ពួក​ចៅ‌ហ្វាយ 7:1-8

ពួក​ចៅ‌ហ្វាយ 7:1-8 គកស១៦

ដូច្នេះ យេរូ-បាល (គឺ​គេឌាន) និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​លោក ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ‌ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ ឯ​ជំរំ​ទ័ព​របស់​ពួក​ម៉ាឌាន​ស្ថិត​នៅ​ខាង​ជើង​ពួក​គេ ជិត​ភ្នំ​ម៉ូរេ ត្រង់​ច្រក​ភ្នំ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គេឌាន​ថា៖ «ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​អ្នក មាន​គ្នា​ច្រើន​ពេក​ណាស់ យើង​ប្រគល់​ពួក​ម៉ាឌាន​មកក្នុង​កណ្ដាប់​ដៃ​គេ​មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រា‌អែល​អួត​ខ្លួនទាស់​នឹង​យើង ដោយ​ពោល​ថា គេ​បាន​សង្គ្រោះ​ដោយ​សារ​កម្លាំង​ដៃ​របស់​ខ្លួន។ ដូច្នេះ ចូរ​ប្រកាស​ប្រាប់​ដល់​ត្រចៀក​បណ្ដា‌ជន​ថា "អ្នក​ណា​ភ័យ​ខ្លាច ហើយ​ញាប់​ញ័រ ត្រូវ​ឲ្យ​អ្នក​នោះ​វិល​ពី​ភ្នំ​កាឡាត ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ"»។ ពេល​នោះ មាន​មនុស្ស​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់​បាន​ត្រឡប់​វិល​ទៅ​វិញ នៅ​សល់​តែ​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គេឌាន​ទៀត​ថា៖ «មនុស្ស​នៅ​តែ​មាន​ចំនួន​ច្រើន​ពេក​នៅ​ឡើយ។ ចូរ​នាំ​គេ​ចុះ​ទៅ​ឯ​ទឹក យើង​នឹង​ល្បង​ល​គេ​ឲ្យ​អ្នកនៅ​ទី​នោះ អ្នក​ណា​ដែល​យើង​ប្រាប់​អ្នក​ថា អ្នក​នេះ​ត្រូវ​ទៅ​ជា​មួយ​អ្នក នោះ​នឹង​ត្រូវ​ទៅ ឯ​អ្នក​ណា​ដែល​យើង​ប្រាប់​អ្នក​ថា អ្នក​នេះ​មិន​ត្រូវ​ទៅ​ជា​មួយ​អ្នក​ទេ នោះ​មិន​ត្រូវ​ទៅ​ឡើយ»។ ដូច្នេះ លោក​ក៏​នាំ​បណ្ដា​ជន​ចុះ​ទៅ​ក្នុង​ទឹក រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​គេឌាន​ថា៖ «អស់​អ្នក​ណា​ដែល​លិឍ​ទឹក​នឹង​អណ្ដាត​ដូច​ឆ្កែ នោះ​ត្រូវ​ញែក​ដោយ​ឡែក ហើយ​អស់​អ្នក​ណា​ដែល​លុត​ជង្គង់​ផឹក​ទឹក នោះ​ក៏​ត្រូវ​ញែក​ដោយ​ឡែក​ដែរ»។ ឯ​មនុស្ស​ដែល​លិឍ​ទឹក​ដោយ​ក្បង់​នឹង​ដៃ មាន​ចំនួន​បី​រយ​នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​អ្នក​លុត​ជង្គង់​ផឹក​ទឹក​ទាំង​អស់។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​គេ​ឌាន​ថា៖ «យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដោយ‌សារ​មនុស្ស​បី​រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក​នេះ ឯ​មនុស្ស​ឯ​ទៀត ត្រូវ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​រៀង​ខ្លួន​វិញ​ទៅ»។ ដូច្នេះ គេឌាន​ក៏​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​ជំរំ​របស់​គេ​រៀង​ខ្លួន ទុក​នៅ​តែ​ពួក​បី​រយ​នាក់​នោះ​ប៉ុណ្ណោះ។ ដូច្នេះ បណ្ដា​ជន​ក៏​យក​ស្បៀង​អាហារ និង​ត្រែ​របស់​គេ​កាន់​ជាប់​នឹង​ដៃ ឯ​ជំរំ​របស់​ពួក​ម៉ាឌាន​ស្ថិត​នៅ​ខាង​ក្រោម គឺ​នៅ​ច្រក​ភ្នំ។