យ៉ូហាន 14:15-26

យ៉ូហាន 14:15-26 គកស១៦

«បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះ‌វរបិតា ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ព្រះ​ជា​ជំនួយ​មួយ​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ​ជា​រៀង​រហូត គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​លោកីយ៍​ទទួល​មិន​បាន ព្រោះ​មិន​ឃើញ ក៏​មិន​ស្គាល់​ព្រះ‌អង្គ​ផង តែ​អ្នក​រាល់​គ្នា​ស្គាល់ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ ហើយ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា។ ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។ បន្តិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​រស់ អ្នក​រាល់​គ្នា​ក៏​នឹង​រស់​ដែរ។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​អ្នក​រាល់​គ្នា។ អ្នក​ណា​ដែល​មាន​បទ‌បញ្ជា​របស់​ខ្ញុំ ហើយ​ធ្វើ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ព្រះ‌វរបិតា​ខ្ញុំ​ស្រឡាញ់​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ ក៏​នឹង​សម្តែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ទៀត​ផង»។ យូដាស (មិន​មែន​អ៊ីស្កា‌រីយ៉ុត) ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​សម្តែង​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ តែ​មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង​ដូច្នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ ព្រះ‌វរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​រក​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ​ជា​មួយ​អ្នក​នោះ​ដែរ។ អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ឡើយ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ នោះ​មិន​មែន​ជា​ពាក្យរបស់​ខ្ញុំទេ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌វរបិតា ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះវិញ។ ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ។ ប៉ុន្តែ ព្រះ​ដ៏​ជា​ជំនួយ គឺ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ‌វរបិតា​នឹង​ចាត់​មក​ក្នុង​នាម​ខ្ញុំ ទ្រង់​នឹង​បង្រៀន​សេចក្ដី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ហើយ​រំឭក​អស់ទាំង​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ផង។

អាន យ៉ូហាន 14

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 14:15-26