នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ កាលនៅងងឹតនៅឡើយ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា បានទៅឯផ្នូរតាំងពីព្រលឹម ហើយឃើញថា មានគេយកថ្មចេញពីមាត់ផ្នូររួចទៅហើយ។ នាងរត់ទៅប្រាប់ស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះអង្គស្រឡាញ់ថា៖ «គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងថាគេទៅទុកឯណាទេ»។ ពេត្រុស និងសិស្សម្នាក់ទៀត ក៏ចេញទៅឯផ្នូរ។ អ្នកទាំងពីររត់ទៅជាមួយគ្នា តែសិស្សម្នាក់នោះរត់លឿនជាងពេត្រុស ហើយទៅដល់ផ្នូរមុន។ គាត់ឱនមើល ឃើញមានតែសំពត់ស្នបនៅទីនោះ តែគាត់មិនបានចូលទេ។ ពេលនោះ ស៊ីម៉ូន-ពេត្រុសដែលរត់មកតាមក្រោយ ក៏មកដល់ គាត់ចូលទៅក្នុងផ្នូរ ឃើញសំពត់ស្នបនៅទីនោះ ហើយក្រណាត់ដែលគ្របព្រះសិរព្រះអង្គ មិននៅជាមួយសំពត់ស្នបទេ គឺបានបត់ដាក់នៅដោយឡែកវិញ។ សិស្សដែលមកដល់ផ្នូរមុន ក៏ចូលទៅដែរ គាត់បានឃើញ ហើយជឿ ដ្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយ ដែលថា ព្រះអង្គត្រូវរស់ពីស្លាប់ឡើងវិញ។ បន្ទាប់មក សិស្សទាំងពីរក៏ត្រឡប់ទៅផ្ទះរបស់គេវិញ។ ប៉ុន្ដែ នាងម៉ារាឈរយំនៅខាងក្រៅផ្នូរ ហើយពេលដែលនាងយំ នាងឱនមើលទៅក្នុងផ្នូរ ឃើញទេវតាពីររូប ស្លៀកពាក់ស អង្គុយត្រង់កន្លែងដែលបានផ្តេកព្រះសពព្រះយេស៊ូវ មួយខាងព្រះសិរ មួយខាងចុងព្រះបាទ។ ទេវតានោះសួរថា៖ «នាងអើយ ហេតុអ្វីបានជាយំ?» នាងឆ្លើយថា៖ «គេបានយកព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ហើយ មិនដឹងជាគេយកព្រះអង្គទៅទុកឯណាទេ»។ នាងនិយាយដូច្នោះហើយ ក៏បែរទៅក្រោយ ឃើញព្រះយេស៊ូវឈរ តែនាងមិនដឹងថាជាព្រះយេស៊ូវទេ។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «នាងអើយ ហេតុអ្វីបានជាយំ? នាងរកអ្នកណា?» នាងស្មានថាជាអ្នកថែរសួន នាងសួរព្រះអង្គថា៖ «លោកម្ចាស់ បើលោកបានយកព្រះសពចេញទៅ សូមប្រាប់នាងខ្ញុំឲ្យដឹងផង លោកទុកនៅឯណា នាងខ្ញុំនឹងទៅយក»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ម៉ារាអើយ!» នាងក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គ ជាភាសាហេព្រើរថា៖ «រ៉ាបូនី» (ដែលស្រាយថា លោកគ្រូ)។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅប្រាប់ពួកបងប្អូនខ្ញុំថា "ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ"»។ នាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា៖ «ខ្ញុំបានឃើញព្រះអម្ចាស់» ហើយនាងប្រាប់គេថា ព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនេះមកនាង។ នៅល្ងាចថ្ងៃនោះ គឺជាថ្ងៃទីមួយក្នុងសប្ដាហ៍ កន្លែងដែលពួកសិស្សប្រជុំគ្នាបានខ្ទាស់ទ្វារជិត ដោយព្រោះខ្លាចសាសន៍យូដា ព្រះយេស៊ូវយាងមកឈរនៅកណ្តាលពួកគេ មានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏បង្ហាញព្រះហស្ត និងឆ្អឹងជំនីរឲ្យគេឃើញ។ ពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ខ្ញុំឲ្យមកដែរ»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គផ្លុំលើពួកគេ ហើយមានព្រះបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ។ បើអ្នករាល់គ្នាអត់ទោសបាបឲ្យអ្នកណា នោះគេនឹងទទួលបានការអត់ទោស តែបើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា ទោសរបស់អ្នកនោះនឹងនៅជាប់»។ ថូម៉ាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ (ដែលគេហៅថា ឌីឌីម) គាត់មិននៅជាមួយ ក្នុងពេលដែលព្រះយេស៊ូវយាងមកនោះទេ។ ដូច្នេះ ពួកសិស្សផ្សេងទៀតប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់» តែគាត់ឆ្លើយថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅព្រះហស្តព្រះអង្គ ទាំងលូកម្រាមដៃទៅក្នុងស្នាមដែកគោល ហើយលូកដៃខ្ញុំទៅត្រង់ឆ្អឹងជំនីរព្រះអង្គ នោះខ្ញុំមិនជឿទេ»។ ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គនៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះ ព្រះយេស៊ូវយាងមក ឈរកណ្តាលពួកគេ ទាំងទ្វារនៅបិទ ហើយទ្រង់មានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!» បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅថូម៉ាសថា៖ «ចូរលូកម្រាមដៃអ្នក ស្ទាបមើលដៃខ្ញុំនេះ ហើយលូកដៃមកត្រង់ឆ្អឹងជំនីរខ្ញុំ កុំមានចិត្តរឹងរូសមិនព្រមជឿដូច្នេះ ចូរជឿទៅ!»។ ថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់របស់ទូលបង្គំ ទ្រង់ពិតជាព្រះរបស់ទូលបង្គំមែន!» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿដោយឥតឃើញសោះ!»។
អាន យ៉ូហាន 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 20:1-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ