យ៉ូហាន 9:1-25

យ៉ូហាន 9:1-25 គកស១៦

កាល​ព្រះ‌អង្គ​កំពុង​យាង​ទៅ ទ្រង់​ទត​ឃើញ​មនុស្ស​ម្នាក់​ដែល​ខ្វាក់​ពី​កំណើត។ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ តើ​អ្នក​ណា​បាន​ប្រព្រឹត្ត​អំពើ​បាប មនុស្ស​នេះ ឬ​ឪពុក‌ម្តាយ​របស់​គាត់ បាន​ជា​គាត់​កើត​មក​ខ្វាក់​ដូច្នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មិន​មែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក‌ម្តាយ​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប​ទេ គាត់​កើត​មក​ខ្វាក់​ដូច្នេះ គឺ​ដើម្បី​ឲ្យ​ព្រះ​បាន​បង្ហាញ​កិច្ច‌ការ​របស់​ព្រះ​នៅ​ក្នុង​គាត់​វិញ។ យើង​ត្រូវ​តែ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទាន់​នៅ​ថ្ងៃ​នៅ​ឡើយ ដ្បិត​ដល់​ពេល​យប់ គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​បាន​ទេ។ កាល​ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​ពិភព​លោក​នេះ ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក»។ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រួច​ហើយ ទ្រង់​ក៏​ស្តោះ​ទៅ​លើ​ដី ហើយ​យក​ទឹក​ព្រះ‌ឱស្ឋ​ធ្វើ​ជា​ភក់ ទៅ​លាប​ភ្នែក​មនុស្ស​ខ្វាក់​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ទៅ» (ស៊ីឡោម មាន​ន័យ​ថា ចាត់​ឲ្យ​ទៅ)។ ដូច្នេះ គាត់​ក៏​ទៅ​លាង ហើយ​ត្រឡប់​មក​វិញ​ទាំង​ភ្នែក​មើល​ឃើញ។ អ្នក​ជិត​ខាង និង​អស់​អ្នក​ដែល​ធ្លាប់​ឃើញ​គាត់​ពី​មុន​ជា​អ្នក​សុំ​ទាន នាំ​គ្នា​សួរ​ថា៖ «តើ​អ្នក​នេះ​មែន​ទេ ដែល​ធ្លាប់​តែ​អង្គុយ​សុំ​ទាន​គេ?» ខ្លះ​ថា៖ «គឺ​អ្នក​ហ្នឹង​ហើយ» ខ្លះ​ទៀត​ថា៖ «ទេ អ្នក​នេះ​គ្រាន់​តែ​មាន​មុខ​មាត់​ដូច​គាត់»។ តែ​គាត់​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ គេ​សួរ​គាត់​ទៀត​ថា៖ «ធ្វើ​ដូច​ម្តេច​បាន​ជា​ភ្នែក​អ្នក​ភ្លឺ​ដូច្នេះ?» គាត់​ឆ្លើយ​ថា៖ «មាន​បុរស​ម្នាក់​ឈ្មោះ យេស៊ូវ បាន​ធ្វើ​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ប្រាប់​ថា "ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ទៅ" ខ្ញុំ​ក៏​ទៅ​លាង ហើយ​ស្រាប់​តែ​បាន​មើល​ឃើញ​ភ្លាម»។ គេ​សួរ​គាត់​ថា៖ «អ្នក​នោះ​នៅ​ឯ​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ»។ គេ​ក៏​នាំ​មនុស្ស​ដែល​ខ្វាក់​ពី​មុន​នោះ ទៅ​ជួប​នឹង​ពួក​ផារិ‌ស៊ី។ ថ្ងៃ​ដែល​ព្រះ‌យេស៊ូវ​ធ្វើ​ភក់​ប្រោស​ឲ្យ​គាត់​ភ្លឺ​ភ្នែក​នោះ គឺ​ជា​ថ្ងៃ​សប្ប័ទ។ ពួក​ផារិ‌ស៊ី​ក៏​សួរ​គាត់ ពី​ការ​ដែល​បាន​ភ្លឺ​ភ្នែក​ដោយ​របៀប​ណា គាត់​ជម្រាប​ថា៖ «លោក​យក​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ខ្ញុំ​ទៅ​លាង ហើយ​ក៏​មើល​ឃើញ»។ ពួក​ផារិ‌ស៊ី​ខ្លះ​និយាយ​ថា៖ «មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​តាម​ថ្ងៃ​សប្ប័ទ»។ ខ្លះ​ទៀត​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប អាច​ធ្វើ​ទី​សម្គាល់​យ៉ាង​នេះ​បាន?» ពួក​គេ​ក៏​បាក់​បែក​គ្នា។ គេ​ក៏​សួរ​មនុស្ស​ខ្វាក់​ម្តង​ទៀត​ថា៖ «តើ​អ្នក​ថា មនុស្ស​ដែល​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នកបាន​ភ្លឺ​នោះ ជា​នរណា?» គាត់​ឆ្លើយ​ថា៖ «លោក​ជា​ហោរា»។ ពួក​សាសន៍​យូដា​មិន​ជឿ​ថា គាត់​ខ្វាក់​ភ្នែក ហើយ​បាន​ភ្លឺ​ឡើង​វិញ​ទេ ទាល់​តែ​ហៅ​ឪពុក‌ម្តាយ​របស់​អ្នក​ដែល​បាន​ភ្លឺ​ភ្នែក​នោះ​មក ហើយ​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​កូន​របស់​អ្នក ដែល​អ្នក​ថា បាន​កើត​មក​ខ្វាក់​នោះ​មែន​ឬ? ចុះ​ឥឡូវ​នេះ ធ្វើ​ដូច​ម្តេច​បាន​ជា​គាត់​ភ្លឺ​ឡើង​វិញ?» ឪពុក‌ម្តាយ​គាត់​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ដឹង​ថា នេះ​ជា​កូន​យើង​ពិត ហើយ​ពេល​វា​កើត​មក ខ្វាក់​មែន តែ​យើង​ខ្ញុំ​មិន​ដឹង​ថា វា​បាន​ភ្លឺ​ដោយ​របៀប​ណា​នោះ​ទេ ក៏​មិន​ដឹង​ថា​អ្នក​ណា​បាន​ធ្វើ​ឲ្យ​ភ្លឺ​ដែរ វា​គ្រប់​អាយុ​ហើយ សូម​សួរ​វា​ចុះ វា​នឹង​ប្រាប់​ដោយ​ខ្លួន​ឯង»។ ឪពុក‌ម្តាយ​គាត់​និយាយ​ដូច្នេះ ព្រោះ​ខ្លាច​សាសន៍​យូដា ដ្បិត​ពួក​សាសន៍​យូដា​បាន​ព្រម​ព្រៀង​គ្នា​ហើយ​ថា បើ​អ្នក​ណា​ប្រកាស​ថា​ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ពី​សាលា​ប្រជុំ​របស់​គេ។ ហេតុ​នោះ​បាន​ជា​ឪពុក‌ម្តាយ​គាត់​និយាយ​ថា៖ «វា​គ្រប់​អាយុ​ហើយ សូម​សួរ​វា​ចុះ»។ ដូច្នេះ គេ​ក៏​ហៅ​មនុស្ស​ដែល​ខ្វាក់​ពី​មុន​នោះ មក​ជា​លើក​ទី​ពីរ ហើយ​ពោល​ទៅ​គាត់​ថា៖ «ចូរ​ថ្វាយ​សិរីល្អ​ដល់​ព្រះ យើង​ដឹង​ថា​អ្នក​នោះ​ជា​មនុស្ស​បាប​ទេ»។ គាត់​ឆ្លើយ​ថា៖ «លោក​នោះ​ជា​មនុស្ស​មាន​បាប ឬ​យ៉ាង​ណានោះ ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ម្យ៉ាង​គឺ​ថា ពី​ដើម​ខ្ញុំ​ខ្វាក់ តែ​ឥឡូវ​នេះ ខ្ញុំ​មើល​ឃើញ!»

អាន យ៉ូហាន 9