អេសាយ 21

21
ទំនាយ​ពី​ការ​ដាក់​ទោស​ស្រុក​បាប៊ី‌ឡូន អេដុម និង​ស្រុក​អារ៉ាប់
1នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​វាល​រហាល​ក្បែរ​សមុទ្រ។
ការ​នេះ​មក​ពី​វាល​រហាល
គឺ​ជា​កន្លែង​គួរ​ស្ញែង‌ខ្លាច​ដូច​ខ្យល់​កំបុត​ត្បូង
ដែល​បក់​មក​បោស​កាត់​តំបន់​ណេកិប​ដែរ
2មាន​និមិត្ត​យ៉ាង​ធ្ងន់​បាន​ប្រាកដ​ដល់​ខ្ញុំ​ហើយ
គឺ​មនុស្ស​ឧបាយ គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ
ពួក​អ្នក​ដែល​ធ្លាប់​បំផ្លាញ ក៏​បំផ្លាញ​ទៅ
ឱ​ស្រុក​អេឡាំ​អើយ ចូរ​ឡើង​ទៅ
ឱ​សាសន៍​មេឌី​អើយ ចូរ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ចុះ
យើង​បាន​រម្ងាប់​ការថ្ងូរ​ចេញ​ពី​នោះ​ហើយ។
3ហេតុ​នោះ​បាន​ជា​ចង្កេះ​ខ្ញុំ​ចុក​សៀត​ជា​ខ្លាំង
សេចក្ដី​ឈឺ​ចាប់​បាន​គ្រប​សង្កត់​ខ្ញុំ
ដូច​ជា​ស្ត្រី​ឈឺ​នឹង​សម្រាល
ខ្ញុំ​បាន​វល់​គំនិត ដល់​ម៉្លេះ​បាន​ជា​ស្តាប់​អ្វី​មិន​ឮ
ក៏​ញ័រ​ខ្លួន​ទទាក់ ដល់​ម៉្លេះ​បាន​ជា​មើល​អ្វី​មិន​ឃើញ។
4ទ្រូង​ខ្ញុំ​ពើត​ខ្ទោកៗ
សេចក្ដី​ស្ញែង‌ខ្លាច​យ៉ាង​សម្បើម​បាន​បំភ័យ​ខ្ញុំ
វេលា​ព្រលប់​ដែល​ជា​ពេល​សប្បាយ​ដល់​ខ្ញុំ
នោះ​បាន​ត្រឡប់​ជា​វេលា​តក់‌ស្លុត​ដល់​ខ្ញុំ​វិញ។
5គឺ​គេ​រៀប​តុ ហើយ​ដាក់​ឲ្យ​ចាំ​យាម
រួច​គេ​ស៊ី​គេ​ផឹក ស្រាប់​តែ​ឮ​សម្រែក​ថា៖
ចូរ​ក្រោក​ឡើង​ពួក​មេ​ទាំង‌ឡាយ​អើយ
ចូរ​លាប​ខែល​ទៅ
6ដ្បិត​ព្រះ‌អម្ចាស់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖
ចូរ​ទៅ​ដាក់​អ្នក​ល្បាត​ម្នាក់​ឲ្យ​ចាំ​យាម
ឲ្យ​គេ​ប្រាប់​ហេតុ​ការណ៍​អ្វី​ដែល​គេ​ឃើញ។
7គេ​ក៏​ឃើញ​កង‌ទ័ព មាន​ពល​សេះ​ដើរ​ទន្ទឹម​គ្នា​មួយ​គូៗ
មាន​ម្នាក់​ជិះ​លើ​លា និង​ម្នាក់​ជិះ​លើ​អូដ្ឋ​ផង
គេ​ក៏​ប្រុង​ស្តាប់​អស់​ពី​ចិត្ត។
8រួច​ស្រែក​មក​ដូច​ជា​អ្នក​ចាំ​យាម ថា៖
«លោក​ម្ចាស់​អើយ
នៅ​វេលា​ថ្ងៃ ខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជា‌និច្ច
ហើយ​ក៏​នៅ​ត្រង់​ទី​ចាំ​យាម​របស់​ខ្ញុំ​រាល់​តែ​យប់​ដែរ។
9មើល៍! មាន​កង‌ទ័ព ជា​ពល​សេះ
ដើរ​មក​ទាំង​គូៗ!»
រួច​គេ​បន្លឺ​សំឡេង​ឡើង​ទៀត​ថា៖
«ដួល​ហើយ ក្រុង​បាប៊ី‌ឡូន​បាន​ដួល​ហើយ
អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ
បាន​បែក​ខ្ចាត់​ខ្ចាយ​នៅ​លើ​ដី»។
10ឱ​ពួក​អ្នក​ដែល​ត្រូវ​បញ្ជាន់
ជា​គ្រាប់​ពូជ​នៅ​ទី‌លាន​របស់​យើង​អើយ
សេចក្ដី​ដែល​បាន​ឮ​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល
នោះ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ។
11នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ពួក​ឌូម៉ា។
មាន​ម្នាក់​នៅ​ស្រុក​សៀរ​ស្រែក​មក​រក​ខ្ញុំ​ថា៖
អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ?
អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ?
12អ្នក​យាម​ក៏​ឆ្លើយ​តប​ថា៖
ពេល​ព្រឹក​កំពុង​តែ​មក ហើយ​យប់​ក៏​មក​ដែរ
បើ​អ្នក​ចង់​ដឹង ចូរ​សួរ​ចុះ
ចូរ​ត្រឡប់​មក​វិញ ចូរ​មក​ចុះ។
13នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់
ពី​ដំណើរ​ស្រុក​នៃ​ពួក​អារ៉ាប់។
ឱ​ពួក​សាសន៍​ដេដាន់ ដែល​ធ្វើ​ដំណើរ​ដង្ហែ​គ្នា​អើយ
ពួក​អ្នក​នឹង​ស្នាក់​នៅ​ក្នុង​ដង​ព្រៃ​នៅ​ស្រុក​អារ៉ាប់
14គេ​បាន​យក​ទឹក​មក​ឲ្យ​ពួក​អ្នក​ដែល​ស្រេក
ពួក​អ្នក​នៅ​ស្រុក​ថេម៉ា​បាន​យក​អាហារ
មក​ទទួល​ពួក​អ្នក​ដែល​រត់
15ដ្បិត​គេ​បាន​រត់​ឲ្យ​រួច​ពី​ដាវ គឺ​ពី​ដាវ​ដែល​ហូត​ស្រាប់
ពី​ធ្នូ​ដែល​ដំឡើង​ជា​ស្រេច
ហើយ​ពី​សេចក្ដី​វេទនា​នៃ​ការ​សឹក​សង្គ្រាម។
16ពី​ព្រោះ​ព្រះ‌អម្ចាស់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ក្នុង​រវាង​មួយ​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សិរី‌ល្អ​របស់​ពួក​កេដារ​នឹង​សូន្យ​បាត់​ទៅ 17ហើយ​ពួក​ពល​ធ្នូ ជា​ពួក​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​កូន​ចៅ​កេដារ ដែល​នៅ​សល់ នឹង​មាន​គ្នា​តិច​តួច​ទេ ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ជា​ស្រេច​ហើយ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 21: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល