នក​កាន់​ក្តី​ជំនួស​ព្រះ‌អង្គ​ឬ? អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ព្រះ‌អង្គ ស្ទង់​ចិត្តរបស់​អ្នក​ឬ​ទេ? ឬ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ព្រះ‌អង្គ ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ? បើ​អ្នក​រាល់​គ្នា​លម្អៀង ទៅ​ខាង​ណា​ដោយ​សម្ងាត់ នោះ​ប្រាកដ​ជា​ព្រះ‌អង្គ​នឹង​បន្ទោស ដល់​អ្នក​រាល់​គ្នា​ហើយ។ តើ​តេជា‌នុភាព​របស់​ព្រះ‌អង្គ មិន​នាំ​អ្នក​រាល់​គ្នា​ឲ្យ​កោត​ខ្លាច ហើយ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ មិន​គ្រប​លើ​អ្នក​រាល់​គ្នា​ទេ​ឬ? សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ពោល​អាង នោះ​សុទ្ធ​តែ​ជា​ផេះ​ទាំង​អស់ សេចក្ដី​ដោះ‌សា​របស់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​ភក់​ទទេ។ សូម​នៅ​ស្ងៀម​សិន កុំ​ធ្វើ​ខ្ញុំ ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​រាល់​គ្នា រួច​តាម​តែ​កើត​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ។ ខ្ញុំ​នឹង​ចាប់​ពាំ​សាច់​របស់​ខ្ញុំ ហើយ​កាន់​ជីវិត​របស់​ខ្ញុំ​ទុក​នៅ​ក្នុង​ដៃ។ ទោះ​បើ​ព្រះ‌អង្គ​សម្លាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ខ្ញុំ​នឹង​ចេះ​តែ​ជជែក​ពី​សេចក្ដី​សុចរិត នៃ​ផ្លូវ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌អង្គ។ ហើយ​នេះ​នឹង​បាន​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​ដែរ គឺ​ថា​មនុស្ស​ទមិឡ​ល្មើស​នឹង​ចូល​ទៅ នៅ​ចំពោះ​ព្រះ‌អង្គ​មិន​បាន។

អាន យ៉ូប 13