យ៉ូហាន 10:1-11

យ៉ូហាន 10:1-11 គកស១៦

«ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ចូល​ទៅ​ក្នុង​ក្រោល​ចៀម​តាម​ទ្វារ តែ​ឡើង​ចូល​តាម​កន្លែង​ណា​ផ្សេង​វិញ អ្នក​នោះ​ឈ្មោះ​ថា​ជា​ចោរ​លួច ចោរ​ប្លន់​ហើយ។ អ្នក​ដែល​ចូល​តាម​ទ្វារ អ្នក​នោះ​ជា​គង្វាល​របស់​ចៀម។ ឆ្មាំ​ទ្វារ​បើក​ទ្វារ​ឲ្យ​អ្នក​នោះ ហើយ​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ គាត់​ហៅ​ចៀម​តាម​ឈ្មោះ​វា​នីមួយៗ នាំ​ចេញ​ទៅ​ក្រៅ។ ពេល​គាត់​បញ្ចេញ​ចៀម​ខ្លួន​ទៅ​ក្រៅ​អស់​ហើយ គាត់​ដើរ​មុន​វា ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​គាត់ ព្រោះ​វា​ស្គាល់​សំឡេង​គាត់។ វា​មិន​ព្រម​តាម​អ្នក​ណា​ផ្សេង​ទេ វា​នឹង​រត់​ចេញ​ពី​គេ ព្រោះ​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ណា​ឡើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​រឿង​ប្រៀប​ធៀប​នេះ​ទៅ​គេ តែ​គេ​មិន​ដឹង​ថា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​អ្វី​ឡើយ។ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​ជា​ទ្វារ​ចៀម អស់​អ្នក​ដែល​មក​មុន​ខ្ញុំ សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទេ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ។ ខ្ញុំ​ជា​ទ្វារ បើ​អ្នក​ណា​ចូល​តាម​ខ្ញុំ អ្នក​នោះ​នឹង​បាន​សង្គ្រោះ ហើយ​ចេញ​ចូល និង​រក​បាន​វាល​ស្មៅ​ថែម​ទៀត​ផង។ ចោរ​វា​មក​ប្រយោជន៍​តែ​នឹង​លួច សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ខ្ញុំ​វិញ ខ្ញុំ​មក ដើម្បី​ឲ្យ​គេ​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​ពេញ​បរិបូរ។ ខ្ញុំ​ជា​គង្វាល​ល្អ គង្វាល​ល្អ​ហ៊ាន​ប្តូរ​ជីវិត​ជំនួស​ចៀម​ខ្លួន។

អាន យ៉ូហាន 10