យេរេមា 23

23
ការ​ស្ដាឡើងវិញ​ក្រោយ​ពី​ការ​និរទេស
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ វេទនា​ដល់​ពួក​គង្វាល​ដែល​បំផ្លាញ ហើយ​កម្ចាត់‌កម្ចាយ​ហ្វូង​ចៀម​នៃ​ទី​ឃ្វាល​របស់​យើង។ 2ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ពួក​គង្វាល​ដែល​ឃ្វាល​ជន​ជាតិ​របស់​ខ្ញុំ​ដូច្នេះ​ថា៖ អ្នក​រាល់​គ្នា​បាន​កម្ចាត់‌កម្ចាយ​ហ្វូង​ចៀម​របស់​យើង ហើយ​បណ្តេញ​ចេញ ឥតថែរក្សា​មើល​វា​ឡើយ ដូច្នេះ យើង​នឹង​ទម្លាក់​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​អ្នក​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ 3បន្ទាប់​មក យើង​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​យើង ចេញ​ពី​គ្រប់​ស្រុក ដែល​យើង​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចម្រើន​ឡើង។ 4យើង​នឹង​តាំង​គង្វាល​លើ​គេ ដែល​នឹង​ឃ្វាល​គេ គ្រា​នោះ គេ​នឹង​មិន​ភ័យ ឬ​ស្រយុត​ចិត្ត​ទៀត​ឡើយ ក៏​មិន​ដែល​បាត់‌បង់​ណា​មួយ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។
5ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​បង្កើត​ឲ្យ​ដាវីឌ​មាន​លំពង់​សុចរិត​មួយ លំពង់​នោះ​ទ្រង់​នឹង​សោយ‌រាជ្យ​ទុក​ដូច​ជា​ស្តេច ហើយ​នឹង​ប្រព្រឹត្ត​ដោយ​វាង‌វៃ ព្រម​ទាំង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក។ 6នៅ​គ្រា​របស់​ស្ដេច​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ពួក​អ៊ីស្រា‌អែល​នឹង​នៅ​ដោយ​សន្តិ‌សុខ ឯ​ព្រះ‌នាម​ដែល​គេ​នឹង​ហៅ​ទ្រង់ នោះ​គឺ "ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា"។ 7ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គឺ​ហេតុ​នោះ​បាន​ជា​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ស្បថ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ដែល​ព្រះ‌អង្គ​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ទៀត​ហើយ 8គឺ​គេ​នឹង​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ដែល​ព្រះ‌អង្គ​បាន​នាំ​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល ហើយ​‌នាំ​គេ​ចេញ​ពី​ស្រុក​ខាង​ជើង និង​ពី​គ្រប់​ទាំង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​បណ្តេញ​គេ​នោះ​វិញ។ ពេល​នោះ គេ​នឹង​នៅ​ក្នុង​ស្រុក​របស់​ខ្លួន។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ហោរា​ក្លែង‌ក្លាយ
9ពី​ដំណើរ​ពួក​ហោរា
ចិត្ត​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ត្រូវ​ញាំ‌ញី​ហើយ
អស់​ទាំង​ឆ្អឹង​ខ្ញុំ​ក៏​ញ័រ ខ្ញុំ​ដូច​ជា​មនុស្ស​ស្រវឹង
គឺ​ដូច​ជា​មនុស្ស​ដែល​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​ឈ្នះ​ហើយ
ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ហើយ​ដោយ​ព្រោះ​ព្រះ‌បន្ទូល
ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។
10ដ្បិត​ស្រុក​នេះ​មាន​ពេញ​ដោយ​មនុស្ស
ដែល​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​ស្រុក​ក៏​យំ​សោក
ដោយ​ព្រោះ​បណ្ដាសា
អស់​ទាំង​ទី​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន
បាន​ហួត‌ហែង​អស់​ហើយ
គេ​រត់​តាម​តែ​សេចក្ដី​អាក្រក់
ហើយ​គេ​ប្រើ​អំណាច​សម្រាប់​តែ​ការ​ទុច្ចរិត​ទេ។
11ដ្បិត​ទាំង​ហោរា និង​សង្ឃ
សុទ្ធ​តែ​ស្មោក‌គ្រោក​ទាំង​អស់​គ្នា
ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
យើង​បាន​ឃើញ​អំពើ​អាក្រក់​របស់​គេ
នៅ​ក្នុង​ព្រះ‌វិហារ​របស់​យើង។
12ហេតុ​នោះ ផ្លូវ​របស់​គេ​នឹង​បាន​ដូច​ជា​កន្លែង​រអិល
នៅ​ទី​ងងឹត​ដល់​គេ
គេ​នឹង​ត្រូវ​ច្រាន​ទៅ ហើយ​ដួល​ចុះ​នៅ​ទី​នោះ
ដ្បិត​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ
គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​ដល់​គេ
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។
13យើង​បាន​ឃើញ​សេចក្ដី​ចម្កួត​ក្នុង​ពួក​ហោរា
នៅ​ក្រុង​សាម៉ារី​ដែរ
គេ​ថ្លែង​ទំនាយ​ដោយ‌សារ​ព្រះ‌បាល
ក៏​នាំ​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង
ឲ្យ​វង្វេង​ដែរ។
14ឯ​ក្នុង​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡិម
យើង​ក៏​ឃើញ​មាន​សេចក្ដី​គួរ​ស្បើម​ណាស់​ដែរ
គេ​ប្រព្រឹត្ត​អំពើ​កំផិត
ហើយ​ដើរ​តាម​តែ​ពាក្យ​កុហកឥត​ប្រយោជន៍
គេ​ចម្រើន​កម្លាំង​ដៃ​នៃ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់
ដូច្នេះ បាន​ជា​គ្មាន​អ្នក​ណា​មួយ
វិល​ត្រឡប់​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ឡើយ
គេ​បាន​ត្រឡប់​ដូច​ជា​ក្រុង​សូដុម​ទាំង​អស់​គ្នា
ពួក​អ្នក​នៅ​ក្រុង​នេះ ក៏​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ
នៅ​ចំពោះ​យើង។
15ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​ហោរា​ដូច្នេះ​ថា៖
មើល៍! យើង​នឹង​ចិញ្ចឹម​គេ​ដោយ​ស្លែង
ហើយ​ឲ្យ​គេ​ផឹក​ទឹក​ពុល
ដ្បិត​មាន​សេចក្ដី​ល្មើស​ចំពោះ​ព្រះ
បាន​ចេញ​ពី​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡិម
ទៅ​ពេញ​ក្នុង​ស្រុក​ហើយ។
16ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​ស្តាប់​តាម​ពាក្យ​របស់​ហោរា ដែល​គេ​ថ្លែងទំនាយ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​សោះ គេ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ទេ គេ​សម្ដែង​ចេញ​តែ​ពី​ការ​ដែល​គេ​នឹក​ឃើញ​ក្នុង​ចិត្ត​គេ មិន​មែន​ជា​សេចក្ដី​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋរបស់​ព្រះ‌យេហូវ៉ា​ឡើយ។ 17គេ​ចេះ​តែ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មើល‌ងាយ​យើង​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ទេ ហើយ​ក៏​ប្រាប់​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង​ចចេស​នៅ​ក្នុង​ចិត្ត​ថា នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ដល់​អ្នក​រាល់​គ្នា​ឡើយ។
18ដ្បិត​តើ​អ្នក​ណា​បាន​ឈរ​ក្នុង​ពួក​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា
ឲ្យ​បាន​ឃើញ ហើយ​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ?
តើ​អ្នក​ណា​បាន​ប្រុង​ស្តាប់
ហើយ​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ?
19មើល៍! ព្យុះ​សង្ឃរា​របស់​ព្រះ‌យេហូវ៉ា
គឺ​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​ចេញ​ទៅ​ហើយ
ជា​ព្យុះ​កួច​ដែល​នឹង​ធ្លាយ​មក​លើ​ក្បាល
របស់​ពួក​មនុស្ស​អាក្រក់។
20សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នឹង​មិន​វិល​ទៅ​វិញ​ឡើយ
ទាល់​តែ​ព្រះ‌អង្គ​បាន​ធ្វើ​សម្រេច
ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ
នៅថ្ងៃ​ខាង​មុខ អ្នក​រាល់​គ្នា​នឹង​យល់​ច្បាស់។
21យើង​មិន​បាន​ចាត់​ប្រើ​ពួក​ហោរា​ទាំង​នេះ​ទេ
តែ​គេ​បាន​រត់​ទៅ
យើង​មិន​បាន​និយាយ​នឹង​គេ​សោះ តែ​គេ​បាន​ទាយ។
22ប្រសិន​បើ​គេ​គ្រាន់​តែ​ឈរ​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​យើង
នោះ​គេ​នឹង​ប្រាប់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង
ស្តាប់​ពាក្យ​របស់​យើង​ហើយ
ព្រម​ទាំង​បំបែរ​គេ​ចេញ​ពី​ផ្លូវ​អាក្រក់
និង​ពី​អំពើ​ដ៏​លាមក​ដែល​ប្រព្រឹត្ត​រៀង​ខ្លួន។
23ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ តើ​យើង​ជា​ព្រះ​ដែល​នៅ​ឆ្ងាយ ឥត​នៅ​ជិត​បង្កើយ​ឬ​អី? 24ព្រះ‌យេហូវ៉ា​សួរ​ដូច្នេះ​ទៀត​ថា៖ តើ​មាន​អ្នក​ណា​នឹង​ពួន​នៅ​ទី​ស្ងាត់​ណា ដែល​យើង​មើល​មិន​ឃើញ​បាន​ឬ? តើ​យើង​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ និង​ផែនដី​ផង​ទេ​ឬ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ 25យើង​បាន​ឮ​សេចក្ដី​ដែល​ពួក​ហោរា​ប្រាប់ ជា​ពួក​អ្នក​ដែល​ថ្លែងទំនាយ​កុហក ដោយ​នូវ​ឈ្មោះ​យើង​ថា ខ្ញុំ​បាន​យល់‌សប្តិ ឃើញ​ដូច្នេះ​មួយៗ។ 26សេចក្ដី​យ៉ាង​នេះ​នឹង​នៅ​ក្នុង​ចិត្ត​នៃ​ពួក​ហោរា​ដែល​ថ្លែងទំនាយ​កុហក ជា​ពួក​អ្នក​ដែល​បញ្ឆោត​តាម​សេចក្ដី​នៅ​ក្នុង​ចិត្ត​គេ តើ​ដល់​កាល​ណា​ទៀត 27គេ​គិត​តែ​បណ្ដាល​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ភ្លេច​ឈ្មោះ​យើង ដោយ​ការ​យល់‌សប្តិ​របស់​គេ ដែល​ថ្លែង​ប្រាប់​ដល់​អ្នក​ជិត​ខាង​គេ​រៀង​ខ្លួន ដូច​ជា​បុព្វ‌បុរស​គេ​បាន​ភ្លេច​ឈ្មោះ​យើង ឲ្យ​យក​ឈ្មោះ​ព្រះ‌បាល​វិញ​ដែរ។ 28ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឯ​ហោរា​ណា​ដែល​យល់‌សប្តិ​ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយ​ហោរា​ណា​ដែល​បាន​ទទួល​ពាក្យ​យើង ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​យើង ដោយ​ស្មោះ‌ត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ? 29ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ ពាក្យ​របស់​យើង តើ​មិន​មែន​ដូច​ជា​ភ្លើង ហើយ​ដូច​ជា​ញញួរ ដែល​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​ទេ​ឬ? 30ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ទាស់​នឹង​ពួក​ហោរា ដែល​លួច​ពាក្យ​យើង​ចេញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក 31ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ទាស់​នឹង​ពួក​ហោរា​ដែល​ប្រើ​អណ្ដាត​និយាយ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។ 32ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ទាស់​នឹង​ពួក​អ្នក​ដែល​ថ្លែងទំនាយ​កុហក​តាម​យល់‌សប្តិ ព្រម​ទាំង​ផ្សាយ​ប្រាប់​សប្តិ​នោះ ហើយ​នាំ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​វង្វេង​ចេញ​ដោយ‌សារ​ពាក្យ​កុហក​របស់​គេ ហើយ​ដោយ‌សារ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​របស់​គេ​ដែរ តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​មិន​បាន​ចាត់​គេ ឬ​បង្គាប់​គេ​ឡើយ គេ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជន​ជាតិ​នេះ​ដែរ។
33កាល​ណា​ប្រជាជន​នេះ ឬ​ហោរា​ណា​ម្នាក់ ឬ​សង្ឃ​ណា​ម្នាក់ សួរ​អ្នក​ថា៖ តើ​បន្ទុក​របស់​ព្រះ‌យេហូវ៉ា​ជា​អ្វី? អ្នក​ត្រូវ​ឆ្លើយ​តប​ទៅ​គេ​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះបន្ទូល​ថា៖ អ្នក​រាល់​គ្នា​ហ្នឹង​ហើយ​ជា​បន្ទុក យើង​នឹង​បោះ‌បង់​អ្នក​រាល់​គ្នា​ចោល។ 34ឯ​ហោរា​ណា សង្ឃ​ណា ឬ​ជន​ជាតិ​ណា​ដែល​ពោល​ថា នេះ​ជា​បន្ទុក​ពី​ព្រះ‌យេហូវ៉ា​ហើយ យើង​នឹង​ធ្វើ​ទោស​ដល់​អ្នក​នោះ ព្រម​ទាំង​ពួក​វង្ស​គេ។ 35អ្នក​រាល់​គ្នា​ត្រូវ​សួរ​អ្នក​ជិត​ខាង និង​បង‌ប្អូន​អ្នក​រៀង​ខ្លួន​ដូច្នេះ​វិញ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច? ឬ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា? 36អ្នក​រាល់​គ្នា​មិន​ត្រូវ​និយាយ​ពី​បន្ទុក​របស់​ព្រះ‌យេហូវ៉ា​ទៀត​ឡើយ ឯ​បន្ទុក​របស់​អ្នក​រាល់​គ្នា នោះ​គឺ​ជា​ពាក្យ​របស់​គ្រប់​គ្នា​វិញ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​បំផ្លាស់​បំប្រែ​ព្រះ‌បន្ទូល​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​យើង​រាល់​គ្នា ខុស​អស់​ទៅ​ហើយ។ 37អ្នក​ត្រូវ​សួរ​ហោរា​យ៉ាង​ដូច្នេះ​ថា៖ តើ​ព្រះ‌យេហូវ៉ា​បាន​ឆ្លើយ​នឹង​អ្នក​យ៉ាង​ដូច​ម្ដេច? ឬ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា​ខ្លះ? 38ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​ហ៊ាន​និយាយ​ថា៖ នេះ​ជា​បន្ទុក​របស់​ព្រះ‌យេហូវ៉ា​ហើយ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ចេញ​ពាក្យ​ថា បន្ទុក​របស់​ព្រះ‌យេហូវ៉ា ហើយ​យើង​បាន​ចាត់​គេ​ឲ្យ​មក​ឯ​អ្នក​ហាម​ថា កុំ​ឲ្យ​និយាយ​ពី​បន្ទុក​ព្រះ‌យេហូវ៉ា​ឡើយ។ 39ដូច្នេះ មើល៍ ប្រាកដ​ជា​យើង​នឹង​លើក​អ្នក​រាល់​គ្នា ហើយ​បោះ‌អ្នក​រាល់​គ្នា​ឲ្យ​ចេញ​ឆ្ងាយ​ពី​មុខ​យើង គឺ​ទាំង​អ្នក​រាល់​គ្នា ព្រម​ទាំង​ទី​ក្រុង​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នករាល់​គ្នា។ 40យើង​នឹង​នាំ​សេចក្ដី​ដំណៀល​ដ៏​នៅ​ជាប់​អស់‌កល្ប​មក​លើ​អ្នក​រាល់​គ្នា ព្រម​ទាំង​សេចក្ដី​ខ្មាស​នៅ​ជាប់​ជា‌និច្ច​ដែល​ភ្លេច​មិន​បាន​ឡើយ។

ទើបបានជ្រើសរើសហើយ៖

យេរេមា 23: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល