លោកុ‌ប្បត្តិ 42:1-16

លោកុ‌ប្បត្តិ 42:1-16 គកស១៦

ពេល​លោក​យ៉ាកុប​បាន​ដឹង​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កូនៗ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​អង្គុយ​មើល​មុខ​គ្នា​ដូច្នេះ?» លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ពុក​បាន​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទិញ​ស្រូវ​ពី​ទី​នោះ​មក ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់»។ ដូច្នេះ បងៗ​របស់​លោក​យ៉ូសែប​ទាំង​ដប់​នាក់ ក៏​ចុះ​ទៅ​ទិញ​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ។ ប៉ុន្ដែ លោក​យ៉ាកុប​មិន​ឲ្យ​បេនយ៉ាមីន ជា​ប្អូន​របស់​លោក​យ៉ូសែប ទៅ​ជា‌មួយ​បងៗ​ទេ ព្រោះ​លោក​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់​ដល់​វា។ ដូច្នេះ កូន​ៗ​របស់​លោក​អ៊ីស្រា‌អែល​ក៏​ទៅ​ជា‌មួយ​អស់​អ្នក​ដែល​ទៅ​ទិញ​ស្រូវ ដ្បិត​នៅ​ស្រុក​កាណាន​ក៏​មាន​អំណត់​ដែរ។ នៅ​គ្រា​នោះ លោក​យ៉ូសែប​ជា​ទេសា‌ភិបាល​លើ​ស្រុក​នោះ គឺ​លោក​ជា​អ្នក​ដែល​លក់​ស្រូវ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​នៅ​ផែន​ដី។ បងៗ​របស់​លោក​យ៉ូសែប​នាំ​គ្នា​ចូល​មក ហើយ​ក្រាប​ចុះ​មុខ​ដល់​ដី​នៅ​ចំពោះ​លោក។ កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ក៏​ស្គាល់​ពួក‌គេ តែ​លោក​ធ្វើ​ដូច​ជា​អ្នក​ដទៃ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក‌គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?» គេ​ឆ្លើយ​ថា៖ «មក​ពី​ស្រុក​កាណាន ដើម្បី​ទិញ​ស្បៀង​អាហារ»។ លោក​យ៉ូសែប​ស្គាល់​បងៗ តែ​ពួក‌គេ​មិន​បាន​ស្គាល់​លោក​ទេ។ ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សប្ដិ​ដែល​លោក​បាន​យល់​សប្តិ​អំពី​បងៗ​របស់​លោក។ លោក​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «ពួកឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ដើម្បី​រក​មើល​កន្លែង​ដែល​នៅ​ទទេ​ក្នុង​ស្រុក​នេះ​ហើយ»។ ពួក‌គេ​តប​វិញ​ថា៖ «ទេ លោក​ម្ចាស់​ខ្ញុំ​អើយ យើង​ខ្ញុំ​ប្របាទ​មក​ទិញ​ស្បៀង​អាហារ​ទេ​តើ យើង​ខ្ញុំ​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ យើង​ខ្ញុំ​ប្របាទ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​អ្នក​សង្កេត‌ការណ៍​ទេ»។ លោក​តប​ទៅ​គេ​ថា៖ «ទេ គឺ​ពួក​ឯង​ពិត​ជា​មក​រក​មើល​កន្លែង​ដែល​នៅ​ទទេ​ក្នុង​ស្រុក​នេះ!» ពួក‌គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មាន​បង‌ប្អូន​ដប់​ពីរ​នាក់ ជា​កូន​មាន​ឪពុក​តែ​មួយ​នៅ​ស្រុក​កាណាន​សព្វ‌ថ្ងៃ​នេះ កូន​ពៅ​នៅ​ជា‌មួយ​ឪពុក​របស់​យើង​ខ្ញុំ ហើយ​កូន​មួយ​ទៀត​មិន​នៅ​ទេ»។ ប៉ុន្ដែ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ពួកឯង​មែន ឯង​រាល់​គ្នា​ពិត​ជា​អ្នក​សង្កេត​ការណ៍! ខ្ញុំ​នឹង​ល្បង​ល​ចិត្ត​ពួក​ឯង​ដូច្នេះ គឺ​ដរាប​ណា​ផារ៉ោន​នៅ​មាន​ព្រះ‌ជន្ម នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចេញ​ពី​ទី​នេះ​ឡើយ លើក​លែង​តែ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក​ដល់​ទី​នេះ​សិន។ ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក តែ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ជាប់​គុក​សិន ដើម្បី​ល្បង​មើល​ឲ្យ​ដឹង​ថា ពាក្យ​សម្ដី​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​ស្បថ​នឹង​ព្រះ​ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​ពិត​ជា​អ្នក​សង្កេត‌ការណ៍​មែន»។