យ៉ូហាន 20:1-23

យ៉ូហាន 20:1-23 គកស១៦

នៅ​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍​នោះ កាល​នៅ​ងងឹត​នៅ​ឡើយ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា បាន​ទៅ​ឯ​ផ្នូរ​តាំង​ពីព្រលឹម ហើយ​ឃើញ​ថា មាន​គេ​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​រួច​ទៅហើយ។ នាង​រត់​ទៅ​ប្រាប់​ស៊ីម៉ូន-ពេត្រុស និង​សិស្ស​ម្នាក់​ទៀត​ដែល​ព្រះ‌អង្គ​ស្រឡាញ់​ថា៖ «គេ​បាន​យក​ព្រះ‌អម្ចាស់​ចេញ​ពី​ផ្នូរ​ហើយ យើង​ខ្ញុំ​មិន​ដឹង​ថា​គេ​ទៅ​ទុក​ឯ​ណា​ទេ»។ ពេត្រុស និង​សិស្ស​ម្នាក់​ទៀត ក៏​ចេញ​ទៅ​ឯ​ផ្នូរ។ អ្នក​ទាំង​ពីរ​រត់​ទៅ​ជា​មួយ​គ្នា តែ​សិស្ស​ម្នាក់​នោះ​រត់​លឿន​ជាង​ពេត្រុស ហើយ​ទៅ​ដល់​ផ្នូរ​មុន។ គាត់​ឱន​មើល ឃើញ​មាន​តែ​សំពត់​ស្នប​នៅ​ទី​នោះ តែ​គាត់​មិន​បាន​ចូល​ទេ។ ពេល​នោះ ស៊ីម៉ូន-ពេត្រុស​ដែល​រត់​មក​តាម​ក្រោយ ក៏​មក​ដល់ គាត់​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​សំពត់​ស្នប​នៅ​ទី​នោះ ហើយ​ក្រណាត់​ដែល​គ្រប​ព្រះ‌សិរ​ព្រះ‌អង្គ មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ គឺ​បាន​បត់​ដាក់​នៅ​ដោយ​ឡែក​វិញ។ សិស្ស​ដែល​មក​ដល់​ផ្នូរ​មុន ក៏​ចូល​ទៅ​ដែរ គាត់​បាន​ឃើញ ហើយ​ជឿ ដ្បិត​គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ព្រះ‌អង្គ​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ។ បន្ទាប់​មក សិស្ស​ទាំង​ពីរ​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​វិញ។ ប៉ុន្ដែ នាង​ម៉ារា​ឈរ​យំ​នៅ​ខាង​ក្រៅ​ផ្នូរ ហើយ​ពេល​ដែល​នាង​យំ នាង​ឱន​មើល​ទៅ​ក្នុង​ផ្នូរ ឃើញ​ទេវតា​ពីរ​រូប ស្លៀក​ពាក់​ស អង្គុយ​ត្រង់​កន្លែង​ដែល​បាន​ផ្តេក​ព្រះ‌សព​ព្រះ‌យេស៊ូវ មួយ​ខាង​ព្រះ​សិរ មួយ​ខាង​ចុង​ព្រះ​បាទ។ ទេវតា​នោះ​សួរ​ថា៖ «នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ?» នាង​ឆ្លើយ​ថា៖ «គេ​បាន​យក​ព្រះ‌អម្ចាស់​របស់​នាង​ខ្ញុំ​ទៅ​បាត់​ហើយ មិន​ដឹង​ជា​គេ​យក​ព្រះ‌អង្គ​ទៅ​ទុក​ឯ​ណា​ទេ»។ នាង​និយាយ​ដូច្នោះ​ហើយ ក៏​បែរ​ទៅ​ក្រោយ ឃើញ​ព្រះ‌យេស៊ូវ​ឈរ តែ​នាង​មិន​ដឹង​ថា​ជា​ព្រះ‌យេស៊ូវ​ទេ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ? នាង​រក​អ្នក​ណា?» នាង​ស្មាន​ថា​ជា​អ្នក​ថែរ​សួន នាងសួរ​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ បើ​លោក​បាន​យក​ព្រះ‌សព​ចេញ​ទៅ សូម​ប្រាប់​នាង​ខ្ញុំ​ឲ្យ​ដឹង​ផង លោក​ទុក​នៅ​ឯ​ណា នាង​ខ្ញុំ​នឹង​ទៅ​យក»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ម៉ារា​អើយ!» នាង​ក៏​បែរ​ទៅ​រក​ព្រះ‌អង្គ ហើយ​ទូល​ព្រះ‌អង្គ ជា​ភាសា​ហេព្រើរ​ថា៖ «រ៉ា‌បូ‌នី» (ដែល​ស្រាយ​ថា លោក​គ្រូ)។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះ‌វរបិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ប្រាប់​ពួក​បង‌ប្អូន​ខ្ញុំ​ថា "ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ‌វរបិតា​ខ្ញុំ ជា​ព្រះ‌វរបិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ"»។ នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ‌អម្ចាស់» ហើយ​នាង​ប្រាប់​គេ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​មក​នាង។ នៅ​ល្ងាច​ថ្ងៃ​នោះ គឺ​ជា​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍ កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា​បាន​ខ្ទាស់​ទ្វារ​ជិត ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា ព្រះ‌យេស៊ូវ​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​គេ មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត»។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះ‌អង្គ​ក៏​បង្ហាញ​ព្រះ‌ហស្ត និង​ឆ្អឹង​ជំនីរ​ឲ្យ​គេ​ឃើញ។ ពួក​សិស្ស​មាន​ចិត្ត​ត្រេក​អរ ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះ‌វរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះ‌អង្គ​ផ្លុំ​លើ​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ។ បើ​អ្នក​រាល់​គ្នា​អត់​ទោស​បាប​ឲ្យ​អ្នក​ណា នោះ​គេ​នឹង​ទទួល​បាន​ការ​អត់​ទោស តែ​បើ​អ្នក​រាល់​គ្នា​ប្រកាន់​ទោស​អ្នក​ណា ទោស​របស់​អ្នក​នោះ​នឹង​នៅ​ជាប់»។

អាន យ៉ូហាន 20

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 20:1-23