ហេព្រើរ 6:1-9

ហេព្រើរ 6:1-9 គកស១៦

ដូច្នេះ ចូរ​ឲ្យ​យើង​ចេញ​ពី​សេចក្តី​បង្រៀន​ខាង​ឯ​បឋម​សិក្សា​អំពី​ព្រះ‌គ្រីស្ទ​ទៅ ហើយ​ឈាន​ទៅ​រក​ភាព​ពេញ​វ័យ​វិញ មិន​ត្រូវ​ចាក់​គ្រឹះ​សា​ជា​ថ្មី​អំពី​ការ​ប្រែ​ចិត្ត​ពី​កិច្ច‌ការ​ដែល​ស្លាប់ អំពី​ជំនឿ​ដល់​ព្រះ អំពី​សេចក្តី​បង្រៀន​ខាង​ការ​ជ្រមុជ​ទឹក ការ​ដាក់​ដៃ​លើ ការ​រស់​ពី​ស្លាប់​ឡើង​វិញ និង​ការ​ជំនុំ‌ជម្រះ​ទោស​អស់​កល្ប​ជានិច្ច​នោះ​ទៀត​ឡើយ។ ប្រសិន‌បើ​ព្រះ​អនុញ្ញាត នោះ​យើង​នឹង​និយាយ​ពី​រឿង​នេះ។ ដ្បិត​អស់​អ្នក​ដែល​បាន​ភ្លឺ​ម្តង​មក​ហើយ ហើយ​បាន​ភ្លក់​អំណោយ‌ទាន​ពី​ស្ថាន‌សួគ៌ ក៏​មាន​ចំណែក​ជា​មួយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​បាន​ភ្លក់​ព្រះ‌បន្ទូល​ដ៏​ល្អ​របស់​ព្រះ និង​ព្រះ​ចេស្ដា​ទាំង​ឡាយ​នៃ​បរលោក ហើយ​បន្ទាប់​មក ប្រសិន‌បើ​គេ​ធ្លាក់​ចេញពី​ជំនឿ នោះ​គ្មាន​ផ្លូវ​ណា​នឹង​នាំ​ឲ្យ​គេ​ប្រែ​ចិត្ត​ម្តង​ទៀត​បាន​ឡើយ ព្រោះ​គេ​បាន​ឆ្កាង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​សា​ជា​ថ្មី ព្រម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌អង្គ​អាម៉ាស់​មុខ​ជា​សា‌ធារណៈ​ទៀត​ផង។ ដ្បិត​ដី​ដែល​បាន​ទទួល​ទឹក​ភ្លៀង​ធ្លាក់​មក​ជា​ញឹកញាប់ ហើយ​បង្កើត​ភោគ​ផល​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ភ្ជួរ​រាស់ នោះ​បាន​ទទួល​ព្រះ‌ពរ​ពី​ព្រះ​ហើយ។ ផ្ទុយ​ទៅ​វិញ ប្រសិន‌បើ​ដី​ណា​ដែល​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ ដី​នោះ​ឥត​ប្រយោជន៍​អ្វី​ឡើយ ក៏​ជិត​នឹង​ត្រូវ​បណ្តាសា​ដែរ ហើយ​ចុង​បំផុត​នឹង​ត្រូវ​ដុត​ចោល​មិន​ខាន។ បង‌ប្អូន​ស្ងួន​ភ្លា​អើយ ទោះ​បើ​យើង​និយាយ​បែប​នេះ​ក៏​ដោយ ក៏​យើង​ជឿ​ជាក់​ថា មាន​ការ​ប្រសើរ​ជា​ច្រើន​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ។

អាន ហេព្រើរ 6