«ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនចូលទៅក្នុងក្រោលចៀមតាមទ្វារ តែឡើងចូលតាមកន្លែងណាផ្សេងវិញ អ្នកនោះឈ្មោះថាជាចោរលួច ចោរប្លន់ហើយ។ អ្នកដែលចូលតាមទ្វារ អ្នកនោះជាគង្វាលរបស់ចៀម។ ឆ្មាំទ្វារបើកទ្វារឲ្យអ្នកនោះ ហើយចៀមស្តាប់តាមសំឡេងគាត់ដែរ គាត់ហៅចៀមតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ។ ពេលគាត់បញ្ចេញចៀមខ្លួនទៅក្រៅអស់ហើយ គាត់ដើរមុនវា ហើយចៀមក៏ដើរតាមក្រោយគាត់ ព្រោះវាស្គាល់សំឡេងគាត់។ វាមិនព្រមតាមអ្នកណាផ្សេងទេ វានឹងរត់ចេញពីគេ ព្រោះមិនស្គាល់សំឡេងរបស់អ្នកដទៃណាឡើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលរឿងប្រៀបធៀបនេះទៅគេ តែគេមិនដឹងថាព្រះអង្គមានព្រះបន្ទូលពីអ្វីឡើយ។ ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំជាទ្វារចៀម អស់អ្នកដែលមកមុនខ្ញុំ សុទ្ធតែជាចោរលួចចោរប្លន់ទេ តែចៀមមិនបានស្តាប់តាមអ្នកទាំងនោះឡើយ។ ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងបានសង្គ្រោះ ហើយចេញចូល និងរកបានវាលស្មៅថែមទៀតផង។ ចោរវាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យគេមានជីវិត ហើយឲ្យមានជីវិតពេញបរិបូរ។ ខ្ញុំជាគង្វាលល្អ គង្វាលល្អហ៊ានប្តូរជីវិតជំនួសចៀមខ្លួន។ អ្នកស៊ីឈ្នួលមិនមែនជាគង្វាលពិតទេ ហើយចៀមក៏មិនមែនជារបស់អ្នកនោះដែរ លុះវាឃើញឆ្កែព្រៃមក ក៏រត់ចោលចៀម ទុកឲ្យឆ្កែព្រៃឆក់យកទៅ ទាំងដេញកម្ចាត់កម្ចាយហ្វូងចៀមផង។ អ្នកស៊ីឈ្នួលនោះរត់ ព្រោះគេមិនយកចិត្តទុកដាក់នឹងចៀមឡើយ ខ្ញុំជាគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំដែរ គឺដូចជាព្រះវរបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះអង្គដែរ ខ្ញុំស៊ូប្តូរជីវិតខ្ញុំដើម្បីចៀម។ ខ្ញុំនៅមានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ។ ដូច្នេះ នឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។
អាន យ៉ូហាន 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 10:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ