យ៉ូហាន 4:7-29

យ៉ូហាន 4:7-29 គកស១៦

មាន​ស្ត្រី​សាសន៍​សា‌ម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង»។ (ដ្បិត​ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដើម្បី​ទិញ​អាហារ)។ ស្ត្រី​សាសន៍​សា‌ម៉ារី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ម្តេច​លោក​ជា​សាសន៍​យូដា​មក​សុំ​ទឹក​នាង​ខ្ញុំ ដែល​ជា​ស្រី​សាសន៍​សា‌ម៉ារី​ដូច្នេះ?» (សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សា‌ម៉ារី​ទេ)។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖ «ប្រសិន‌បើ​នាង​ស្គាល់​អំណោយ‌ទាន​របស់​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា "ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង" នោះ​នាង​នឹង​សុំ​ពី​អ្នក​នោះ​វិញ ហើយ​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់​ដល់​នាង»។ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! លោក​គ្មាន​អ្វី​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង តើ​លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក? តើ​លោក​ធំ​ជាង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​យើង​ដែល​បាន​ឲ្យ​អណ្តូង​នេះ​មក​យើង​ឬ? លោក​យ៉ាកុប កូន​ចៅ​របស់​លោក និង​ហ្វូង​សត្វ​របស់​លោក​ក៏​ផឹក​ទឹក​នេះ​ដែរ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ក្លាយ​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ឲ្យ​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច»។ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ឲ្យ​ទឹក​នោះ​មក​នាង​ខ្ញុំ​ផង កុំ​ឲ្យ​នាង​ខ្ញុំ​ស្រេក ហើយ​រវល់​តែ​មក​ដង​នៅ​ទី​នេះ​ទៀត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ចូរ​ទៅ​ហៅ​ប្តី​នាង​មក​ទី​នេះ»។ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្តី​ទេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ដែល​នាង​ថា "នាង​ខ្ញុំ​គ្មាន​ប្តី​ទេ" នោះ​ត្រូវ​ហើយ ដ្បិត​នាង​ធ្លាប់​មាន​ប្តី​ប្រាំ​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ មិន​មែន​ជា​ប្តី​នាង​ទេ នាង​និយាយ​នេះ​ត្រូវ​ហើយ!» ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ហោរា​ហើយ។ បុព្វ‌បុរស​របស់​យើង​ថ្វាយ​បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា កន្លែង​ដែល​មនុស្ស​ត្រូវ​ថ្វាយ​បង្គំ គឺ​នៅ​ក្រុង​យេរូ‌សាឡិម»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ពេល​វេលា​នោះ​មក​ដល់ហើយ ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ​បង្គំ​ព្រះ‌វរបិតា​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡិម​ទៀត​ឡើយ។ អ្នក​រាល់​គ្នា​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​ថ្វាយ​បង្គំ​អ្វី​ទេ តែ​យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដ្បិត​ការ​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា។ ប៉ុន្តែ ពេល​វេលា​នោះ នឹង​មក​ដល់ គឺ​ឥឡូវ​នេះ​ហើយ អ្នក​ថ្វាយ​បង្គំ​ពិត​ប្រាកដ នឹង​ថ្វាយ​បង្គំ​ព្រះ‌វរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត ព្រោះ​ព្រះ‌វរបិតា​ស្វែង​រក​អ្នក​ថ្វាយ​បង្គំ​ព្រះ‌អង្គ​យ៉ាង​នោះ​ឯង។ ព្រះ​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ព្រះ‌អង្គ ត្រូវ​តែ​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត»។ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ថា ព្រះ‌មែស្ស៊ី (ដែល​ហៅ​ថា​ព្រះ‌គ្រីស្ទ)​នឹង​យាង​មក ពេល​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​ប្រាប់​ឲ្យ​យើង​ដឹង​គ្រប់​ទាំង​អស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ ជា​អ្នក​ដែល​កំពុង​និយាយ​ជា​មួយ​នាង»។ ពេល​នោះ ពួក​សិស្ស​ព្រះ‌អង្គ​ក៏​មក​ដល់ គេ​នឹក​ប្លែក​ដោយ​ឃើញ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​ស្ត្រី​ដូច្នេះ តែ​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ថា ព្រះ‌អង្គ​សួរ​រក​អ្វី ឬ​ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​នាង​ឡើយ។ ស្ត្រី​នោះ​ទុក​ក្អម​ចោល ចូល​ទៅ​ក្នុង​ក្រុង ហើយ​ប្រាប់​គេ​ថា៖ «ចូរ​មក​មើល៍! មាន​បុរស​ម្នាក់​ប្រាប់​ខ្ញុំ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ​ឬ?»

អាន យ៉ូហាន 4