យេរេមា 28

28
ហោរា​ហាណានាប្រឆាំង​នឹង​ហោរា​យេរេមា
1ក្នុង​ឆ្នាំ​ដដែល គឺ​នៅ​ដើម​រាជ្ជកាល​ព្រះបាទ​សេដេគា ស្តេច​យូដា ក្នុង​ខែ​ទីប្រាំ ឆ្នាំ​ទីបួន ហោរា​ហាណានា ជា​កូន​អ័ស៊ើរ ដែល​នៅ​គីបៀន បាន​និយាយមក​ខ្ញុំ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​ពួក​សង្ឃ និង​បណ្ដា‌ជន​ថា៖ 2ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​បំបាក់​នឹម​របស់​ស្តេច​បាប៊ីឡូន​ហើយ 3នៅ​រវាង​គម្រប់​ពីរ​ឆ្នាំ​ទៀត នោះ​យើង​នឹង​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​នេប៊ូក្នេសា​ជា​ស្តេច​បាប៊ីឡូន​បាន​យក​ពី​ទី​នេះ​ទៅ​ដល់​ស្រុក​បាប៊ីឡូន ត្រឡប់​មក​ឯ​កន្លែង​ដើម​វិញ។ 4យើង​ក៏​នឹង​នាំ​យេកូនាស ជា​បុត្រ​យេហូ‌យ៉ាគីម ស្តេច​យូដា និង​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ដល់​ក្រុង​បាប៊ីឡូន ឲ្យ​វិល​មក​ទី​នេះ​វិញ​ដែរ ដ្បិត​យើង​នឹង​បំបាក់​នឹម​របស់​ស្តេច​បាប៊ីឡូន​ពិត នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
5បន្ទាប់​មក ហោរា​យេរេមា​ក៏​និយាយ​នឹង​ហោរាហាណានា នៅ​ចំពោះ​ពួក​សង្ឃ និង​បណ្ដា‌ជន​ដែល​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា 6គឺ​ហោរា​យេរេមា​និយាយ​ថា៖ អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ដូច្នោះ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សម្រេច​តាម​ពាក្យ​ដែល​អ្នក​បាន​ថ្លែងទំនាយ​នោះ ដើម្បី​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​អស់​អ្នក​ដែល​ត្រូវចាប់​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​ពី​ក្រុង​បាប៊ីឡូន​ដល់​ទី​នេះ​វិញ។ 7ប៉ុន្តែ ចូរ​ស្តាប់​ពាក្យ​ដែល​ខ្ញុំ​ពោល​នៅ​ត្រចៀក​អ្នក និង​នៅ​ត្រចៀក​របស់​បណ្ដា‌ជន​ទាំង​នេះ​ឥឡូវ​ចុះ។ 8ពួក​ហោរា​កាល​ពី​ដើម ដែល​នៅ​មុន​ខ្ញុំ និង​អ្នក គេ​បាន​ថ្លែងទំនាយ​ទាស់​នឹង​ស្រុក​ជា​ច្រើន ហើយ​ទាស់​នឹង​នគរ​យ៉ាង​ធំ គឺ​ថ្លែងទំនាយ​ពី​ចម្បាំង ពី​ការ​អាក្រក់ និង​ពី​អាសន្ន‌រោគ​ផង។ 9ប៉ុន្តែ ហោរា​ណា​ដែល​ថ្លែងទំនាយ​ពី​សន្តិ‌សុខ បើ​កាល​ណា​ទំនាយ​របស់​ហោរា​នោះ​បាន​សម្រេច​ហើយ នោះ​ទើប​នឹង​ស្គាល់​ហោរា​នោះ​ថា ព្រះ‌យេហូវ៉ា​បាន​ចាត់​ហោរា​មក​មែន។ 10ពេល​នោះ ហោរា​ហាណានា ក៏​យក​នឹម​ពី​ក​ហោរា​យេរេមា​ទៅ​បំបាក់​ចោល 11រួច​ហោរាហាណានា​និយាយ​ចំពោះ​បណ្ដា‌ជន​ទាំង‌ឡាយ​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​យ៉ាង​នេះ ដែល​យើង​នឹង​បំបាក់​នឹម​របស់​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ចេញ​ពី​ក​អស់​ទាំង​សាសន៍​ក្នុង​រវាង​គម្រប់​ពីរ​ឆ្នាំ​ទៅ​មុខ​នេះ នោះ​ហោរា​យេរេមា​ក៏​ចេញ​បាត់​ទៅ។
12ក្រោយ​ពេល​ដែល​ហោរា​ហាណានា​បាន​បំបាក់​នឹម​ពី​ក​ហោរាយេរេមា​ចេញ​ហើយ ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា​ថា៖ 13ចូរ​ទៅ​ប្រាប់​ដល់​ហាណានា​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​អ្នក​បាន​ធ្វើ​នឹម​ដែក​ជំនួស​វិញ។ 14ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​ពួក​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​បាន​ដាក់​នឹម​ដែក​នៅ​ក​នៃ​សាសន៍​ទាំង​នេះ​ហើយ ដើម្បី​ឲ្យ​គេ​ត្រូវ​បម្រើ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​បម្រើ​ពិត​មែន យើង​ក៏​បាន​ឲ្យ​សត្វ​នៅ​វាល​ដល់​គេ​ដែរ។ 15ហោរា​យេរេមា​និយាយ​ទៅ​ហោរា​ហាណានា​ថា៖ ហាណានា​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​អ្នក​មក​ទេ គឺ​អ្នក​នាំ​ឲ្យ​សាសន៍​នេះ​ទុក​ចិត្ត​ចំពោះ​ពាក្យ​កុហក​ហើយ។ 16ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​បណ្តេញ​អ្នក​ឲ្យ​បាត់​ចេញ​ពី​ផែនដី​ទៅ គឺ​អ្នក​នឹង​ត្រូវ​ស្លាប់​ក្នុង​ឆ្នាំ​នេះ ពី​ព្រោះ​អ្នក​បាន​ពោល​សេចក្ដី​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា។ 17ដូច្នេះ នៅ​ខែ​ទីប្រាំពីរ ក្នុង​ឆ្នាំ​នោះ ហោរា​ហាណានា​ក៏​ស្លាប់​ទៅ។

ទើបបានជ្រើសរើសហើយ៖

យេរេមា 28: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល