បងប្អូនខ្ញុំអើយ បងប្អូនមានជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ប្រកបដោយសិរីល្អរបស់យើងហើយ មិនត្រូវរើសមុខអ្នកណាឡើយ។ ដ្បិតប្រសិនបើមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ដ៏មានតម្លៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ ប្រសិនបើអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់ដ៏មានតម្លៃនោះ ហើយពោលថា «សូមអញ្ជើញអង្គុយនៅកន្លែងទីល្អនេះ» តែប្រាប់ទៅអ្នកក្រថា «ចូរឈរនៅទីនោះទៅ» ឬថា «អង្គុយនៅក្បែរជើងខ្ញុំនេះហើយ» នោះតើអ្នករាល់គ្នាមិនបានរាប់អានមនុស្សដោយរើសមុខ ក្នុងចំណោមអ្នករាល់គ្នា ហើយត្រឡប់ជាវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ? បងប្អូនស្ងួនភ្ងាអើយ ចូរស្តាប់ចុះ តើព្រះមិនបានរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានខាងជំនឿ ហើយជាអ្នកទទួលមត៌កក្នុងព្រះរាជ្យ ដែលព្រះអង្គបានសន្យាដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ? តែអ្នករាល់គ្នាបែរជាបន្តុះបង្អាប់អ្នកក្រនោះទៅវិញ។ តើមិនមែនជាពួកអ្នកមានទេឬ ដែលសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាចូលទៅតុលាការ? តើមិនមែនជាពួកគេទេឬ ដែលប្រមាថដល់ព្រះនាមដ៏ប្រសើរ ដែលអ្នករាល់គ្នាបានអំពាវនាវរក? ប្រសិនបើអ្នករាល់គ្នាកាន់តាមក្រឹត្យវិន័យ ដូចមានចែងក្នុងបទគម្ពីរថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង» នោះអ្នកប្រព្រឹត្តបានល្អប្រសើរហើយ។ ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នារើសមុខ នោះអ្នករាល់គ្នាប្រព្រឹត្តអំពើបាបហើយ ហើយក្រឹត្យវិន័យក៏កាត់ទោសអ្នករាល់គ្នា ទុកដូចជាអ្នកប្រព្រឹត្តអំពើរំលងដែរ។ ដ្បិតអ្នកណាដែលកាន់តាមក្រឹត្យវិន័យទាំងមូល តែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានកំហុសនឹងក្រឹត្យវិន័យទាំងមូលហើយ។ ព្រោះព្រះអង្គដែលមានព្រះបន្ទូលថា «កុំប្រព្រឹត្តអំពើផិតក្បត់» ព្រះអង្គក៏មានព្រះបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»ដែរ។ ប្រសិនបើអ្នកមិនបានប្រព្រឹត្តអំពើផិតក្បត់ទេ តែបានសម្លាប់មនុស្សវិញ នោះឈ្មោះថា អ្នកបានប្រព្រឹត្តរំលងក្រឹត្យវិន័យហើយ។ ដូច្នេះ ត្រូវនិយាយ និងប្រព្រឹត្តទុកដូចជាអស់អ្នកដែលត្រូវទទួលការជំនុំជម្រះ នៅក្រោមក្រឹត្យវិន័យនៃសេរីភាពចុះ។
អាន យ៉ាកុប 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ាកុប 2:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ