កាលពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ដោយព្រោះសាសន៍ម៉ាឌាន ព្រះយេហូវ៉ាក៏ចាត់ហោរាម្នាក់ឲ្យមកឯពួកកូនចៅអ៊ីស្រាអែល ហើយលោកប្រាប់គេថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "យើងបាននាំអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ គឺឲ្យចេញពីផ្ទះដែលអ្នកធ្វើជាទាសករ។ យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ និងពីកណ្ដាប់ដៃរបស់អស់អ្នកដែលសង្កត់សង្កិនអ្នករាល់គ្នា ក៏បានបណ្តេញគេចេញពីមុខអ្នករាល់គ្នាទៅ ហើយបានប្រគល់ស្រុករបស់គេមកឲ្យអ្នករាល់គ្នា។ យើងបានប្រាប់អ្នករាល់គ្នាថា យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវខ្លាចព្រះទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលអ្នករាល់គ្នារស់នៅក្នុងស្រុកគេនោះឡើយ" តែអ្នករាល់គ្នាមិនបានស្តាប់តាមបង្គាប់យើងសោះ»។ គ្រានោះ ទេវតារបស់ព្រះយេហូវ៉ាបានមកអង្គុយនៅក្រោមដើមម៉ៃសាក់នៅអូប្រា ដែលជារបស់យ៉ូអាស ក្នុងអំបូរអ័បៀស៊ើរ រីឯគេឌានជាកូនរបស់លោក កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន។ ទេវតារបស់ព្រះយេហូវ៉ាបានបង្ហាញខ្លួនឲ្យលោកឃើញ ហើយប្រាប់ថា៖ «នែ៎ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាគង់ជាមួយអ្នក»។ គេឌានឆ្លើយតបថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះយេហូវ៉ាគង់នៅជាមួយយើងខ្ញុំមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ ដែលបុព្វបុរសរបស់យើងខ្ញុំបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាបាននាំយើងឡើងចេញពីស្រុកអេស៊ីព្ទមកនោះ? ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ពួកម៉ាឌានហើយ»។ ព្រះយេហូវ៉ាបែរមកឯលោក ហើយមានព្រះបន្ទូលថា៖ «ចូរចេញទៅដោយសារកម្លាំងរបស់អ្នកនេះចុះ ហើយសង្គ្រោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន គឺយើងចាត់អ្នកឲ្យទៅ»។ លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំអាចសង្គ្រោះអ៊ីស្រាអែលបាន? មើល៍ ត្រកូលទូលបង្គំខ្សត់ខ្សោយជាងគេក្នុងពួកម៉ាណាសេ ហើយទូលបង្គំក៏ជាអ្នកតូចជាងគេនៅក្នុងគ្រួសារបស់ឪពុកទូលបង្គំដែរ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលតបថា៖ «យើងនឹងនៅជាមួយអ្នក ហើយអ្នកនឹងវាយសាសន៍ម៉ាឌាន ដូចជាវាយមនុស្សតែម្នាក់»។
អាន ពួកចៅហ្វាយ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ពួកចៅហ្វាយ 6:7-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ