លោកុ‌ប្បត្តិ 37:28-35

លោកុ‌ប្បត្តិ 37:28-35 គកស១៦

ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​ក៏​មក​ដល់ រួច​បង​ៗ​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ា‌អែល មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ដួង។ ពួក​នោះ​ក៏​យក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ។ កាល​រូបេន​ត្រឡប់​មក​ដល់​អណ្តូង​វិញ តែ​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​អណ្តូង គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​វិល​ទៅ​រក​បង‌ប្អូន​ប្រាប់​ថា៖ «ក្មេង​នោះ​បាត់​ទៅ​ហើយ តើ​ឲ្យ​ខ្ញុំ​ទៅឯ​ណា?» ពេល​នោះ គេ​ក៏​សម្លាប់​ពពែ​មួយ រួច​យក​អាវ​យ៉ូសែប​ទៅ​ជ្រលក់​ក្នុង​ឈាម បន្ទាប់​មក គេផ្ញើ​អាវ​ច្រើន​ពណ៌​នោះ​ទៅ​ឪពុក ហើយ​ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​អាវ​នេះ សូម​ពិនិត្យ​មើល តើ​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន ឬ​មិន​មែន»។ លោក​យ៉ា​កុប​ស្គាល់​អាវ​នោះ ហើយ​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន មាន​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ហើយ! យ៉ូសែប​ច្បាស់​ជា​សត្វ​ហែក​ខ្ទេច‌ខ្ទី​អស់​ហើយ»។ លោក​យ៉ាកុប​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ស្លៀក​សំពត់​ធ្មៃ ហើយ​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។ កូន​ប្រុស​កូន​ស្រី​របស់​លោក​ទាំង​ប៉ុន្មាន​ក៏​នាំ​គ្នា​ជួយ​សម្រាល​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​អ្នក​ណា​មកសម្រាល​ទុក្ខ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​នឹង​ចុះ​ទៅ​ជួប​កូន​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​សោក​នឹង​កូន។