យ៉ូហាន 19:17-30

យ៉ូហាន 19:17-30 គកស១៦

ព្រះ‌យេស៊ូវ​យាង​ចេញ​ទៅ​ទាំង​លី​ឈើ​ឆ្កាង ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា «ភ្នំ​លលាដ៍​ក្បាល» ដែល​ភាសា​ហេព្រើរ​ឈ្មោះ​ថា «គាល់‌កូថា»។ គេ​ក៏​ឆ្កាង​ព្រះ‌អង្គ​នៅ​ទី​នោះ ជា​មួយ​មនុស្ស​ពីរ​នាក់​ទៀត​នៅ​សង​ខាង​ព្រះ‌អង្គ ហើយ​ព្រះ‌យេស៊ូវ​នៅ​កណ្តាល។ លោក​ពីឡាត់​បិទ​ប្រកាស​មួយ​នៅ​លើ​ឈើ​ឆ្កាង​ថា «យេស៊ូវ​អ្នក​ស្រុក​ណា‌សារ៉ែត ស្តេច​នៃ​សាសន៍​យូដា»។ មាន​សាសន៍​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌យេស៊ូវ​នោះ​នៅ​ជិត​ទី​ក្រុង ហើយ​ប្រកាស​នោះ គេ​សរសេរ​ជា​ភាសា​ហេព្រើរ ឡាតាំង និង​ក្រិក។ ពេល​នោះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា ជម្រាប​លោក​ពីឡាត់​ថា៖ «សូម​លោក​កុំ​សរសេរ​ថា "ស្តេច​នៃ​សាសន៍​យូដា" ដូច្នេះ សូម​សរសេរ​ថា "អ្នក​នេះ​និយាយ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា"»។ លោក​ពីឡាត់​ឆ្លើយ​ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​សរសេរ ខ្ញុំ​សរសេរ​រួច​ហើយ»។ កាល​ដែល​ពួក​ទាហាន​បាន​ឆ្កាង​ព្រះ‌យេស៊ូវ​រួច​ហើយ គេ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ចែក​ជា​បួន​ចំណែក ឲ្យ​ម្នាក់ៗ​បាន​មួយ​ចំណែក គេ​ក៏​យក​អាវ​វែង​ព្រះ‌អង្គ​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​ក្រណាត់​តែ​មួយ​ផ្ទាំង ពី​លើ​ដល់​ក្រោម​គ្មាន​ថ្នេរ​សោះ។ ដូច្នេះ គេ​និយាយ​គ្នា​ថា៖ «កុំ​ហែក​អាវ​នេះ​អី សូម​យើង​ចាប់​ឆ្នោត​វិញ ដើម្បី​ឲ្យ​ដឹង​ថា​បាន​ទៅ​លើ​អ្នក​ណា»។ នេះ​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ទុក​មក​ថា «គេ​បាន​យក​សម្លៀក​បំពាក់​ទូល​បង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូល​បង្គំ គេ​យក​ដោយ​ចាប់​ឆ្នោត» ពួក​ទាហាន​ក៏​ធ្វើ​ដូច្នោះ។ ពេល​នោះ មាតា​ព្រះ‌យេស៊ូវ ប្អូន​ស្រី​មាតា​ព្រះ‌អង្គ នាង​ម៉ារា ជា​ប្រពន្ធ​ក្លូប៉ាស និង​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ឈរ​នៅ​ជិត​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។ កាល​ព្រះ‌យេស៊ូវ​ឃើញ​មាតា​ព្រះ‌អង្គ និង​សិស្ស​ម្នាក់​ដែល​ព្រះ‌អង្គ​ស្រឡាញ់ កំពុង​ឈរ​នៅ​ទី​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «មាតា​អើយ ន៎ុះន៏ កូន​របស់​មាតា»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​នោះ​ថា៖ «នេះ​ហើយ ម្តាយ​របស់​អ្នក»។ តាំង​ពី​នោះ​មក សិស្ស​នោះ​ក៏​យក​គាត់​ទៅ​នៅ​ជា​មួយ។ បន្ទាប់​មក ព្រះ‌យេស៊ូវ​ជ្រាប​ថា ការ​ទាំង​អស់​បាន​សម្រេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក​ណាស់» ។ នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹក​ខ្មេះ​ពេញ គេ​ក៏​យក​សារាយ​ស្ងួត​ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ត្រែង ហុច​ទៅ​ដល់​ព្រះ‌ឱស្ឋ​ព្រះ‌អង្គ។ កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​ទឹក​ខ្មេះ​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ច‌ការ​ចប់​សព្វ​គ្រប់​ហើយ» រួច​ព្រះ‌អង្គ​ក៏​ឱន​ព្រះ‌សិរ​ប្រគល់​វិញ្ញាណ​ព្រះ‌អង្គ​ទៅ។

អាន យ៉ូហាន 19