យ៉ូហាន 10:1-17

យ៉ូហាន 10:1-17 គកស១៦

«ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ចូល​ទៅ​ក្នុង​ក្រោល​ចៀម​តាម​ទ្វារ តែ​ឡើង​ចូល​តាម​កន្លែង​ណា​ផ្សេង​វិញ អ្នក​នោះ​ឈ្មោះ​ថា​ជា​ចោរ​លួច ចោរ​ប្លន់​ហើយ។ អ្នក​ដែល​ចូល​តាម​ទ្វារ អ្នក​នោះ​ជា​គង្វាល​របស់​ចៀម។ ឆ្មាំ​ទ្វារ​បើក​ទ្វារ​ឲ្យ​អ្នក​នោះ ហើយ​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ គាត់​ហៅ​ចៀម​តាម​ឈ្មោះ​វា​នីមួយៗ នាំ​ចេញ​ទៅ​ក្រៅ។ ពេល​គាត់​បញ្ចេញ​ចៀម​ខ្លួន​ទៅ​ក្រៅ​អស់​ហើយ គាត់​ដើរ​មុន​វា ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​គាត់ ព្រោះ​វា​ស្គាល់​សំឡេង​គាត់។ វា​មិន​ព្រម​តាម​អ្នក​ណា​ផ្សេង​ទេ វា​នឹង​រត់​ចេញ​ពី​គេ ព្រោះ​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ណា​ឡើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​រឿង​ប្រៀប​ធៀប​នេះ​ទៅ​គេ តែ​គេ​មិន​ដឹង​ថា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​អ្វី​ឡើយ។ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​ជា​ទ្វារ​ចៀម អស់​អ្នក​ដែល​មក​មុន​ខ្ញុំ សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទេ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ។ ខ្ញុំ​ជា​ទ្វារ បើ​អ្នក​ណា​ចូល​តាម​ខ្ញុំ អ្នក​នោះ​នឹង​បាន​សង្គ្រោះ ហើយ​ចេញ​ចូល និង​រក​បាន​វាល​ស្មៅ​ថែម​ទៀត​ផង។ ចោរ​វា​មក​ប្រយោជន៍​តែ​នឹង​លួច សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ខ្ញុំ​វិញ ខ្ញុំ​មក ដើម្បី​ឲ្យ​គេ​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​ពេញ​បរិបូរ។ ខ្ញុំ​ជា​គង្វាល​ល្អ គង្វាល​ល្អ​ហ៊ាន​ប្តូរ​ជីវិត​ជំនួស​ចៀម​ខ្លួន។ អ្នក​ស៊ី​ឈ្នួល​មិន​មែន​ជា​គង្វាល​ពិត​ទេ ហើយ​ចៀម​ក៏​មិន​មែន​ជា​របស់​អ្នក​នោះ​ដែរ លុះ​វា​ឃើញ​ឆ្កែ​ព្រៃ​មក ក៏​រត់​ចោល​ចៀម ទុក​ឲ្យ​ឆ្កែ​ព្រៃ​ឆក់​យក​ទៅ ទាំង​ដេញ​កម្ចាត់​កម្ចាយ​ហ្វូង​ចៀម​ផង។ អ្នក​ស៊ី​ឈ្នួល​នោះ​រត់ ព្រោះ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម​ឡើយ ខ្ញុំ​ជា​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ​ដែរ គឺ​ដូច​ជា​ព្រះ‌វរបិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ដែរ ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​ដើម្បី​ចៀម។ ខ្ញុំ​នៅ​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ។ ដូច្នេះ នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។ ហេតុ​នេះ​បាន​ជា​ព្រះ‌វរបិតា​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​លះ​បង់​ជីវិត​ខ្ញុំ ដើម្បី​ឲ្យ​បាន​ជីវិត​មក​វិញ។

អាន យ៉ូហាន 10

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 10:1-17