ហេព្រើរ 7:7-28

ហេព្រើរ 7:7-28 គកស១៦

ធម្មតា អ្នក​ធំ​តែង​ឲ្យ​ពរ​អ្នក​តូច យើង​ពុំ​អាច​ប្រកែក​បាន​ឡើយ។ ក្នុង​ករណី​មួយ​នេះ មនុស្ស​ដែល​តែង​តែ​ស្លាប់ ទទួល​តង្វាយ​មួយ​ភាគ​ដប់ តែ​ក្នុង​ករណី​មួយ​ទៀត គឺ​ម្នាក់ដែលគម្ពីរ​ធ្វើ​ប​ន្ទាល់​ថា លោក​មាន​ជីវិត​រស់​នៅ។ គេ​អាច​និយាយ​បាន​ថា លោក​លេវី​ដែល​ទទួល​តង្វាយ​មួយ​ភាគ​ដប់ លោកក៏​បាន​ថ្វាយ​មួយ​ភាគ​ដប់ តាម​រយៈ​លោក​អ័ប្រា‌ហាំដែរ ដ្បិត​កាល​លោក​ម៉ិលគី‌ស្សាដែក​បាន​ជួប​លោក​អ័ប្រា‌ហាំ នោះ​លោក​លេវី​ស្ថិត​នៅ​ក្នុង​ខ្លួន​បុព្វ​បុរស​របស់​លោក​នៅ​ឡើយ។ ដូច្នេះ ប្រសិន‌បើ​មនុស្ស​បាន​គ្រប់​លក្ខណ៍ តាម​រយៈ​ការ‌ងារ​ជា​សង្ឃខាង​ពួក​លេវី​ទៅ​ហើយ (ដ្បិត​ក្រោម​ការ​ងារ​នោះ ប្រជា‌ជន​បាន​ទទួល​ក្រឹត្យ‌វិន័យ) តើ​ចាំ​បាច់​ឲ្យ​មាន​សង្ឃ​មួយ​ទៀត ដែល​មិន​បាន​តាំង​ឡើង​តាម​របៀបលោក​អើ​រ៉ុន គឺ​តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក​វិញ​ធ្វើ​អ្វី? ប្រសិន‌បើ​ការ‌ងារ​ជា​សង្ឃ​មាន​ការ​ផ្លាស់​ប្ដូរ នោះ​ក្រឹត្យ‌វិន័យ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ។ ដ្បិត​ឯ​ព្រះ‌អង្គ ដែល​សេចក្ដី​ទាំង​នេះ​បាន​ថ្លែង​ទុក​មក ទ្រង់​កើត​ពីកុល​សម្ព័ន្ធ​មួយ​ទៀត ដែល​គ្មាន​អ្នក​ណា​មួយ​ធ្លាប់​បាន​បម្រើ​នៅ​អាសនា​ឡើយ។ ព្រះ‌អម្ចាស់​នៃ​យើង បាន​ប្រសូត​ពី​កុល​សម្ព័ន្ធ​យូដា ហើយ​លោក​ម៉ូសេ​មិន​បាន​មាន​ប្រសាសន៍​អ្វី​អំពី​កុល​សម្ព័ន្ធ​នោះ ខាង​ឯ​ការ‌ងារ​ជា​សង្ឃ​ឡើយ។ សេចក្ដី​នេះ​ក៏​រឹង​រឹត​តែ​ច្បាស់ថែម​ទៀត នៅ​ពេល​មាន​សង្ឃ​មួយ​ផ្សេង​ទៀត​កើត​ឡើង តាម​បែប​លោក​ម៉ិលគី‌ស្សាដែក។ សង្ឃ​នោះ​មិន​បាន​តាំង​ឡើង​តាម​ក្រឹត្យ‌វិន័យ ដែល​មាន​បញ្ញត្តិ​ខាង​សាច់​ឈាម​ទេ គឺ​តាម​ព្រះ‌ចេស្តា​នៃ​ព្រះជន្ម​ដ៏​មិន​ចេះ​សាប​សូន្យ​នោះ​វិញ។ ដ្បិត​មាន​បន្ទាល់​ពី​ព្រះ‌អង្គ​ថា «អ្នក​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក» ។ ដូច្នេះ បញ្ញត្តិ​ដែល​មាន​ពី​មុន ត្រូវ​ទុក​មួយ​ឡែក ព្រោះ​ខ្សោយ ហើយ​ឥត​ប្រយោជន៍ (ដ្បិត​ក្រឹត្យ‌វិន័យ​មិន​ដែល​នាំ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ឡើយ)។ ម្យ៉ាង​ទៀត សេចក្តី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង បាន​ចូល​មក ដែល​តាម​រយៈ​សេចក្តី​សង្ឃឹម​នោះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ​បាន។ នេះ​មិន​មែន​ដោយ​ឥត​មាន​ពាក្យ​សម្បថ​ឡើយ ដ្បិត​អស់​អ្នក​ដែលបាន​ធ្វើ​ជា​សង្ឃ​ពី​មុន មាន​មុខ​ងារ​ជា​សង្ឃ ដោយ​គ្មាន​សម្បថ តែ​ព្រះ‌អង្គ​នេះ​វិញ ទ្រង់​បាន​ទទួល​មុខ​ងារ​ជា​សង្ឃ មាន​ទាំង​ពាក្យ​សម្បថ ដោយ​សារ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌អង្គ​ថា «ព្រះ‌អម្ចាស់​បាន​ស្បថ ហើយ​ទ្រង់​មិន​ផ្លាស់​ប្ដូរ​គំនិត​ឡើយថា "អ្នក​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច"» ។ ដូច្នេះ ព្រះ‌យេស៊ូវ​បាន​ត្រឡប់​ជា​អ្នក​ធានា​សេចក្ដី​សញ្ញា​មួយ​ដែល​ប្រសើរ​ជាង។ លើស​ពី​នេះ ពី​មុន​ពួក​សង្ឃ​មាន​គ្នា​ជា​ច្រើន ព្រោះ​គេ​តែង​តែ​ស្លាប់ ពុំ​អាច​បន្ដ​មុខ​ងារ​នៅ​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ តែ​ព្រះ​យេស៊ូវ​មាន​មុខ​ងារ​ជា​សង្ឃ​ជាប់​ជា​អចិន្ត្រៃយ៍ ព្រោះ​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជានិច្ច។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​អាច​សង្គ្រោះ ដល់​អស់​អ្នក​ដែល​ចូល​ជិត​ព្រះ​តាម​រយៈ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ​ជានិច្ច ដើម្បី​ទូល​អង្វរ​ឲ្យ​ពួកគេ។ ដ្បិត​គួរ​ឲ្យ​មាន​សម្តេច​សង្ឃ​យ៉ាង​នេះ​សម្រាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត។ ព្រះ‌អង្គ​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​រាល់​ថ្ងៃ ដូច​សម្តេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ឯង​ជា​មុន រួច​មក ដោយ​ព្រោះ​បាប​របស់​ប្រជា‌ជន​នោះ​ទេ ដ្បិត​ព្រះ‌អង្គ​បាន​ថ្វាយ​យញ្ញ‌បូជា ម្ដង​ជា​សូរេច គឺ​នៅ​ពេល​ដែល​ព្រះ‌អង្គ​ថ្វាយ​អង្គ​ទ្រង់​នោះ​ឯង។ ដ្បិត​ក្រឹត្យ‌វិន័យ​តែង​តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​សម្តេច​សង្ឃ ដោយ​គេ​មាន​ភាព​ទន់​ខ្សោយ តែ​ពាក្យ​សម្បថ​ដែល​មក​ក្រោយ​ក្រឹត្យ‌វិន័យ បាន​តែង​តាំង​ព្រះ‌រាជ‌បុត្រា ដែល​គ្រប់​លក្ខណ៍​នៅ​អស់​កល្ប​ជានិច្ច​វិញ។

អាន ហេព្រើរ 7