យ៉ូហាន 6:1-15

យ៉ូហាន 6:1-15 គកស១៦

ក្រោយ​មក ព្រះ‌យេស៊ូវ​យាង​ឆ្លង​ទៅ​ត្រើយ​ម្ខាង​នៃ​សមុទ្រ​កាលី‌ឡេ ដែល​ហៅ​ថា​សមុទ្រ​ទីបេ‌រាស។ មាន​បណ្តា​ជន​ជា​ច្រើន​តាម​ព្រះ‌អង្គ​ទៅ ព្រោះ​គេ​បាន​ឃើញ​ទី​សម្គាល់ ដែល​ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ។ ព្រះ‌យេស៊ូវ​បាន​យាង​ឡើង​ទៅ​លើ​ភ្នំ គង់​ជា​មួយ​ពួក​សិស្ស ពេលនោះ ថ្ងៃ​បុណ្យ​រំលង ជា​បុណ្យ​របស់​សាសន៍​យូដា ជិត​មក​ដល់​ហើយ។ ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ ឃើញ​មនុស្ស​កក‌កុញ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​នំបុ័ង​នៅ​ឯ​ណា​ឲ្យ​មនុស្ស​ទាំង​នេះ​បរិ‌ភោគ​បាន?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ល្បង​ល​គាត់ ព្រោះ​ព្រះ‌អង្គ​ជ្រាប​ថា​ត្រូវ​ធ្វើ​ដូច​ម្ដេច​ហើយ។ ភីលីព​ទូល​ឆ្លើយ​ថា៖ «ទោះ​បើ​ទិញ​នំបុ័ង​អស់​ប្រាក់​ពីរ​រយ​ដេណារី ក៏​មិន​គ្រប់​គ្នា​ដែរ សូម្បី​តែ​ម្នាក់​បន្តិច»។ មាន​សិស្ស​ម្នាក់ ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស ទូល​ព្រះ‌អង្គ​ថា៖ «នៅ​ទី​នេះ​មាន​ក្មេង​ប្រុស​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​ប្រាំ និង​ត្រី​តូចៗ​ពីរ ប៉ុន្តែ ដែល​មាន​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី បើ​មនុស្ស​ច្រើន​យ៉ាង​នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ចុះ​ទៅ»។ នៅ​ទី​នោះ មាន​ស្មៅ​ច្រើន ដូច្នេះ គេ​នាំ​គ្នា​អង្គុយ មាន​ចំនួន​ប្រហែល​ជា​ប្រាំ​ពាន់​នាក់។ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ។ រីឯ​ត្រី​វិញ ក៏​ធ្វើ​ដូច្នោះ​ដែរ តាម​តែ​គេ​ចង់​បាន។ ពេល​គេ​ឆ្អែត​គ្រប់​គ្នា​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ»។ គេ​ប្រមូល​ចំណិត​នំបុ័ង​ម្សៅ​ឱក ដែល​សល់​ពី​ប្រាំ​ដុំ ក្រោយ​ពី​បាន​បរិ‌ភោគ​ហើយ​នោះ បាន​ពេញ​ដប់ពីរ​កន្ត្រក។ ពេល​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌យេស៊ូវ​ធ្វើ គេ​និយាយ​ថា «លោក​នេះ​ប្រាកដ​ជា​ហោរា ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​មែន»។ ពេល​ព្រះ‌យេស៊ូវ​ជ្រាប​ថា គេ​បម្រុង​នឹង​ចាប់​ព្រះ‌អង្គ​ដោយ​កម្លាំង ដើម្បី​តាំង​ឡើង​ជា​ស្តេច ទ្រង់​ក៏​ចេញ​ពី​គេ​ឡើង​ទៅ​លើ​ភ្នំ តែ​មួយ​អង្គ​ឯង​ម្តង​ទៀត។

អាន យ៉ូហាន 6