យ៉ូហាន 10:22-42

យ៉ូហាន 10:22-42 គកស១៦

ពេល​នោះ ជា​រដូវ​រងា ហើយ​គេ​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លងនៅ​ក្រុង​យេរូ‌សាឡិម ព្រះ‌យេស៊ូវ​យាង​ចុះ​ឡើង​ក្នុង​ព្រះ‌វិហារ ត្រង់​ថែវ​ព្រះ​បាទ​សាឡូ‌ម៉ូន។ ដូច្នេះ​ពួក​សាសន៍​យូដា​ចោម​រោម​ព្រះ‌អង្គ ហើយ​ទូល​សួរ​ថា៖ «តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត? បើ​លោក​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ច្បាស់​មក»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ជឿ កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ ក្នុង​នាម​ព្រះ‌វរបិតា​ខ្ញុំ កិច្ច‌ការ​នោះ​ឯង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ជឿ ព្រោះ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​ទេ។ ចៀម​របស់​ខ្ញុំ​តែង​ស្តាប់​សំឡេង​ខ្ញុំ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ​ដែរ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ។ ខ្ញុំ​ឲ្យ​គេ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​វិនាស​ឡើយ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​បាន​ដែរ។ ព្រះ‌វរបិតា​ខ្ញុំ ដែល​ប្រទាន​ចៀម​ទាំង​នោះ​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​អ្វី​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​ឆក់​គេ​ចេញ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​ឡើយ ព្រះ‌វរបិតា និង​ខ្ញុំ គឺ​តែ​មួយ»។ ពួក​សាសន៍​យូដា​ក៏​រើស​ដុំថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះ‌វរបិតា​ខ្ញុំ តើ​មាន​អ្វី​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ចង់​គប់​ខ្ញុំ?» ពួក​សាសន៍​យូដា​ទូល​ឆ្លើយ​ថា៖ «មិន​មែន​ដោយ​ព្រោះ​ការ​ល្អ​ណា​ទេ យើង​ចង់​គប់​អ្នក​នឹង​ដុំថ្ម គឺ​ដោយ​ព្រោះ​ពាក្យ​ប្រមាថ​ដល់​ព្រះ អ្នក​ជា​មនុស្ស ហើយ​តាំង​ខ្លួន​ជា​ព្រះ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា តើ​មិន​មាន​ចែង​ទុក​មក​ថា "យើង​បាន​និយាយ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ" ទេ​ឬ? បើ​ព្រះ‌អង្គ​ហៅ​គេ​ថា​ជា "ព្រះ" ដែល​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​មក​ដល់​គេ(ហើយ​បទ​គម្ពីរ​មិន​អាច​លើក​ចោល​បាន​ទេ) នោះ​តើ​អ្នក​រាល់​គ្នា​និយាយ​មក​ខ្ញុំ ដែល​ព្រះ‌វរបិតា​បាន​ញែក​ជា​បរិសុទ្ធ ហើយ​ចាត់​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ថា ខ្ញុំ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ព្រោះ​តែ​ខ្ញុំ​និយាយ​ថា "ខ្ញុំ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ" ដូច្នេះ​ឬ? បើ​ខ្ញុំ​មិន​ធ្វើ​កិច្ច‌ការ​របស់​ព្រះ‌វរបិតា​ខ្ញុំ​ទេ នោះ​កុំ​ជឿ​ខ្ញុំ​អី ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ ហើយ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ ក៏​គួរ​តែ​ជឿ​កិច្ច‌ការ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង ហើយ​ជឿ​ថា ព្រះ‌វរបិតា​គង់​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា»។ គេ​រក​ចាប់​ព្រះ‌អង្គ​ម្តង​ទៀត តែ​ព្រះ‌អង្គ​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​គេ។ ព្រះ‌អង្គ​យាង​ទៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់​វិញ​ទៀត ជា​កន្លែង​ដែល​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ‌ទឹក​មុន​ដំបូង ហើយ​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។ មាន​មនុស្ស​ជា​ច្រើន​មក​រក​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «លោក​យ៉ូហាន​មិន​បាន​ធ្វើ​ទី​សម្គាល់​ណា​ទេ តែ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូហាន​មាន​ប្រសាសន៍​ពី​អ្នក​នេះ សុទ្ធ​តែ​ពិត​ទាំង​អស់»។ នៅ​ទី​នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អង្គ។

អាន យ៉ូហាន 10

វីដេអូសម្រាប់ យ៉ូហាន 10:22-42