យ៉ូហាន 12:20-50

យ៉ូហាន 12:20-50 គកស១៦

ក្នុង​ចំណោម​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ​បង្គំ​នៅ​ពេល​បុណ្យ​នោះ ក៏​មាន​សាសន៍​ក្រិក​ខ្លះ​ដែរ។ គេ​មក​រក​ភីលីព ដែល​មក​ពី​ភូមិ​បេត‌សៃដា ស្រុក​កាលី‌ឡេ ហើយ​ពោល​ទៅ​គាត់​ថា៖ «លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ‌យេស៊ូវ»។ ភីលីព​ទៅ​ប្រាប់​អន‌ទ្រេ បន្ទាប់​មក អន‌ទ្រេ និង​ភីលីព​ទៅ​ទូល​ព្រះ‌យេស៊ូវ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ពេល​កំណត់​ដែល​កូន​មនុស្ស​ត្រូវ​បាន​លើក​តម្កើង បាន​មក​ដល់​ហើយ។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​នៅ​វា​តែ​មួយ​ដដែល តែ​បើ​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ជា​ច្រើន។ អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​ពិភព​លោក​នេះ នឹង​រក្សា​ជីវិត​ទុក​ឲ្យ​ស្ថិតស្ថេរ​នៅ​រហូត​អស់​កល្ប​ជានិច្ច។ អ្នក​ណា​បម្រើ​ខ្ញុំ ត្រូវ​មក​តាម​ខ្ញុំ ទោះ​បី​ខ្ញុំ​នៅ​ឯ​ណា អ្នក​បម្រើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌វរបិតា​នឹង​លើក​មុខ​អ្នក​នោះ»។ «ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់​ប្រមល់​ខ្លាំង​ណាស់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច? ឱ​ព្រះ‌វរបិតា​អើយ សូម​សង្គ្រោះ​ទូល​បង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ នេះ​ជា​ហេតុ​ដែល​ទូល​បង្គំ​ត្រូវ​មក​នៅ​ពេល​នេះ។ ឱ​ព្រះ‌វរបិតា​អើយ សូម​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ឡើង »។ ពេល​នោះ ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «យើង​បាន​តម្កើង​ឡើង​ហើយ ក៏​នឹង​តម្កើង​ឡើង​ទៀត​ដែរ»។ បណ្តា​ជន​ដែល​ឈរ​នៅ​ទី​នោះ​បាន​ឮ ហើយ​និយាយ​ថា នេះ​ជា​សំឡេង​ផ្គរ​លាន់។ ខ្លះ​ទៀត​ថា «ទេវតា​និយាយ​មក​កាន់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «សំឡេង​នេះ​បន្លឺ​ឡើង​សម្រាប់​អ្នក​រាល់​គ្នា មិន​មែន​សម្រាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ ជា​ពេល​កាត់​ទោស​ពិភព​លោក​នេះ​ហើយ ហើយ​ចៅ‌ហ្វាយ​របស់​ពិភព​លោក​នេះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ។ ឯ​ខ្ញុំ ប្រសិន‌បើ​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​បង្ហាញពី​ព្រះ‌អង្គ​ត្រូវ​សុគត​ជា​យ៉ាង​ណា។ ពួក​បណ្តាជន​ទូល​ឆ្លើយ​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​ក្នុង​ក្រឹត្យ‌វិន័យ​ថា ព្រះ‌គ្រីស្ទ​គង់​នៅ​អស់​កល្ប​ជា‌និច្ច ចុះ​ម្តេច​បាន​ជា​ថា កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ? តើ​អ្នក​ណា​ជា​កូន​មនុស្ស?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពន្លឺ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ។ ចូរ​ដើរ​ក្នុង​ពេល​ដែល​នៅ​មាន​ពន្លឺ ក្រែង​លោ​សេចក្តី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់។ អ្នក​ណា​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត មិន​ដឹង​ថា​ខ្លួន​ទៅ​ទី​ណា​ទេ។ កាល​អ្នក​រាល់គ្នា​នៅ​មាន​ពន្លឺ​នៅ​ឡើយ ចូរ​ជឿ​ដល់​ពន្លឺ​ចុះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​នៃ​ពន្លឺ»។ កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ ដោយ​កំបាំង​ពី​គេ។ ទោះ​បើ​ព្រះ‌អង្គ​បាន​ធ្វើ​ទី​សម្គាល់ជា​ច្រើន នៅ​មុខ​គេ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ជឿ​ដល់​ព្រះ‌អង្គ​ដដែល ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​ហោរា​អេសាយ ដែល​ទាយ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​បាន​ជឿ​សេចក្តី​ដែល​យើង​ខ្ញុំ​ប្រាប់ ហើយ​តើ​ព្រះ‌ហស្ត​ព្រះ‌អម្ចាស់ បាន​បើក​សម្តែង​ឲ្យ​អ្នក​ណា​ឃើញ?» ដូច្នេះ បាន​ជា​គេ​ពុំ​អាច​ជឿ​បាន ព្រោះ​លោក​អេសាយ​ក៏​បាន​ទាយ​ដូច្នេះ​ដែរ​ថា៖ «ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ឲ្យ​ចិត្ត​គេ​រឹង ក្រែង​គេ​អាច​មើល​ឃើញនឹង​ភ្នែក ហើយចិត្ត​របស់​គេ​យល់ រួច​គេ​ងាក​បែរ ដើម្បី​ឲ្យ​យើង​បាន​ប្រោស​គេឲ្យ​ជា» ។ លោក​អេសាយ​ថ្លែង​ដូច្នេះ ព្រោះ​លោក​បាន​ឃើញ​សិរី‌ល្អ​ព្រះ‌អង្គ ហើយ​ក៏​ថ្លែង​ពី​ព្រះ‌អង្គ។ ក្នុង​ចំណោម​ពួក​នាម៉ឺន មាន​ច្រើន​នាក់​បាន​ជឿ​ដល់​ព្រះ‌អង្គ តែ​គេ​មិន​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ផារិ‌ស៊ី​កាត់​ពួក​គេ​ចេញ​ពី​សាលា​ប្រជុំ ពួក​គេ​ចូល​ចិត្ត​ពាក្យ​សរសើរ​ពី​មនុស្ស ជា​ជាង​ពាក្យ​សរសើរ​ពី​ព្រះ។ ព្រះ‌យេស៊ូវ​បន្លឺ​ព្រះ​សូរសៀង​ខ្លាំង​ៗ​ថា៖ «អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មិន​មែន​ជឿ​ដល់​ខ្ញុំ​តែ​ប៉ុណ្ណោះ​ទេ គឺ​ជឿ​ដល់​ព្រះ‌អង្គដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ។ អ្នក​ណា​ដែល​ឃើញ​ខ្ញុំ អ្នក​នោះ​ក៏​ឃើញ​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ។ ខ្ញុំ​បាន​មក​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នៅ​ជាប់​នៅ​ក្នុង​សេចក្តី​ងងឹត។ បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ ហើយ​មិន​ប្រព្រឹត្ត​តាម ខ្ញុំ​មិន​កាត់​ទោស​អ្នក​នោះ​ឡើយ ដ្បិត​ខ្ញុំ​មក មិន​មែន​ដើម្បី​កាត់​ទោស​មនុស្ស​លោក​ទេ គឺ​មក​សង្គ្រោះ​មនុស្ស​លោក​វិញ។ អ្នក​ណា​ដែល​បដិសេធ ហើយ​មិន​ទទួល​ពាក្យ​ខ្ញុំ អ្នក​នោះ​មាន​ចៅ​ក្រម​ដែល​កាត់​ទោស​ហើយ គឺ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នឹង​កាត់​ទោស​គេ នៅ​ថ្ងៃ​ចុង​បំផុត។ ដ្បិត​ខ្ញុំ​មិន​បាន​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​បាន​បង្គាប់​ខ្ញុំ ពី​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​និយាយ ហើយ​ពី​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​ដែរ។ ខ្ញុំ​ដឹង​ថា សេចក្តី​ដែល​ព្រះ‌អង្គ​បង្គាប់​មក​នោះ ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ដូច្នេះ អ្វី​ដែល​ខ្ញុំ​និយាយ ខ្ញុំ​និយាយ​តាម​តែ​ព្រះ‌វរបិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។

អាន យ៉ូហាន 12

វីដេអូសម្រាប់ យ៉ូហាន 12:20-50