យ៉ាកុប 2:15-26

យ៉ាកុប 2:15-26 គកស១៦

ប្រសិន‌បើ​មាន​បង‌ប្អូន​ប្រុស​ស្រី​ណា​ម្នាក់​នៅ​អាក្រាត ហើយ​ខ្វះ​អាហារ​បរិ‌ភោគ​រាល់​ថ្ងៃ ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ពោល​ទៅ​អ្នក​នោះ​ថា «សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ​សាន្ត សូម​ឲ្យ​បាន​កក់​ក្តៅ ហើយ​ឲ្យ​បាន​ឆ្អែត​ចុះ!» តែ​មិន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​កាយ​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី? រី​ឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ។ ប៉ុន្តែ អ្នក​ខ្លះ​នឹង​ពោល​ថា៖ «អ្នក​ឯង​មាន​ជំនឿ រី​ឯ​ខ្ញុំ​វិញ​មាន​ការ​ប្រព្រឹត្ត» ដូច្នេះ ចូរ​អ្នក​បង្ហាញ​ជំនឿ​របស់​អ្នក ដោយ​ឥត​មាន​ការ​ប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះ​ខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់​ខ្ញុំ ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​ដែរ។ អ្នក​ជឿ​ថា​មាន​ព្រះ​តែ​មួយ នោះ​ត្រូវ​ហើយ សូម្បី​តែ​ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ព្រម​ទាំង​ព្រឺ​ខ្លាច​ទៀត​ផង។ ឱ​មនុស្ស​កម្លៅ​អើយ តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​បង្ហាញ​ថា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត នោះ​ឥត​ប្រយោជន៍​ឬ​ទេ? ចុះ​លោក​អ័ប្រា‌ហាំ ជា​បុព្វ​បុរស​របស់​យើង តើ​មិន​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ប្រព្រឹត្ត នៅ​ពេល​លោក​បាន​ថ្វាយ​អ៊ីសាក​ជា​កូន នៅ​លើ​អាសនា​ទេ​ឬ? អ្នក​ឃើញ​ហើយ​ថា ជំនឿ​បាន​រួម​ជា​មួយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ហើយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ធ្វើ​ឲ្យ​ជំនឿ​បាន​គ្រប់​លក្ខណ៍។ យ៉ាង​នោះ​ក៏​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា៖ «លោក​អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​ព្រះ‌អង្គ​បាន​រាប់​សេចក្តី​នោះ​ជា​សុចរិត​ដល់​លោក» ដូច្នេះ ព្រះ​ក៏​ហៅ​លោក​ថា​ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌អង្គ។ អ្នក​រាល់​គ្នា​ឃើញ​ហើយ​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ប្រព្រឹត្ត មិន​មែន​ដោយ​សារ​តែ​ជំនឿ​ប៉ុណ្ណោះ​ទេ។ នាង​រ៉ាហាប ជា​ស្ត្រី​ពេស្យា ក៏​ដូច្នោះ​ដែរ តើ​នាង​មិន​បាន​រាប់​ជា​សុចរិត ដោយ​សារអំពើ​ដែល​នាង​ប្រព្រឹត្ត​ទេ​ឬ? គឺ​នៅ​ពេល​ដែល​នាង​ទទួល​ពួក​អ្នក​នាំ​សារ ហើយ​ឲ្យ​គេ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។ ដ្បិត​ដូច​ជា​រូប‌កាយ​ដែល​គ្មាន​វិញ្ញាណ ជា​រូប​កាយ​ដែល​ស្លាប់​យ៉ាង​ណា នោះ​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត ក៏​ស្លាប់​យ៉ាង​នោះ​ដែរ។

អាន យ៉ាកុប 2