យ៉ូហាន 11:1-16

យ៉ូហាន 11:1-16 គកស១៦

មាន​បុរស​ម្នាក់ ឈ្មោះ​ឡាសារ ដែល​មាន​ជំងឺ គាត់​នៅ​ភូមិ​បេ‌ថានី​ជា​មួយ​បង​ស្រី​គាត់ គឺ​ម៉ារា និង​ម៉ាថា។ នាង​ម៉ារា ជា​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លាប​ព្រះ‌អម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះ‌បាទ​ព្រះ‌អង្គ គឺ​នាង​ជា​បង​ស្រី​របស់​ឡាសារ ដែល​ឈឺ​នោះ។ បង‌ប្អូន​ស្រី​ពីរ​នាក់​នោះ បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ មើល៍! អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​កំពុង​មាន​ជំងឺ»។ ប៉ុន្តែ ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សម្រាប់​ជាសិរី​ល្អ​ដល់​ព្រះ ដើម្បី​លើក​តម្កើង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដោយ​សារ​ជំងឺ​នេះ​វិញ»។ ព្រះ‌យេស៊ូវ​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​ឡាសារ​ណាស់។ ក្រោយ​ពី​បាន​ជ្រាប​ថា​គាត់​ឈឺ ព្រះ‌អង្គ​ក៏​គង់​នៅ​កន្លែង​នោះ​ពីរ​ថ្ងៃ​ទៀត។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី ពួក​សាសន៍​យូដា​ទើប​នឹង​រក​គប់​លោក​នឹង​ដុំថ្ម​ថ្មីៗ​នេះ​សោះ តែ​លោក​ចង់​ទៅ​ទី​នោះ​ទៀត​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នៅ​ពេល​ថ្ងៃ តើ​មិន​មាន​ដប់ពីរ​ម៉ោង​ទេ​ឬ? បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ឡើយ ព្រោះ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។ ប៉ុន្តែ បើ​អ្នក​ណា​ដើរ​នៅ​ពេល​យប់​វិញ អ្នក​នោះ​ជំពប់​ជើង​ហើយ ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​សោះ»។ បន្ទាប់​ពី​មាន​ព្រះ‌បន្ទូល​ពី​សេចក្ដី​ទាំង​នេះ​ហើយព្រះ‌អង្គ​ប្រាប់​គេ​ថា៖ «ឡាសារ ជា​សម្លាញ់​យើង បាន​ដេក​លក់ទៅ​ហើយ តែ​ខ្ញុំ​នឹង​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​គាត់​ដេក​លក់ នោះ​គាត់​នឹង​បាន​ជា​វិញ​មិន​ខាន»។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ពី​គាត់​ស្លាប់​ទេ តែ​គេ​ស្មាន​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំពី​គាត់​គ្រាន់​តែ​ដេក​លក់​ធម្មតា។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ហើយ តែ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា ខ្ញុំ​សប្បាយ​ដែល​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ តែ​ឥឡូវ​នេះ ចូរ​យើង​នាំ​គ្នា​ទៅ​ផ្ទះ​គាត់»។ ថូម៉ាស​ដែល​ហៅ​ថា ឌីឌីម ពោល​ទៅ​ពួក​សិស្ស​ជា​គូ​កន​គាត់​ថា៖ «មក! យើង​នាំ​គ្នា​ទៅ​ដែរ ដើម្បី​ប្តូរ​ស្លាប់​ជា​មួយ​ព្រះ‌អង្គ»។

អាន យ៉ូហាន 11