ពួក​ចៅ‌ហ្វាយ 8

8
ជ័យ​ជម្នះ​ដ៏​ធំ និង​ការ​សង​សឹក​របស់​លោក​គេឌាន
1ពេល​នោះ ពួក​អេប្រាអិម​បន្ទោស​គេ​ឌាន​ថា៖ «តើ​លោក​បាន​ប្រព្រឹត្ត​អ្វី​ចំពោះ​យើង​ដូច្នេះ? ពេល​លោក​ចេញ​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ហេតុ​អ្វី​បាន​ជា​មិន​ហៅ​យើង​ទៅ​ផង?» គេ​ក៏​បន្ទោស​លោក​ជា​ខ្លាំង។ 2លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ប្រៀប​ផ្ទឹម​នឹង​ការ​របស់​អ្នក​រាល់​គ្នា​បាន? តើ​ការ​សន្សែ​សន្សំ​ផ្លែ​ទំពាំង​បាយ​ជូរ​របស់​ពួក​អេប្រាអិម មិន​មែន​វិសេស​ជាង​ការ​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​របស់​ពួក​អ័បៀ‌ស៊ើរ​ទេ​ឬ? 3ព្រះ​បាន​ប្រគល់​អូរិប និង​សៀប ជា​មេ​លើ​សាសន៍​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ប្រៀប​ផ្ទឹម​នឹង​អ្នក​រាល់​គ្នាបាន?» កាល​លោក​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ កំហឹង​របស់​គេ​ចំពោះ​លោក​ក៏​ស្ងប់។
4គេឌាន និង​ពួក​បីរយ​នាក់​ដែល​នៅ​ជា​មួយ បាន​មក​ដល់​ទន្លេ​យ័រ‌ដាន់ ហើយ​ឆ្លង​ទៅ​ទាំង​នឿយ‌ហត់ តែ​គេ​នៅ​តែ​ដេញ​តាមសត្រូវ។ 5លោក​មាន​ប្រសាសន៍ទៅ​កាន់​ពួក​អ្នក​ក្រុង​ស៊ូកូថ​ថា៖ «សូម​ចែក​នំបុ័ង​ឲ្យ​មនុស្ស​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ដ្បិត​គេ​អស់​កម្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាលមូ‌ណា ជា​ស្តេច​សាសន៍​ម៉ាឌាន»។ 6ប៉ុន្ដែ ពួក​មេ​ដឹក​នាំ​ក្រុង​ស៊ូកូថ​ឆ្លើយ​ថា៖ «តើ​សេបាស និង​សាល‌មូណា​បានធ្លាក់​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ​ឬ បាន​ជា​ត្រូវ​ឲ្យ​យើង​ចែក​នំបុ័ង​ឲ្យ​ពល​ទ័ព​របស់​អ្នក​ដូច្នេះ?» 7គេឌាន​ឆ្លើយ​តប​ថា៖ «បើ​ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​សេបាស និង​សាល‌មូណា​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ខ្វារ​ហែក​សាច់​អ្នក​រាល់​គ្នា ដោយ​បន្លា​ពី​ទី​រហោ‌ស្ថាន និង​បន្លា​ស្អិត​មិន​ខាន»។ 8លោក​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ក្រុង​ពេនួល ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ដូច​គ្នា តែ​ពួក​អ្នក​ក្រុង​ពេនួល​បាន​ឆ្លើយ​មក​លោក​វិញ ដូច​ពួក​អ្នក​ក្រុង​ស៊ូកូថ​ដែរ។ 9លោក​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​ក្រុង​ពេនួល​ថា៖ «កាល​ណា​ខ្ញុំ​បាន​មក​វិញ​ដោយ​សុខ‌សាន្ត ខ្ញុំ​នឹង​រំលំ​ប៉ម​នេះ​ចោល»។
10រីឯ​សេបាស និង​សាល‌មូណា ស្ថិត​នៅ​ក្នុង​ក្រុង​កើរកូរ​ជាមួយ​កង‌ទ័ព​របស់​គេ ប្រមាណ​ជា​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​សល់​ពី​កង‌ទ័ព​របស់​មនុស្ស​ពី​ស្រុក​ខាង​កើត ព្រោះ​ទាហាន​របស់​គេ​មួយ​សែន​ពីរ​ម៉ឺន​នាក់​ដែល​កាន់​ដាវ បាន​ដួល​ស្លាប់​អស់​ហើយ។ 11ដូច្នេះ គេឌាន​ក៏​ឡើង​តាម​ផ្លូវ​របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ត្រសាល នៅ​ខាង​កើត​ណូបាស និង​យ៉ុក‌បិហា ចូល​ទៅ​ប្រយុទ្ធ​នឹង​កង​ទ័ព​សត្រូវ ដ្បិត​គេ​ស្មាន​ថា​ខ្លួន​បាន​សុខ‌សាន្ត​ហើយ។ 12ឯ​សេបាស និង​សាល‌មូណា​បាន​រត់​គេច តែគេ​ឌាន​ដេញ​តាម ហើយ​ចាប់​បាន​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​ពីរ គឺ​សេបាស និង​សាល‌មូណា ព្រម​ទាំង​វាយ​បំបាក់​ទ័ព​គេ​ទាំង​មូល​ទៀត​ផង។
13បន្ទាប់​មក គេឌាន​កូន​យ៉ូអាស ក៏​វិល​ត្រឡប់​ពី​សមរភូមិ តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​ភ្នំ​ហេរេស។ 14លោក​ចាប់​ក្មេង​ជំទង់​ម្នាក់​ពី​ក្រុង​ស៊ូកូថ​មក​សួរចម្លើយ ហើយ​ក្មេង​នោះ​ក៏សរសេរ​ឈ្មោះ​ពួកមេ​ដឹក​នាំ និង​ពួក​ចាស់​ទុំ​នៅ​ក្រុង​ស៊ូកូថ បាន​ចំនួន​ចិត​សិប​ប្រាំ​ពីរ​នាក់ ជូន​ដល់​លោក។ 15លោក​ក៏​មក​ឯ​ពួក​អ្នកក្រុង​ស៊ូកូថ​ប្រាប់​ថា៖ «មើល៍ នេះ​នែ៎​សេបាស និង​សាល‌មូណា ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​មើល​ងាយ​ខ្ញុំ​ថា "តើ​សេបាស និង​សាល‌មូណា បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ​ឬ​នៅ បាន​ជា​ត្រូវ​ឲ្យ​យើង​ចែក​នំបុ័ង​ឲ្យ​ពួក​ពល​របស់​អ្នក ដែល​នឿយ‌ហត់​ដូច្នេះ?"»។ 16លោក​ក៏​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ ហើយ​យក​បន្លា​ពី​ទី​រហោ‌ស្ថាន និង​បន្លា​ស្អិត មក​វាយ​ព្រមាន​ពួក​អ្នក​ក្រុង​សិកូត ទុក​ជា​មេរៀន។ 17លោក​បាន​រំលំ​ប៉ម​ក្រុង​ពេនួល ហើយ​សម្លាប់​ពួក​អ្នក​ក្រុង​នោះ​ទៀត​ផង។
18បន្ទាប់​មក គេ​ឌាន​សួរ​សេបាស និង​សាល‌មូណា​ថា៖ «តើ​មនុស្ស​ដែល​អ្នក​បាន​សម្លាប់​នៅ​តាបោរ​នោះ មាន​ភិន​ភាគ​ដូច​ម្ដេច?» គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​ទាំង​នោះ​មាន​ភិន​ភាគ​ដូច​ជា​លោក​ដែរ គេ​ម្នាក់ៗ​មាន​សណ្ឋាន​ដូច​កូន​ស្តេច»។ 19លោក​ឆ្លើយ​តប​ថា៖ «គេ​ជា​បង​ប្អូន​ពោះ​មួយ​នឹង​ខ្ញុំ ដូច្នេះ ខ្ញុំ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ប្រសិន‌បើ​អ្នក​ទុក​ជីវិត​ឲ្យ​គេ​រស់​នៅ ខ្ញុំ​នឹង​មិន​សម្លាប់​អ្នក​ទេ»។ 20ដូច្នេះ លោក​បង្គាប់​ទៅ​យេធើ​ជា​កូន​ច្បង​របស់​លោក​ថា៖ «ចូរ​ក្រោក​ឡើង សម្លាប់​គេ​ចោល​ទៅ!» ប៉ុន្ដែ ក្មេង​ជំទង់​នោះ​ខ្លាច​មិន​ហ៊ាន​ហូត​ដាវ​ទេ ព្រោះ​គាត់​នៅ​ក្មេង។ 21ដូច្នេះ សេបាស និង​សាល‌មូណា​ពោល​ថា៖ «សូម​លោក​ក្រោក​ឡើង ហើយ​សម្លាប់​យើង​ដោយ​ខ្លួន​ឯង​ទៅ ដ្បិត​បើ​មនុស្ស​ជា​យ៉ាង​ណា នោះ​កម្លាំង​របស់​គេ​ក៏​យ៉ាង​នោះ​ដែរ»។ ពេល​នោះ គេឌាន​ក៏​ក្រោក​ឡើង ហើយ​សម្លាប់​សេបាស និង​សាល‌មូណា​ចោល រួច​ដោះ​យក​គ្រឿង​លម្អ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​គេ​ផង។
រូប​ព្រះ​របស់​លោក​គេឌាន
22ក្រោយ​មក ពួក​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​គេឌាន​ថា៖ «សូម​លោក​គ្រប់​គ្រង​លើ​យើង​រាល់​គ្នា​ត​ទៅ រហូត​ដល់​កូន និង​ចៅ​របស់​លោក​ផង ដ្បិត​លោក​បាន​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន»។ 23គេឌាន​តប​ទៅ​គេ​ថា៖ «ខ្ញុំ​មិន​ត្រូវ​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ទេ ហើយ​កូន​របស់​ខ្ញុំ​ក៏​មិន​ត្រូវ​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​ដែរ គឺ​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា»។ 24រួច​គេ​ឌាន​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​អ្នក​រាល់​គ្នារឹប​អូស​យក​បាន មក​ឲ្យ​ខ្ញុំ» (ដ្បិត​ខ្មាំងសត្រូវ​សុទ្ធ​តែ​មាន​ក្រវិល​មាស ព្រោះគេ​ជា​កូន​ចៅ​អ៊ីស‌ម៉ា‌អែល)។ 25ពួក​គេ​ក៏​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ជូន​លោក​ដោយ​ស្ម័គ្រ​ពី​ចិត្ត»។ គេ​ក៏​ត្រដាង​អាវ ហើយ​គ្រប់​គ្នា​ក៏​បោះ​ក្រវិល​ដែល​ខ្លួន​រឹប​អូស​បាន ទៅ​លើ​អាវ​នោះ។ 26ក្រវិល​មាស​ទាំង​ប៉ុន្មាន​ដែល​លោក​បានសុំ​ពី​គេនោះ មាន​ទម្ងន់​ជា​មាស​មួយ​ពាន់​ប្រាំពីរ​រយ​សេកែល ដោយ​មិន​រាប់​បន្តោក និង​អាយ៉ា‌ដក់ និង​សម្លៀក​បំពាក់​ពណ៌​ស្វាយ ដែល​ពួក​ស្តេច​សាសន៍​ម៉ាឌាន​ស្លៀក​ពាក់ និង​ខ្សែ​នៅ​ក​របស់​សត្វ​អូដ្ឋ​នោះ​ទេ។ 27ដូច្នេះ គេឌាន​ក៏​យក​មាស​ទាំង​នោះ​ទៅ​ធ្វើ​ជា​អេផូឌ​មួយ ដាក់​នៅ​ក្នុង​ទី​ក្រុង​របស់​លោក គឺ​នៅ​ក្រុង​អូប្រា ហើយ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ផិត​តាម​របស់​នោះ ហើយ​រូប​នោះ​បាន​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​គេឌាន និង​ក្រុម​គ្រួ​សារ​របស់​លោក។ 28ដូច្នេះ ពួក​ម៉ាឌាន​ត្រូវ​ក្រាប​ចុះ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មិន​អាច​ងើប​ក្បាល​ទៀត​បាន​ឡើយ ហើយ​នៅ​ជំនាន់​គេឌាន ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ​រយៈ​ពេល​សែសិប​ឆ្នាំ។
មរណភាព​របស់​លោក​គេ​ឌាន
29យេរូ-បាល ជា​កូន​យ៉ូអាស បាន​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​ផ្ទាល់​វិញ។ 30គ្រា​នោះ គេឌាន​មាន​កូន​ប្រុស​ចិត​សិប​នាក់ គឺ​កូន​ដែល​លោក​បាន​បង្កើត ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។ 31ប្រពន្ធ​ចុង​របស់​លោក​ដែល​នៅ​ស៊ីគែម ក៏​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក​ដែរ លោក​ដាក់​ឈ្មោះ​ថា អ័ប៊ី‌ម៉្មា‌ឡិច។ 32គេឌាន​ជា​កូន​យ៉ូអាស បាន​ស្លាប់​ទៅ​ទាំង​មាន​អាយុ​យឺន‌យូរ​ល្អ ហើយ​គេ​បាន​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​យ៉ូអាស​ជា​ឪពុក​នៅ​អូប្រា ជា​ក្រុង​របស់​ពួក​អ័បៀ‌ស៊ើរ។
33ក្រោយ​ពី​គេឌាន​បាន​ស្លាប់​ផុត​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ងាក​បែរ​ទៅ​ផិត​ក្បត់​តាម​ពួក​ព្រះ‌បាល​វិញ​ទៀត ហើយ​គេ​យក​ព្រះ‌បាល-បេរីត​ធ្វើ​ជា​ព្រះ​របស់​គេ។ 34ពួកកូន​ចៅ​អ៊ី​ស្រា‌អែល​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ដែល​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ទេ 35ហើយ​គេ​មិន​បាន​ដឹង​គុណ​ដល់​ក្រុម​គ្រួ​សារ​របស់​យេរូ-បាល (គឺ​គេឌាន) តាម​គ្រប់​ទាំង​អំពើ​ល្អ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​អ៊ីស្រា‌អែល​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ពួក​ចៅ‌ហ្វាយ 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល