ពួក​ចៅ‌ហ្វាយ 6

6
សាសន៍​ម៉ាឌាន​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល
1ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ព្រះ‌យេហូវ៉ា​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ម៉ាឌាន​អស់​ប្រាំពីរ​ឆ្នាំ។ 2ពួក​សាសន៍​ម៉ាឌាន​ក៏​មាន​កម្លាំង​ឡើង ឈ្នះ​ពួក​អ៊ីស្រា‌អែល គឺ​ដោយ​ព្រោះ​តែ​សាសន៍​ម៉ាឌាន​នោះ​ហើយ​បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​រូង​នៅ​ក្នុង​ភ្នំ ធ្វើ​រអាង និង​ទី​ជម្រក​សម្រាប់​ខ្លួន។ 3ដ្បិត​ពេល​ណា​ពួក​អ៊ីស្រា‌អែល​បាន​សាប‌ព្រោះ ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ា‌ឡេក និង​មនុស្ស​នៅ​ស្រុក​ខាង​កើត ឡើង​មក​ទាស់នឹង​គេ។ 4គេ​មក​បោះ‌ទ័ព​ទាស់​នឹង​អ៊ីស្រា‌អែល ហើយ​បំផ្លាញ​ផល​ដំណាំ​កើត​ពី​ដី រហូត​ដល់​ក្រុង​កាសា ឥត​មាន​ទុក​ស្បៀង​អាហារ​ណា ឲ្យ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ទោះ​ទាំង​ចៀម គោ ឬ​លា​ក្តី។ 5ដ្បិត​គេ​ឡើង​មក​ទាំង​ដឹក​ហ្វូង​សត្វ និង​ជំរំ​របស់​គេ​មក​ជាមួយ គេ​ចូល​មក​មាន​គ្នា​ជា​ច្រើន​ដូច​កណ្តូប ឯ​ខ្លួន​គេ និង​សត្វ​អូដ្ឋ​របស់​គេ នោះ​រាប់​មិន​អស់​ឡើយ គឺ​គេ​ចូល​មក​ដើ​ម្បី​តែ​នឹង​បំផ្លាញ​ស្រុក​ប៉ុណ្ណោះ។ 6ពួក​កូន​ចៅ​អ៊ីស្រា‌អែលបាន​ធ្លាក់​ខ្លួនក្រខ្សត់​យ៉ាង​ខ្លាំង ដោយ​ព្រោះ​សាសន៍​ម៉ាឌាន។ ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែលក៏​ស្រែក​អំពាវ‌នាវរក​ព្រះ‌យេហូវ៉ា។
7កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បានស្រែក​អំពាវ​នាវ​រក​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សាសន៍​ម៉ាឌាន 8ព្រះ‌យេហូវ៉ា​ក៏​ចាត់​ហោរា​ម្នាក់​ឲ្យ​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​លោក​ប្រាប់​គេ​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​បាន​នាំ​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​ចេញ​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ 9យើង​បានរំ​ដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ និង​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា ក៏​បាន​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៅ ហើយ​បាន​ប្រគល់​ស្រុក​របស់​គេ​មក​ឲ្យ​អ្នក​រាល់​គ្នា។ 10យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​ត្រូវ​ខ្លាច​ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​អាម៉ូរី ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​គេ​នោះ​ឡើយ" តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​បង្គាប់​យើង​សោះ»។
ព្រះ​ត្រាស់ហៅ​លោក​គេឌាន
11គ្រា​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ាបាន​មក​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់​នៅ​អូប្រា ដែល​ជា​របស់​យ៉ូអាស ក្នុង​អំបូរ​អ័បៀ‌ស៊ើរ រីឯ​គេឌាន​ជា​កូន​របស់​លោក កំពុង​តែ​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន។ 12ទេវតារបស់​ព្រះ‌យេហូវ៉ាបានបង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា៖ «នែ៎ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​អ្នក»។ 13គេ​ឌាន​ឆ្លើយ​តប​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា​មួយ​យើង​ខ្ញុំ​មែន ហេតុ​អ្វី​បាន​ជា​ការ​ទាំង​អស់​នេះ​កើត​ឡើង​ដល់​យើង​ខ្ញុំ​ដូច្នេះ? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​ថ្លែង​ប្រាប់​ត​មក​ថា ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មកនោះ? ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ព្រះ‌អង្គ​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន​ហើយ»។ 14ព្រះ‌យេហូវ៉ា​បែរ​មក​ឯ​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ដោយ‌សារ​កម្លាំង​របស់​អ្នក​នេះ​ចុះ ហើយ​សង្គ្រោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ»។ 15លោក​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូល‌បង្គំ​អាច​សង្គ្រោះ​អ៊ីស្រាអែល​បាន? មើល៍ ត្រកូល​ទូល‌បង្គំ​ខ្សត់​ខ្សោយ​ជាង​គេ​ក្នុង​ពួក​ម៉ាណា‌សេ ហើយ​ទូល‌បង្គំ​ក៏​ជា​អ្នក​តូច​ជាង​គេនៅ​ក្នុងគ្រួសា​របស់​ឪពុក​ទូល‌បង្គំ​ដែរ»។ 16ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​ថា៖ «យើង​នឹង​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​សាសន៍​ម៉ាឌាន ដូច​ជា​វាយ​មនុស្ស​តែ​ម្នាក់»។ 17លោក​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ សូម​សម្ដែង​ទី​សម្គាល់​មួយ​ឲ្យ​ទូល‌បង្គំ​ដឹង​ថា គឺ​ពិត​ជា​ព្រះ‌អង្គ​មែន​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ។ 18សូម​កុំ​យាង​ចេញ​ពី​ទី​នេះ​ឡើយ ចាំ​ឲ្យ​ទូល‌បង្គំ​ត្រឡប់​មក​វិញ ហើយ​នាំ​យក​តង្វាយ​របស់​ទូល‌បង្គំ មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌អង្គ​សិន»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​នៅ​ចាំ​រហូត​អ្នក​ត្រឡប់​មក​វិញ»។
19ដូច្នេះ គេឌាន​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក ហើយ​រៀបចំ​កូន​ពពែ​មួយ និង​នំបុ័ង​ឥត​ដំបែ​ធ្វើ​ពី​ម្សៅ​មួយ​ថាំង។ លោក​យក​សាច់​ដាក់​ក្នុង​កញ្ច្រែង ហើយ​ដាក់​ទឹក​សម្ល​ក្នុង​ចាន នាំ​យក​មក​ថ្វាយ​ព្រះ‌អង្គ នៅក្រោម​ដើម​ម៉ៃសាក់ លោក​ក៏​ថ្វាយ​តង្វាយ​នោះ​ដល់​ព្រះ‌អង្គ។ 20ទេវតារបស់​ព្រះ​ពោល​មក​កាន់​លោក​ថា៖ «ចូរ​យក​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ មក​ដាក់​នៅ​លើ​ថ្ម​នេះ ហើយ​ចាក់​ទឹក​សម្ល​ពី​លើ​ទៅ»។ លោក​ក៏​ធ្វើ​តាម​ដូច្នោះ។ 21ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង​ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ រួច​ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​មក​បញ្ឆេះ​សាច់ និង​នំបុ័ង​ឥត​ដំបែ​អស់​ទៅ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ស្រាប់​តែ​បាត់​ពី​មុខ​លោក​ទៅ។ 22កាល​គេឌាន​ដឹង​ថា ជា​ទេវតា​របស់​ព្រះ‌យេហូវ៉ា លោកក៏​ពោល​ថា៖ «វរ​ហើយ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ! ដ្បិត​ទូល‌បង្គំ​បាន​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​នៅ​ប្រទល់​មុខ»។ 23ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ថា៖ «សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត កុំ​ភ័យ​អី អ្នក​មិន​ត្រូវ​ស្លាប់​ទេ »។ 24ពេល​នោះ គេឌាន​ក៏​សង់​អាស‌នា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ រួច​ដាក់​ឈ្មោះ​ថា យេហូវ៉ា-សាឡិម (ដែល​មាន​ន័យ​ថា ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុខ​សាន្ត)។ អាសនា​នោះ​ស្ថិត​នៅ​ត្រង់​អូប្រា ដែល​ជា​របស់​ពួក​អ័បៀ‌ស៊ើរ រហូត​ដល់​សព្វ​ថ្ងៃ។
25នៅ​យប់​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​យក​គោ​ឈ្មោល​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ​អាយុ​ប្រាំពីរ​ខួប ទៅ​ទាញ​រំលំ​អាសនា​របស់​ព្រះ‌បាល ដែល​ជា​របស់​ឪពុក​អ្នក ហើយ​កាប់​បំផ្លាញ​បង្គោល​សក្ការៈ ដែល​នៅ​ក្បែរ​នោះ​ចេញ 26រួច​សង់​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​លើ​កំពូល​ភ្នំ​នោះ ដោយ​រៀប​ថ្ម​ឲ្យ​បាន​ត្រឹម​ត្រូវ។ បន្ទាប់​មក ត្រូវ​យក​គោ​ទី​ពីរ​ថ្វាយ​ជា​តង្វាយ​ដុត ដោយ​យក​បង្គោល​សក្ការៈ ដែល​អ្នក​បាន​កាប់​នោះ មក​ធ្វើ​ជា​ឧសសម្រាប់​ដុត»។ 27ដូច្នេះ គេឌាន​នាំ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់ ហើយ​ធ្វើ​តាមដូច​ព្រះ‌យេហូវ៉ា​បាន​ប្រាប់លោក តែ​ដោយ​ព្រោះ​លោក​ខ្លាចមនុស្ស​នៅ​ក្នុង​គ្រួសារ​របស់​លោក និង​មនុស្ស​នៅ​ទី​ក្រុង លោក​មិន​ហ៊ា​ន​ធ្វើ​នៅ​ពេល​ថ្ងៃ​ទេ គឺ​លោក​ធ្វើ​នៅ​ពេល​យប់​វិញ។
លោក​គេឌាន​បំផ្លាញ​អាសនា​របស់​ព្រះ​បាល
28កាលមនុស្ស​នៅ​ទី​ក្រុងបាន​ក្រោក​ឡើង​ពី​ព្រលឹម ឃើញ​អាសនា​របស់​ព្រះ​បាល​ត្រូវ​គេ​រំលំ បង្គោល​សក្ការៈ​ដែល​នៅ​ជិត​នោះ ត្រូវ​គេ​កាប់​ចោល ហើយ​គោ​ទី​ពីរត្រូវ​បាន​គេ​ថ្វាយ​នៅ​លើ​អាសនា​ដែល​គេ​សង់​ឡើង 29គេក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​អ្នក​ណា​បាន​ធ្វើ​ការ​នេះ?» កាល​គេ​បាន​ស៊ើប​សួរ​ទៅ នោះ​មាន​គេ​ប្រាប់​ថា៖ «គឺ​គេឌាន ជា​កូន​យ៉ូអាស បាន​ធ្វើ​ការ​នេះ»។ 30ពេល​នោះ មនុស្ស​នៅ​ទី​ក្រុង​ពោល​ទៅ​កាន់​យ៉ូអាស​ថា៖ «ចូរ​នាំ​កូន​របស់​អ្នក​ចេញ​មក វាត្រូវ​តែ​ស្លាប់ ដ្បិត​វា​បាន​រំលំ​អាសនា​របស់​ព្រះ‌បាល ហើយ​កាប់​បំផ្លាញបង្គោល​សក្ការៈ​ដែល​នៅជិត​នោះ​ទៀត​ផង»។ 31ប៉ុន្ដែ យ៉ូអាស​ឆ្លើយ​តប​ទៅ​អស់​អ្នក​ដែល​មក​ទាស់​នឹង​លោក​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​តវ៉ា​ជំនួស​ព្រះ​បាល? ឬ​ក៏​អ្នក​រាល់​គ្នា​ចង់​សង្គ្រោះ​ព្រះ‌បាល? អ្នក​ណា​ដែល​ចង់​តវ៉ា​ជំនួស​ព្រះ‌បាល អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​មុន​ថ្ងៃ​រះ។ ប្រសិន‌បើព្រះ​បាល​ជា​ព្រះ ទុក​ឲ្យ​លោក​តវ៉ា​ដោយ​ខ្លួន​ឯង​ទៅ ព្រោះ​គេ​បាន​រំលំ​អាសនា​របស់​លោក​ហើយ»។ 32ដូច្នេះ នៅ​ថ្ងៃ​នោះ គេ​ហៅ​គេឌាន ថា «យេរូ-បាល» ដែល​មាន​ន័យ​ថា «ទុក​ឲ្យ​ព្រះ‌បាល​តវ៉ា​នឹង​គាត់ទៅ ព្រោះ​គាត់​បាន​រំលំ​អាសនា​របស់​លោក»។
33គ្រា​នោះ ពួក​សាសន៍​ម៉ាឌាន​ទាំង​ប៉ុន្មាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​មនុស្ស​នៅ​ស្រុក​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ឆ្លង​ទន្លេ​យ័រ​ដាន់​មក​បោះ‌ទ័ព​នៅ​ជ្រលង​ភ្នំ​យេស‌រាល។ 34ប៉ុន្ដែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​សណ្ឋិត​លើ​គេឌាន លោក​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​កោះ​ហៅ​ពួក​អ័បៀ‌ស៊ើរ​ឲ្យ​មក​តាម​លោក។ 35លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ពាស​ពេញ​ស្រុក​ម៉ាណា‌សេ​ទាំង​មូល ហើយ​កោះ​ហៅ​ពួក​គេ​ឲ្យ​មក​តាម​លោក​ដែរ។ លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ឯ​ពួក​អេស៊ើរ ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី​ទៀត ហើយ​គេ​ក៏​ឡើង​មក​ជួប​លោក។
ទី​សម្គាល់​អំពី​រោម​ចៀម
36ពេល​នោះ គេឌាន​ទូល​ដល់​ព្រះ​ថា៖ «ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល ដោយ‌សារ​ដៃ​របស់​ទូល‌បង្គំ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មែន 37មើល៍ ទូល‌បង្គំ​ដាក់​រោម​ចៀម​នេះ​នៅ​ទី​លាន​ស្រូវ។ ប្រសិន‌បើ​ឃើញ​មាន​សន្សើម​នៅ​តែលើ​រោម​ចៀម ហើយ​ដី​ទាំង​អស់​ស្ងួត នោះ​ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល​ដោយ‌សារ​ដៃ​ទូល‌បង្គំ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មែន»។ 38នោះ​ក៏​កើត​មាន​ដូច្នោះ។ លុះ​ស្អែក​ឡើង លោក​ក្រោក​ពី​ព្រលឹម ហើយ​ច្របាច់​ពូត​រោម​ចៀម​នោះ បាន​ទឹក​សន្សើម​ពេញ​មួយ​ចាន។ 39ពេល​នោះ គេឌាន​ទូល​ទៅ​ព្រះ​ថា៖ «សូម​ព្រះ‌អង្គ​កុំ​ខ្ញាល់​នឹង​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​សូម​ទូល​តែ​ម្តង​ទៀត​ប៉ុណ្ណោះ។ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​សាក​រោម​ចៀម​នេះ​ម្តង​ទៀត គឺ​សូម​ឲ្យ​ស្ងួត​តែ​រោម​ចៀម​ប៉ុណ្ណោះ ហើយ​ឲ្យ​ដី​ទាំង​ប៉ុន្មាន​មាន​ទឹក​សន្សើម​វិញ»។ 40ព្រះ‌ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​យប់​នោះ គឺ​មាន​តែ​រោម​ចៀម​ប៉ុណ្ណោះ​ដែល​ស្ងួត តែ​នៅ​ពេញ​លើ​ដី មាន​សុទ្ធ​តែ​ទឹក​សន្សើម។

ទើបបានជ្រើសរើសហើយ៖

ពួក​ចៅ‌ហ្វាយ 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល