យ៉ូហាន 11:38-44

យ៉ូហាន 11:38-44 គកស១៦

ពេល​នោះ ព្រះ‌យេស៊ូវ​រំជួល​ព្រះ‌ហឫ‌ទ័យ​ម្តង​ទៀត រួច​យាង​ទៅ​ឯ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ មាន​ថ្ម​មួយ​បិទ​សន្ធប់។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​ថ្ម​ចេញ» តែ​ម៉ាថា ជា​បង​ស្រី​របស់​សព ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សព​នេះ​ធុំ​ក្លិន​អាក្រក់ ព្រោះ​ស្លាប់​បួន​ថ្ងៃ​មក​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា ប្រសិន‌បើ​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី​ល្អ​នៃ​ព្រះ​ទេ​ឬ?» ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ ទូល​បង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ។ ទូល​បង្គំ​ដឹង​ថា ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ​ជា‌និច្ច តែ​ដែល​ទូល​បង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​ជន​ដែល​ឈរ​នៅ​ទី​នេះ ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក​មែន»។ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ទ្រង់​បន្លឺ​ព្រះ​សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «ឡាសារ​អើយ ចេញ​មក!» អ្នក​ដែល​បាន​ស្លាប់​នោះ​ក៏​ចេញ​មក ទាំង​មាន​សំពត់​ស្នប​រុំ​ជាប់​នៅ​ដៃ​ជើង ហើយ​មាន​កន្សែង​គ្រប​មុខ​ផង ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្រាយ​ក្រណាត់​គាត់​ចេញ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។

អាន យ៉ូហាន 11

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 11:38-44