តើមិនត្រូវឲ្យមានពួកអ្នកកើតឡើង ដែលនឹងខាំឯងជាមួយរំពេច និងពួកមួយភ្ញាក់ឡើងធ្វើទុក្ខឯងទេឬ? ពេលនោះ ឯងនឹងត្រូវគេរឹបអូសវិញ ពីព្រោះឯងបានប្លន់សាសន៍ជាច្រើន សំណល់ជនជាតិទាំងឡាយនឹងប្លន់ឯងវិញ ដោយព្រោះឈាមមនុស្ស និងការច្រឡោត ដែលឯងបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង និងអស់មនុស្សដែលនៅក្នុងក្រុងនោះផង។ វេទនាដល់មនុស្សដែលបានកម្រៃ ដោយទុច្ចរិតសម្រាប់ផ្ទះខ្លួន ដើម្បីនឹងតាំងសម្បុកនៅលើទីខ្ពស់ ឲ្យបានរួចពីកណ្ដាប់ដៃនៃសេចក្ដីអាក្រក់។ ឯងគិតគូរបង្កើតសេចក្ដីអាម៉ាស់ខ្មាសដល់ផ្ទះឯងវិញ ដោយផ្តាច់ផ្តិលជនជាតិជាច្រើន ក៏មានបាបទាស់នឹងព្រលឹងឯងហើយ។ ដ្បិតថ្មនឹងស្រែកចេញពីជញ្ជាំងមក ហើយធ្នឹម នៅក្នុងអស់ទាំងគ្រឿងឈើនឹងឆ្លើយតប។ វេទនាដល់អ្នកណាដែលតាំងភូមិដោយកម្ចាយឈាម ហើយសង់ទីក្រុងដោយការទុច្ចរិត។ មើល៍! តើមិនមែនព្រះយេហូវ៉ានៃពួកពលបរិវារទេឬ ដែលធ្វើឲ្យស្នាដៃរបស់ជនជាតិនានារលាយក្នុងភ្លើង ហើយការនឿយហត់របស់សាសន៍ទាំងប៉ុន្មាន ទៅជាឥតប្រយោជន៍? ដ្បិតមនុស្សនឹងស្គាល់ដល់សិរីល្អនៃព្រះយេហូវ៉ា នៅពេញលើផែនដី ដូចជាទឹកក៏នៅពេញសមុទ្រដែរ។ វេទនាដល់អ្នកណាដែលបំផឹកអ្នកជិតខាងខ្លួន គឺដែលចេះតែចាក់ឲ្យគេផឹកដល់ស្រវឹង ដើម្បីឲ្យបានឃើញសណ្ឋានអាក្រាតរបស់គេ អ្នកឆ្អែតពេញដោយសេចក្ដីអាម៉ាស់ ជំនួសសិរីល្អ។ ចូរអ្នកផឹកខ្លួនឯង ហើយឲ្យគេឃើញថាឯងមិនបានកាត់ស្បែក ឯពែងនៅព្រះហស្តស្តាំនៃព្រះយេហូវ៉ា នឹងវិលមកដល់អ្នកដូចគ្នា ហើយសេចក្ដីអាម៉ាស់ដ៏ជួជាតិ នឹងមកគ្របលើសីរីល្អរបស់អ្នកវិញ។ អំពើឃោរឃៅដែលបានធ្វើដល់ ព្រៃល្បាណូននឹងគ្របលើឯង ព្រមទាំងការបំផ្លាញអស់ទាំងសត្វ ដែលនាំឲ្យវាភ័យខ្លាច ដោយព្រោះឈាមមនុស្ស និងការដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង និងមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងក្រុងនោះ។ ឯរូបឆ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា និងរូបសិត គឺជាគ្រូបង្រៀនសេចក្ដីកំភូតនោះ បានជាជាងដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ វេទនាដល់អ្នកណាដែលនិយាយដល់ដុំឈើថា "សូមតើនឡើង" ហើយដល់ដុំថ្មគថា "សូមក្រោកឡើង" តើរូបនោះអាចបង្រៀនបានឬ? មើល៍! គេស្រោបវាដោយមាស និងប្រាក់ តែគ្មានខ្យល់ដង្ហើមនៅខាងក្នុងទេ ឯព្រះយេហូវ៉ា ព្រះអង្គគង់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអង្គវិញ ចូរឲ្យផែនដីទាំងមូលស្ងៀមនៅចំពោះព្រះអង្គ។
អាន ហាបាគុក 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហាបាគុក 2:7-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ