យ៉ូហាន 7:45-52

យ៉ូហាន 7:45-52 គកស១៦

កង​រក្សា​ព្រះវិហារ​ក៏​ត្រឡប់​ទៅ​រក​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​វិញ លោក​ទាំង​នោះ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មិន​ចាប់​អ្នក​នោះ​មក?» ពួក​កង​រក្សា​ព្រះវិហារ​ឆ្លើយ​ថា៖ «មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ»។ ដូច្នេះ ពួក​ផារិ‌ស៊ី​តប​ទៅ​វិញ​ថា៖ «អ្នក​រាល់​គ្នា​ក៏​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ? តើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ពួក​នាម៉ឺន ឬ​ក្នុង​ពួក​ផារិ‌ស៊ី ជឿ​ដល់​អ្នក​នោះ​ឬ​ទេ? បណ្តា‌ជន​ទាំង​នេះ មិន​ស្គាល់​ក្រឹត្យ‌វិន័យ​សោះ ដូច្នេះ គេ​នឹង​ត្រូវ​បណ្តាសា​ហើយ»។ លោក​នីកូ‌ដេម​ទៅ​រក​ព្រះ‌យេស៊ូវ​ទាំង​យប់ ដែល​ជា​ពួក​ផារិ‌ស៊ី​ដែរ មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «តើ​ក្រឹត្យ‌វិន័យ​របស់​យើង កាត់​ទោស​មនុស្ស​មុន​ពេល​ឮ​ចម្លើយ​ពី​អ្នក​នោះ ហើយ​មិន​បាន​ដឹង​ពី​អ្វី​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ជា​យ៉ាង​ណា​សិន​ទេ​ឬ?» គេ​ឆ្លើយ​តប​ថា៖ «តើ​លោក​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ? ចូរ​ពិចារណា​មើល​ចុះ មិន​ដែល​មាន​ហោរា​ណា កើត​មក​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។

អាន យ៉ូហាន 7