យ៉ាកុប 2:1-10

យ៉ាកុប 2:1-10 គកស១៦

បង‌ប្អូន​ខ្ញុំ​អើយ បង​ប្អូន​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរីល្អ​របស់​យើង​ហើយ មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។ ដ្បិត​ប្រសិន‌បើ​មាន​អ្នក​ណា​ចូល​មក​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ទាំង​ពាក់​ចិញ្ចៀន​មាស និង​សម្លៀក​បំពាក់​ដ៏​មាន​តម្លៃ ហើយ​មាន​អ្នក​ក្រ​ម្នាក់​ស្លៀក​ពាក់​កខ្វក់​ចូល​មក​ដែរ ប្រសិន​បើ​អ្នក​រាល់​គ្នា​មើល​ទៅ​អ្នក​ដែល​ស្លៀក​ពាក់ដ៏​មាន​តម្លៃ​នោះ ហើយ​ពោល​ថា «សូមអញ្ជើញ​អង្គុយ​នៅ​កន្លែង​ទី​ល្អ​នេះ» តែ​ប្រាប់​ទៅ​អ្នក​ក្រ​ថា «ចូរ​ឈរ​នៅ​ទី​នោះទៅ» ឬ​ថា «អង្គុយ​នៅ​ក្បែរ​ជើង​ខ្ញុំ​នេះ​ហើយ» នោះ​តើ​អ្នក​រាល់​គ្នា​មិន​បាន​រាប់​អាន​មនុស្ស​ដោយ​រើស​មុខ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ត្រឡប់​ជា​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ? បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ស្តាប់​ចុះ តើ​ព្រះ​មិន​បាន​រើស​អ្នក​ក្រក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ខាង​ជំនឿ ហើយ​ជា​អ្នក​ទទួល​មត៌ក​ក្នុង​ព្រះរាជ្យ ដែល​ព្រះ‌អង្គ​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ​ទេ​ឬ? តែ​អ្នក​រាល់​គ្នា​បែរ​ជា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះទៅ​វិញ។ តើ​មិន​មែន​ជា​ពួក​អ្នក​មាន​ទេ​ឬ ដែល​សង្កត់​សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ចូល​ទៅ​តុលាការ? តើ​មិន​មែន​ជា​ពួក​គេ​ទេ​ឬ ដែល​ប្រមាថ​ដល់​ព្រះ‌នាម​ដ៏​ប្រសើរ ដែល​អ្នក​រាល់​គ្នាបាន​អំពាវ​នាវ​រក? ប្រសិន‌បើ​អ្នក​រាល់​គ្នា​កាន់​តាម​ក្រឹត្យ‌វិន័យ ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​ថា៖ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង» នោះ​អ្នកប្រព្រឹត្ត​បាន​ល្អ​ប្រសើរ​ហើយ។ ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​រើស​មុខ នោះ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ហើយ ហើយ​ក្រឹត្យ‌វិន័យ​ក៏​កាត់​ទោស​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​ប្រព្រឹត្ត​អំពើ​រំលង​ដែរ។ ដ្បិត​អ្នក​ណា​ដែល​កាន់តាម​ក្រឹត្យ‌វិន័យ​ទាំង​មូល តែ​ភ្លាត់​ជំពប់​នឹង​បទ​ណា​មួយ នោះ​ក៏​ត្រឡប់​ជា​មាន​កំហុសនឹង​ក្រឹត្យ‌វិន័យ​ទាំង​មូល​ហើយ។

អាន យ៉ាកុប 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ាកុប 2:1-10