យ៉ូហាន 21:1-19

យ៉ូហាន 21:1-19 គកស១៦

ក្រោយ​មក ព្រះ‌យេស៊ូវ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​ពួក​សិស្ស​ឃើញ​ម្តង​ទៀត នៅ​មាត់​សមុទ្រ​ទីបេ‌រាស ហើយ​ព្រះ‌អង្គ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​គេ​ឃើញ​បែប​យ៉ាង​នេះ គឺ​ស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែល​ហៅ​ថា ឌីឌីម ណាថា‌ណែល ដែល​នៅ​ភូមិ​កាណា ស្រុក​កាលី‌ឡេ កូន​ទាំងពីរ​របស់​សេបេ‌ដេ និង​សិស្ស​របស់​ព្រះ‌អង្គ​ពីរ​នាក់​ទៀត​ដែល​នៅ​ជា​មួយ​គ្នា។ ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា៖ «ខ្ញុំ​ទៅ​នេសាទ​ត្រី​ហើយ» គេ​ឆ្លើយ​ទៅ​គាត់​ថា៖ «យើង​ទៅ​ជាមួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ តែ​យប់​នោះ​គេ​ចាប់​ត្រី​មិន​បាន​សោះ។ លុះ​ព្រលឹម​ឡើង ព្រះ‌យេស៊ូវ​ឈរ​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សិស្ស​មិន​ដឹង​ថា​ជា​ព្រះ‌យេស៊ូវ​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កូន​រាល់​គ្នា​អើយ អ្នក​រាល់​គ្នា​ចាប់​ត្រី​មិន​បាន​ទេ​ឬ?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «គ្មាន​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក​ចុះ អ្នក​នឹង​ចាប់​បាន​ត្រី​ខ្លះ​មិន​ខាន»។ ដូច្នេះ គេ​ក៏​ទម្លាក់​អួន តែ​គេ​មិន​អាច​ទាញ​អួន​មក​វិញ​បាន​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។ សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ និយាយ​ទៅ​កាន់​ពេត្រុស​ថា៖ «ព្រះ‌អម្ចាស់​ទេ​តើ!»។ កាល​ស៊ីម៉ូន-ពេត្រុស​ឮ​ថា​ព្រះ‌អម្ចាស់​ដូច្នេះ គាត់​ក៏​ពាក់​អាវ ព្រោះ​គាត់​នៅ​ខ្លួន​ទទេ រួច​លោត​ចុះ​ទៅ​ក្នុង​ទឹក។ ប៉ុន្តែ ពួក​សិស្ស​ឯ​ទៀត​នាំ​គ្នា​ចូល​ទូក​មក​មាត់​ច្រាំង ទាំង​ទាញ​អួន​ជាប់​ត្រី​ពេញ ដ្បិត​គេ​មិន​សូវ​នៅ​ឆ្ងាយ​ពី​គោក​ទេ គឺ​ប្រហែល​ជា​ពីររយ​ហត្ថ​ប៉ុណ្ណោះ។ ពេល​គេ​បាន​ឡើង​ទៅ​លើ​គោក​ហើយ គេ​ឃើញ​រងើក​ភ្លើង មាន​ទាំង​ត្រី​អាំង​នៅ​ពី​លើ និង​មាន​នំបុ័ង​ដែរ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​យក​ត្រី​ខ្លះ ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​ចាប់​នោះ​មក!»។ ដូច្នេះ ស៊ីម៉ូន-ពេត្រុស​ចុះ​ទៅ​ក្នុង​ទូក ទាញ​អួន​ដាក់​លើ​គោក បាន​ត្រី​ធំៗ​មួយ​រយ​ហា‌សិប​បី ហើយ​ទោះ​បើ​មាន​ត្រី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​អួន​មិន​ធ្លាយ​ដែរ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ហៅ​គេ​ថា៖ «ចូរ​មក​ពិសា​សិន» ប៉ុន្តែ គ្មាន​សិស្ស​ណា​មួយ​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ថា «តើ​អ្នក​ជា​នរណា?» ទេ ព្រោះ​គេ​ដឹង​ថា​ជា​ព្រះ‌អម្ចាស់​ហើយ។ ព្រះ‌យេស៊ូវ​ក៏​យាង​មក យក​នំបុ័ង និង​ត្រី ប្រទាន​ដល់​គេ។ នេះ​ជា​លើក​ទី​បី​ហើយ ដែល​ព្រះ‌យេស៊ូវ​លេច​មក​ឲ្យ​ពួក​សិស្ស​ឃើញ បន្ទាប់​ពី​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ ពេល​គេ​បរិ‌ភោគ​រួច​ហើយ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន‌-ពេត្រុស​ថា៖ «ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​អ្នក​ទាំង​នេះ​ឬ​ទេ?» គាត់​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ចំណី​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» គាត់​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​ស្រឡាញ់​ខ្ញុំ​មែន​ឬ​ទេ?» ពេត្រុស​មាន​ចិត្ត​ព្រួយ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា «តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ព្រះ‌អង្គ​ជ្រាប​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ចំណី​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ក្មេង​នៅ​ឡើយ អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​ដើរ​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះ​ពេល​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​នឹង​ក្រវាត់​ចង្កេះ​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ទៀត»។ (ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ដូច្នេះ បង្ហាញ​ពី​បែប​យ៉ាង​ណា​ដែល​គាត់​ត្រូវ​ស្លាប់ ដើម្បី​លើក​តម្កើង​ព្រះ)។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ​ចុះ!»។

អាន យ៉ូហាន 21