អេសាយ 53
53
1តើមានអ្នកណាបានជឿដំណឹងដែលយើងប្រាប់?
ហើយតើអ្នកណាបានឃើញព្រះពាហុ
នៃព្រះយេហូវ៉ាបានសម្ដែង?
2ដ្បិតព្រះអង្គបានចម្រើនធំឡើងនៅចំពោះព្រះអង្គ
ដូចជាលំពង់ទន់ខ្ចី
ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង
ព្រះអង្គឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ
ហើយកាលយើងបានមើលព្រះអង្គ នោះក៏គ្មានភាពលម្អណា
ដែលឲ្យយើងរីករាយចិត្តដែរ។
3ព្រះអង្គត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល
ព្រះអង្គជាមនុស្សមានទុក្ខព្រួយ ហើយទទួលរងជំងឺរោគា
ដូចជាអ្នកដែលមនុស្សគេចមុខចេញ
ព្រះអង្គត្រូវគេមើលងាយ
ហើយយើងមិនបានរាប់អានព្រះអង្គសោះ។
4ព្រះអង្គបានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង
ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងពិត
ប៉ុន្តែ យើងរាល់គ្នាបានរាប់ព្រះអង្គទុកជាអ្នកមានទោសវិញ
គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា។
5ប៉ុន្តែ ព្រះអង្គត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង
ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ
ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី
នោះបានធ្លាក់ទៅលើព្រះអង្គ
ហើយយើងរាល់គ្នាបានប្រោសឲ្យជា
ដោយសារស្នាមរំពាត់នៅអង្គទ្រង់។
6យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម
គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន
ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិត
របស់យើងទាំងអស់គ្នាទៅលើព្រះអង្គ។
7ព្រះអង្គត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ
តែព្រះអង្គមិនបានហើបព្រះឧស្ឋសោះ
គឺដូចជាកូនចៀមដែលគេដឹកទៅសម្លាប់
ហើយដូចជាចៀមដែលគនៅចំពោះ
ពួកអ្នកកាត់រោមយ៉ាងណា
ព្រះអង្គក៏មិនបានហើបព្រះឧស្ឋសោះ។
8ព្រះអង្គត្រូវដកចេញពីអំណាចការពារ
និងពីសេចក្ដីយុត្តិធម៌
តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ?
ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់
ហើយត្រូវគេវាយ
ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។
9គេធ្វើកន្លែងបញ្ចុះសាកសពរបស់ព្រះអង្គ
នៅជាមួយពួកមនុស្សអាក្រក់
ហើយផ្នូររបស់ព្រះអង្គ នៅជាមួយពួកអ្នកមាន
ទោះបីព្រះអង្គមិនដែលប្រព្រឹត្តអំពើឃោរឃៅណា
ឬបោកបញ្ឆោតអ្នកណានៅក្នុងព្រះឧស្ឋ
របស់ព្រះអង្គក៏ដោយ។
10ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ
នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់
កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ
ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ
ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ
ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ
ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា
នឹងចម្រើនឡើងតាមរយៈព្រះអង្គ។
11ក្រោយពីការរងទុក្ខលំបាកយ៉ាងខ្លាំងមក
ព្រះអង្គនឹងឃើញពន្លឺ
ព្រះអង្គនឹងបានស្កប់ស្កល់
តាមរយៈព្រះតម្រិះរបស់ព្រះអង្គ។
អ្នកសុចរិត គឺជាអ្នកបម្រើរបស់យើង
នឹងធ្វើឲ្យមនុស្សជាច្រើនបានសុច្ចរិត
ហើយព្រះអង្គនឹងទទួលរងអំពើទុច្ចរិតរបស់គេ។
12ហេតុនោះ យើងនឹងឲ្យព្រះអង្គមានចំណែកជាមួយពួកអ្នកធំ
ហើយព្រះអង្គនឹងចែករបឹបជាមួយពួកអ្នកខ្លាំងពូកែ
ព្រោះព្រះអង្គបានច្រួចព្រលឹងចេញ រហូតដល់ស្លាប់
គេបានរាប់ព្រះអង្គទុកជាអ្នកទទឹងច្បាប់
ប៉ុន្តែ ព្រះអង្គបានទទួលរងទោស
នៃអំពើបាបរបស់មនុស្សជាច្រើន
ហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 53: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies