លោកុ‌ប្បត្តិ 40:7-22

លោកុ‌ប្បត្តិ 40:7-22 គកស១៦

លោក​ក៏​សួរ​មហា‌តលិក​ទាំង​ពីរ​របស់​ផារ៉ោន ដែល​ជាប់​ឃុំ​ឃាំង​ជា‌មួយ​គ្នា​នៅ​ក្នុង​គុក​ចៅ‌ហ្វាយ​របស់​លោក​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ?» គេ​ឆ្លើយ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​សប្ដិ​នេះ​បាន​ទេ»។ លោក​យ៉ូសែប​ពោល​ទៅ​គេ​ថា៖ «តើ​ការ​កាត់​ស្រាយ​មិន​មែន​ជា​កិច្ច‌ការ​របស់​ព្រះ​ទេ​ឬ? សូម​លោក​ប្រាប់​សប្តិ​នោះ​មក​ខ្ញុំ​មើល»។ ដូច្នេះ មេ​ថ្វាយ​ពែង​ក៏​រៀប‌រាប់​សប្តិ​ប្រាប់​លោក​យ៉ូសែប​ថា៖ «ក្នុង​សប្តិ​របស់​ខ្ញុំ ឃើញ​មាន​ដើម​ទំពាំង‌បាយ‌ជូរ​មួយ​ដើម​នៅ​ពី​មុខ​ខ្ញុំ ដើម​នោះ​មាន​មែក​បី មើល​ទៅ​ដូច​ជា​ពន្លក ហើយ​ផ្កា​ក៏​រីក រួច​កើត​មាន​ចង្កោម​ផ្លែ​ទុំ។ ពែង​របស់​ផារ៉ោន​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​គាប​ដាក់​ពែង​របស់​ផារ៉ោន រួច​យក​ពែង​នោះ​ទៅ​ថ្វាយ​ដល់​ព្រះ​ហស្ត​ផារ៉ោន»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សប្តិ​នោះ​មាន​ន័យ​យ៉ាង​នេះ មែក​បី គឺ​បី​ថ្ងៃ នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​មុខ​លោក ហើយ​តាំង​លោក​ឲ្យ​ធ្វើ​ក្នុង​តំណែង​ដើម​របស់​លោក​វិញ ហើយ​លោក​នឹង​បាន​ថ្វាយ​ពែង​ផារ៉ោន​ដល់​ព្រះ‌ហស្ត​របស់​ស្ដេច​ទៀត ដូច​លោក​ធ្លាប់​ធ្វើ កាល​ពី​លោក​នៅ​បម្រើ​ជា​អ្នក​ថ្វាយ​ពែង​ពី​មុន។ ក៏​ប៉ុន្ដែ ពេល​លោក​បាន​សុខ‌ស្រួល​ហើយ សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង សូម​ផ្សាយ​សេចក្ដី​សប្បុរស​មក​ខ្ញុំ សូម​ទូល​ផារ៉ោន​ឲ្យ​ជ្រាប​ពី​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​គុក​នេះ​ផង ដ្បិត​គេ​បាន​ចាប់​ខ្ញុំ​ពី​ស្រុក​ហេព្រើរ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស ដែល​ត្រូវ​ជាប់​ក្នុង​គុក​ជ្រៅ​ដូច្នេះ​ឡើយ»។ កាល​មេ​ដុត​នំ​ឃើញ​ថា ការ​កាត់​ស្រាយ​នោះ​គួរ​ឲ្យ​ពេញ​ចិត្ត គាត់​ក៏​ពោល​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ខ្ញុំ​ក៏​បាន​យល់​សប្តិ​ដែរ គឺ​ខ្ញុំ​ឃើញ​នំបុ័ង​បី​កញ្ច្រែង​នៅ​លើ​ក្បាល​ខ្ញុំ នៅ​ក្នុង​កញ្ច្រែង​ខាង​លើ​បង្អស់ មាន​នំ​គ្រប់​មុខ​សម្រាប់​ថ្វាយ​ផារ៉ោន តែ​សត្វ​ស្លាប​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង​ដែល​នៅ​លើ​ក្បាល​ខ្ញុំ​នោះ​អស់​ទៅ»។ លោក​យ៉ូសែប​តប​វិញ​ថា៖ «សប្តិ​នេះ​មាន​ន័យ​ដូច្នេះ កញ្ច្រែង​បី គឺ​បី​ថ្ងៃ។ នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​យក​ក្បាល​លោក​ចេញ​ពី​ខ្លួន គឺ​ចង​ក​លោក​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​សត្វ​ស្លាប​នឹង​ចឹក​ស៊ី​សាច់​របស់​លោក»។ បី​ថ្ងៃ​ក្រោយ​មក ជា​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​ផារ៉ោន ស្ដេច​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​សម្រាប់​ពួក​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្ដេច ហើយ​ស្ដេច​ក៏​ដោះ​លែង​មេ​ថ្វាយ​ពែង និង​មេ​ដុត​នំ ឲ្យ​មក​ឈរ​ក្នុង​ចំណោម​មន្ត្រី​របស់​ស្ដេច។ ស្ដេចបាន​តាំង​មេ​ថ្វាយ​ពែង​ក្នុង​តំណែង​ដើម​របស់​គាត់​ឡើង​វិញ ហើយ​គាត់​ក៏​ថ្វាយ​ពែង​ដល់​ព្រះ‌ហស្ត​ផារ៉ោន​ត​ទៅ​ទៀត តែ​ស្ដេច​ព្យួរ​ក​មេ​ដុត​នំ ដូច​លោក​យ៉ូសែប​បាន​កាត់​ស្រាយ​ប្រាប់​មែន។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លោកុ‌ប្បត្តិ 40:7-22