យេរេមា 26

26
ការ​ថ្លែង​ទំនាយ​របស់​ហោរា​យេរេមា​នៅ​ក្នុងព្រះវិហារ
1នៅ​ដើម​រជ្ជកាល​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា នោះ​ព្រះ‌បន្ទូល​នេះ​បាន​មក​ពី​ព្រះ‌យេហូវ៉ា​ថា 2ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​បង្គាប់​ដូច្នេះ​ថា ចូរ​ទៅ​ឈរ​ក្នុង​ទី‌លាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គ្រប់​ពាក្យ​ដែល​យើង​បង្គាប់​ឲ្យ​អ្នក​ប្រាប់​ដល់​គេ កុំ​ឲ្យ​បន្ថយ​ពាក្យ​ណា​មួយ​ឡើយ 3ប្រហែល​ជា​គេ​នឹង​ស្តាប់​តាម ហើយ​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ដើម្បី​ឲ្យ​យើង​បាន​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​យើង​សម្រេច​នឹង​ធ្វើ​ដល់​គេ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​នោះ។ 4អ្នក​ត្រូវ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង ហើយ​ដើរ​តាម​ច្បាប់ ដែល​យើង​បាន​ដាក់​នៅ​មុខ​អ្នក​រាល់​គ្នា 5ឬ​ស្តាប់​តាម​ពាក្យ​របស់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​ចាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ក្រោក​ពី​ព្រលឹម​ស្រាង និង​ចាត់​គេ បើ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​សោះ 6នោះ​យើង​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​បាន​ដូច​ជា​ស៊ីឡូរ ហើយ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ជា​ទី​ផ្ដាសា ដល់​អស់​ទាំង​សាសន៍​នៅ​ផែនដី​ផង។ 7ឯ​ពួក​សង្ឃ ពួក​ហោរា និង​បណ្ដា‌ជន​ទាំង‌ឡាយ ក៏​ឮ​ហោរា​យេរេមា​ប្រាប់​ពាក្យ​ទាំង​នេះ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ។
8ពេល​ហោរា​យេរេមា​បាន​ប្រាប់​គ្រប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឲ្យ​លោក​ប្រាប់​ដល់​ជន​ទាំង‌ឡាយ​រួច​អស់​ហើយ នោះ​ពួក​សង្ឃ ពួក​ហោរា និង​បណ្ដា‌ជន​ទាំង​អស់ ក៏​ចាប់​លោក ដោយ​ពោល​ថា អ្នក​ត្រូវ​ស្លាប់​ហើយ! 9ហេតុ​អ្វី​បាន​ជា​អ្នក​ថ្លែងទំនាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ថា៖ ព្រះ‌វិហារ​នេះ​នឹង​បាន​ដូច​ជា​ស៊ីឡូរ ហើយ​ទី​ក្រុង​នេះ​នឹង​ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ​ដូច្នេះ? រួច​ប្រជាជន​ក៏​នាំ​មូល​គ្នា​មក​ព័ទ្ធ​ជុំ​ហោរា​យេរេមា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។
10ពេល​ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា​បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​ក៏​ចេញ​ពី​ដំណាក់​ស្តេច ឡើង​ទៅ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​អង្គុយ​ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។ 11ពួក​សង្ឃ និង​ពួក​ហោរា គេ​ជម្រាប​ដល់​ពួក​ចៅ‌ហ្វាយ ហើយ​ដល់​ជន​ទាំង​អស់​ថា៖ មនុស្ស​នេះ​គួរ​ស្លាប់​ហើយ ដ្បិត​គេ​បាន​ថ្លែងទំនាយ​ទាស់​នឹង​ក្រុង​នេះ ដូច​ជា​អស់​លោក​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក​ស្រាប់។ 12ហោរា​យេរេមា​ក៏​ជម្រាប​ដល់​ពួក​ចៅ‌ហ្វាយ និង​ជន​ទាំង​អស់​ថា៖ ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ថ្លែងទំនាយ​ប្រាប់​គ្រប់​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ទាស់​នឹង​ព្រះ‌វិហារ ហើយ​ទី​ក្រុង​នេះ។ 13ដូច្នេះ ចូរ​ផ្លាស់​ប្ដូរ​គំនិត និង​កិរិយា​របស់​អ្នក​រាល់​គ្នា​ឥឡូវ ហើយ​ស្តាប់​តាម​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ នោះ​ព្រះ‌យេហូវ៉ា​នឹង​ប្រែ​គំនិត​ចេញ​ពី​សេចក្ដី​អាក្រក់ ដែល​ព្រះ‌អង្គ​បាន​ប្រកាស​ទាស់​នឹង​អ្នក​រាល់​គ្នា​វិញ។ 14តែ​ឯ​ខ្ញុំ​នេះ ខ្ញុំ​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ ចូរ​ធ្វើ​ដល់​ខ្ញុំ​តាម​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថា​ល្អ ហើយ​ទៀង​ត្រង់​ចុះ។ 15មាន​ការ​មួយ​ដែល​អ្នក​ត្រូវ​ដឹង​ថា បើ​អ្នក​រាល់​គ្នា​សម្លាប់​ខ្ញុំ នោះ​នឹង​នាំ​ឲ្យ​ឈាម​ដែល​ឥត​មាន​ទោស​ប្រឡាក់​លើ​ខ្លួន​អ្នក​រាល់​គ្នា លើ​ទី​ក្រុង​នេះ និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​ត្រចៀក​អ្នក​រាល់​គ្នា​ជា​ពិត។
16ពេល​នោះ ពួក​ចៅ‌ហ្វាយ និង​ប្រជា​ជន​ទាំង‌ឡាយ ក៏​ពិគ្រោះ​ជា​មួយ​ពួក​សង្ឃ និង​ពួក​ហោរា​ថា៖ មនុស្ស​នេះ​មិន​គួរ​ស្លាប់​ទេ ដ្បិត​គ្រាន់​តែ​បាន​ប្រាប់​យើង​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ទេ​តើ។ 17ក្រោយ​មក មាន​ពួក​ចាស់​ទុំ​ខ្លះ​ក្នុង​ស្រុក ក្រោក​ឡើង​ប្រាប់​ដល់​ប្រជុំ​ជន​ថា៖ 18មីកា ជា​ពួក​ម៉ូរ៉ាស៊ីត បាន​ថ្លែង​ទំនាយ​ក្នុង​រជ្ជកាល​ព្រះបាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា ថ្លែង​ទៅ​កាន់​ប្រជា​ជន​នៅ​ស្រុក​យូដា​ទាំង​អស់​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
គេ​នឹង​ភ្ជួរក្រុង​ស៊ីយ៉ូន ដូច​ជា​ភ្ជួរ​ស្រែ​ចម្ការ
ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​គំនរ​បាក់​បែក
ឯ​ភ្នំ​នៃ​ព្រះ‌ដំណាក់ ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​ណា​មួយ ។
19តើ​ហេ‌សេ‌គា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​អស់​បាន​សម្លាប់​លោក​ឬ? តើ​ទ្រង់​មិន​បាន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទូល‌អង្វរ​ចំពោះ​ព្រះ‌អង្គ​ទេ​ឬ? ឯ​ព្រះ‌យេហូវ៉ា​ក៏​ប្រែ​គំនិត​ចេញ​ពី​សេចក្ដី​អាក្រក់ ដែល​ព្រះ‌អង្គ​បាន​ប្រកាស​ទាស់​នឹង​គេ​ដែរ ធ្វើ​ដូច្នេះ យើង​នឹង​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ ទាស់​នឹង​ព្រលឹង​យើង​ហើយ។
20មួយ​ទៀត ក៏​មាន​ម្នាក់​ដែល​ថ្លែងទំនាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ឈ្មោះ​អ៊ូរីយ៉ា ជា​កូន​របស់​សេម៉ាយ៉ា ពី​ក្រុង​គារយ៉ាត់-យារីម អ្នក​នោះ​ថ្លែងទំនាយ​ទាស់​នឹង​ទី​ក្រុង ហើយ​ស្រុក​នេះ តាម​អស់​ទាំង​ពាក្យ​របស់​ហោរា​យេរេមា​ដែរ។ 21កាល​ព្រះបាទ​យេហូ‌យ៉ាគីម និង​មនុស្ស​ខ្លាំង​ពូកែ​របស់​ទ្រង់ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ បាន​ឮ​ពាក្យ​របស់​អ្នក​នោះ ស្តេច​ក៏​រក​សម្លាប់​អ៊ូរីយ៉ា តែ​កាល​គាត់​បាន​ដឹង ក៏​ភ័យ ហើយ​បាន​រត់​ទៅ​ស្រុក​អេស៊ីព្ទ។ 22បន្ទាប់​មក ព្រះ​បាទ​យេហូ‌យ៉ាគីម​ចាត់​អែល‌ណា‌ថាន ជា​កូន​អ័កបោរ និង​មនុស្ស​ខ្លះ​ទៀតឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ 23អ្នក​ទាំង​នោះ​ក៏​នាំ​អ៊ូរីយ៉ា ពី​ស្រុក​អេស៊ីព្ទ​មក​ថ្វាយ​ព្រះបាទ​យេហូ‌យ៉ាគីម ហើយ​ទ្រង់​ក៏​សម្លាប់​គាត់​ដោយ​ដាវ ព្រម​ទាំង​បោះ​សាសព​ទៅ​ក្នុង​ផ្នូររបស់​មនុស្ស​ធម្មតា​ទៅ។ 24ប៉ុន្តែ អ័ហ៊ី‌កាម ជា​កូន​សាផាន លោក​ជួយ​ខាង​ហោរា​យេរេមា ដើម្បី​មិន​ឲ្យ​គេ​ប្រគល់​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ជន​ឲ្យ​គេ​សម្លាប់​លោក​ឡើយ។

ទើបបានជ្រើសរើសហើយ៖

យេរេមា 26: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល