យ៉ូហាន 5:1-21

យ៉ូហាន 5:1-21 គកស១៦

ក្រោយ​មក មាន​បុណ្យ​មួយ​របស់​សាសន៍​យូដា ហើយ​ព្រះ‌យេស៊ូវ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។ នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម មាន​ស្រះ​មួយ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែស‌ដា ស្រះ​នោះ​មាន​ថែវ​ប្រាំ។ មាន​មនុស្ស​ដេក​នៅ​ក្នុង​សាលា​ទាំង​នោះ​ជា​ច្រើន ខ្លះ​ឈឺ ខ្លះ​ខ្វាក់ ខ្លះ​ខ្វិន ខ្លះ​ស្វិត [គេ​រង់​ចាំ​ទឹក​កម្រើក​ឡើង ដ្បិត​មាន​ពេល​មួយ ទេវតា​នៃ​ព្រះ‌អម្ចាស់​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ ហើយ​អ្នក​ណា​ដែល​ចុះ​ទៅ​បាន​មុន​គេ​នឹង​ជា​ស្អាត ទោះ​បើ​មាន​ជំងឺ​អ្វី​ក៏​ដោយ។] នៅ​ទី​នោះ​មាន​បុរស​ម្នាក់ ដែល​ឈឺ​សាមសិប‌ប្រាំបី​ឆ្នាំ​មក​ហើយ កាល​ព្រះ‌យេស៊ូវ​ទត​ឃើញ​គាត់​ដេក​នៅ​ទី​នោះ ហើយ​ជ្រាប​ថា គាត់​ឈឺ​ដូច្នោះ​យូរ​មក​ហើយ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ជា​ឬ​ទេ?» អ្នក​ជំងឺ​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ ពេល​ណា​ដែល​ទឹក​កម្រើក​ឡើង គ្មាន​អ្នក​ណា​ដាក់​ខ្ញុំ​ទៅ​ក្នុង​ស្រះ​ទេ ហើយ​ពេល​ខ្ញុំ​កំពុង​ចុះ នោះ​មាន​ម្នាក់​ចុះ​ទៅ​មុន​ខ្ញុំ​រហូត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ក្រោក​ឡើង យក​កន្ទេល​របស់​អ្នក ហើយ​ដើរ​ទៅ»។ ស្រាប់​តែ​អ្នក​នោះ​បាន​ជា​ភ្លាម ហើយ​យក​កន្ទេល​របស់​ខ្លួន​ដើរ​ទៅ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ។ ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ទៅ​អ្នក​ដែល​បាន​ជា​នោះ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ អ្នក​គ្មាន​ច្បាប់​នឹង​លី​កន្ទេល​របស់​អ្នក​ទេ»។ គាត់​ឆ្លើយ​ទៅ​គេ​ថា៖ «លោក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា បង្គាប់​ថា "ចូរ​យក​កន្ទេល​របស់​អ្នក ហើយ​ដើរ​ទៅ"»។ គេ​សួរ​គាត់​ថា៖ «តើ​អ្នក​ណា​ប្រាប់​អ្នក​ថា "ចូរ​យក​កន្ទេល ហើយ​ដើរ​ទៅ" ដូច្នេះ?» តែ​អ្នក​ដែល​បាន​ជា មិន​ស្គាល់​ថា​អ្នក​ណា​ទេ ព្រោះ​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​បណ្តា‌ជន​ដែល​នៅ​ទី​នោះ​ផុត​ទៅ​ហើយ។ ក្រោយ​មក ព្រះ‌យេស៊ូវ​ឃើញ​គាត់​នៅ​ក្នុង​ព្រះ‌វិហារ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មើល៍ អ្នក​បាន​ជា​ហើយ កុំ​ធ្វើ​បាប​ទៀត ក្រែង​អ្នក​មាន​សេចក្តី​អាក្រក់​ជាង​មុន»។ អ្នក​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ពួក​សាសន៍​យូដា ឲ្យ​ដឹង​ថា គឺ​ព្រះ‌យេស៊ូវ​ដែល​ប្រោស​គាត់​ឲ្យ​ជា។ ហេតុ​នោះ​ហើយ​បាន​ជា​ពួក​សាសន៍​យូដា ចាប់​ផ្តើម​បៀត‌បៀន​ព្រះ‌យេស៊ូវ ព្រោះ​ព្រះ‌អង្គ​ធ្វើ​ការ​នៅ​ថ្ងៃ​សប្ប័ទ។ ប៉ុន្តែ ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​គេ​ថា៖ «ព្រះ‌វរបិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ»។ ដោយ​ហេតុ​នេះ ពួក​សាសន៍​យូដា​រក​សម្លាប់​ព្រះ‌អង្គ​រឹត​តែ​ខ្លាំង​ឡើង ព្រោះ​ព្រះ‌អង្គ​មិន​មែន​គ្រាន់​តែ​រំលង​ច្បាប់​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ហៅ​ព្រះ​ថា ជា​ព្រះ‌វរបិតា​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​លើក​អង្គ​ទ្រង់​ស្មើ​នឹង​ព្រះ​ទៀត​ផង។ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះ‌រាជ‌បុត្រា​ពុំ​អាច​ធ្វើ​អ្វី ដោយ​អង្គ​ទ្រង់​ផ្ទាល់​បាន​ឡើយ គឺ​ធ្វើ​តែ​កិច្ច‌ការ​ណា ដែល​ឃើញ​ព្រះ‌វរបិតា​ធ្វើ​ប៉ុណ្ណោះ ដ្បិត​កិច្ច‌ការ​អ្វី​ដែល​ព្រះ‌វរបិតា​ធ្វើ ព្រះ‌រាជ‌បុត្រា​ក៏​ធ្វើ​កិច្ច‌ការ​នោះ​ដែរ។ ដ្បិត​ព្រះ‌វរបិតា​ស្រឡាញ់​ព្រះ‌រាជ‌បុត្រា ហើយ​បង្ហាញ​ឲ្យ​ព្រះ‌រាជ‌បុត្រា​ឃើញ អស់​ទាំង​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​ធ្វើ ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ធំ​លើស​ជាង​កិច្ច‌ការ​ទាំង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​អស្ចារ្យ។ ដូច​ដែល​ព្រះ‌វរបិតា​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​យ៉ាង​ណា ព្រះ‌រាជ‌បុត្រា​ក៏​ប្រទាន​ជីវិត​ដល់​អ្នក​ណា ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​យ៉ាង​នោះ​ដែរ។

អាន យ៉ូហាន 5