អេសាយ 48:12-22

អេសាយ 48:12-22 គកស១៦

ឱ​ពួក​យ៉ាកុប និង​អ៊ីស្រា‌អែល ជា​អ្នក​ដែល​យើង​បាន​ហៅ​អើយ ចូរ​ស្តាប់​យើង​ចុះ គឺ​យើង​នេះ​ហើយ យើង​ជា​ដើម ហើយ​ជា​ចុង។ ដៃ​យើង​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​យើង​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​យើង​ហៅ នោះ​ទាំង​ពីរ​ក៏​ឈរ​ឡើង​ជា‌មួយ​គ្នា។ ចូរ​អ្នក​ប្រជុំ​គ្នា ហើយ​ស្តាប់​ចុះ ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា​ដែល​ថ្លែង​ប្រាប់ ពី​ការ​ទាំង​នេះ​ឬ? អ្នក​មួយ​ដែល​ព្រះ‌យេហូវ៉ា​ស្រឡាញ់ គេ​នឹង​សម្រេច​ដល់​ក្រុង​បាប៊ី‌ឡូន តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ដៃ​របស់​គេ​នឹង​សង្កត់​លើ​ពួក​ខាល់ដេ យើង គឺ​យើង​នេះ​ហើយបាន​ពោល អើ យើង​បាន​ហៅ​គេ យើង​បាន​នាំ​គេ​មក ហើយ​គេ​នឹង​សម្រេច​កិច្ច‌ការ​តាម​វិធី​របស់​គេ។ ចូរ​អ្នក​រាល់​គ្នា​ចូល​មក​ជិត​យើង ហើយ​ស្តាប់​សេចក្ដី​នេះ​ចុះ តាំង​តែ​ពី​ដើម​ដំបូង​មក យើង​មិន​បាន​និយាយ​ដោយ​សម្ងាត់​ទេ តាំង​ពី​ការ​នោះ​ចាប់​ផ្តើម​កើត​ឡើង នោះ​យើង​ក៏​មាន​នៅ​ហើយ ឥឡូវ​នេះ ព្រះ‌អម្ចាស់‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​មក​ជា‌មួយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ជា​អ្នក​ដែល​បង្រៀន​ឲ្យ​អ្នក​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​អ្នក​ទៅ​ក្នុង​ផ្លូវ​ដែល​អ្នក​គួរ​ដើរ។ ឱ បើ​អ្នក​បាន​ស្តាប់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង នោះ​សេចក្ដី​សុខ​របស់​អ្នក​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​អ្នកនឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ។ ពូជ‌ពង្ស​អ្នក​ក៏​នឹង​បាន​ច្រើន​ដូច​ជា​ខ្សាច់ ហើយ​ផល​ដែល​កើត​ពី​អ្នក​មក នឹង​បាន​ដូច​ជា​គ្រាប់​ខ្សាច់​ទាំង​ប៉ុន្មាន ឈ្មោះ​គេ​ក៏​មិន​ត្រូវ​កាត់​ចេញ ឬ​បំផ្លាញ​ពី​មុខ​យើង​ឡើយ។ ចូរ​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ហើយ​រត់​ចេញ​ពី​កណ្ដាល​ពួក​ខាល់ដេ ចូរ​ប្រកាស​ប្រាប់ ដោយ​ឡើង​សំឡេង​ច្រៀង ចូរ​ថ្លែង​ពី​រឿង​នេះ ហើយ​បញ្ជូន​រហូត​ដល់​ចុង​ផែនដី​ផង ចូរ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោះ​ពួក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ហើយ។ គេ​មិន​បាន​ស្រេក​ឡើយ កំពុង​ដែល​ព្រះ‌អង្គ​នាំ​គេ​ដើរ​កាត់​សមុទ្រ​ខ្សាច់ គឺ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​សម្រាប់​គេ ព្រះ‌អង្គ​ក៏​បំបែក​ថ្មដា ឲ្យ​ទឹក​ផុស​ចេញ​មក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គ្មាន​សេចក្ដី​សុខ​សោះ សម្រាប់​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់។

អាន អេសាយ 48