លោកុ‌ប្បត្តិ 37:1-20

លោកុ‌ប្បត្តិ 37:1-20 គកស១៦

លោក​យ៉ាកុប​បាន​រស់​នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​លោក​បាន​ស្នាក់​អាស្រ័យ​នៅ។ នេះ​ជា​ដំណើរ​រឿង​នៃ​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប។ កាល​លោក​យ៉ូសែប​មាន​អាយុ​ដប់​ប្រាំពីរ​ឆ្នាំ គាត់​តែង‌តែ​ឃ្វាល​ហ្វូង​សត្វ​ជា‌មួយ​បង‌ៗ​របស់​គាត់។ ក្មេង​ជំទង់​នេះ​នៅ​ជា‌មួយ​កូន​របស់​នាង​ប៊ីលហា និង​នាង​ស៊ីលផា ជា​ប្រពន្ធ​របស់​ឪពុក​គាត់ ហើយ​យ៉ូសែប​តែង​យក​រឿង​អាក្រក់​របស់​ពួក​គេ​មក​ប្រាប់​ឪពុក។ លោក​អ៊ីស្រា‌អែល​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​កូន​ឯ​ទៀត​ៗ ព្រោះ​ជា​កូន​ដែល​កើត​មក​នៅ​ពេល​លោក​មាន​វ័យ​ចាស់ ហើយ​លោក​បាន​ធ្វើ​អាវ​មួយ​មាន​ពណ៌​ច្រើន​ឲ្យ​គាត់​ពាក់។ កាល​បងៗ​ឃើញ​ថា ឪពុក​ស្រឡាញ់​យ៉ូសែប​ជាង​កូន​ទាំង​អស់ គេ​ក៏​ព្រួត​គ្នា​ស្អប់​យ៉ូសែប ហើយ​មិន​អាច​និយាយ​ពាក្យ​ល្អ​ជា‌មួយ​គាត់​បានឡើយ។ មាន​ថ្ងៃ​មួយ យ៉ូសែប​បាន​យល់​សប្តិ ហើយ​ក៏​តំណាល​សប្ដិ​នោះ​ប្រាប់​បងៗ តែ​គេ​រឹត​តែ​ស្អប់​គាត់​ខ្លាំង​ឡើង។ គាត់​ប្រាប់​ពួក‌គេ​ថា៖ «សូម​ស្តាប់​សប្តិ​ខ្ញុំ​នេះ​សិន ដ្បិត​យើង​រាល់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​នៅ​ស្រែ នោះ​កណ្ដាប់​របស់​ខ្ញុំ​ក៏​ឈរ​ឡើង ហើយ​មើល៍ កណ្ដាប់​របស់​បង​ៗ​បាន​មក​ព័ទ្ធ​ជុំ‌វិញ ហើយ​ក្រាប​គោរព​កណ្ដាប់​របស់​ខ្ញុំ»។ បងៗ​ពោល​មក​គាត់​ថា៖ «តើ​ឯង​ចង់​សោយ​រាជ្យ​លើ​យើង​មែន​ឬ? តើ​ឯង​ចង់​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​មែន​ឬ?» ដូច្នេះ គេ​ក៏​ស្អប់​គាត់​រឹត‌តែ​ខ្លាំង​ឡើង ដោយ​ព្រោះ​សប្តិ និង​ពាក្យ​សម្ដី​របស់​គាត់។ គាត់​យល់​សប្តិ​ទៀត ហើយ​ក៏​ប្រាប់​បងៗ​របស់​គាត់​ថា៖ «មើល៍ ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​ម្ដង​ទៀត​ហើយ គឺ​ឃើញ​ថ្ងៃ ខែ និង​ផ្កាយ​ទាំង​ដប់​មួយ​បាន​ក្រាប​គោរព​ខ្ញុំ»។ ប៉ុន្ដែ កាល​គាត់​បាន​តំណាល​អំពី​សប្ដិ​នោះ​ប្រាប់​ឪពុក និង​បងៗ ឪពុក​បន្ទោស​គាត់​ថា៖ «តើ​ឯង​យល់​សប្តិ​ឃើញ​អ្វី​ដូច្នេះ? តើ​ត្រូវ​ឲ្យ​ឪពុក និង​ម្តាយ​របស់​ឯង ព្រម​ទាំង​បងៗ​របស់​ឯង​ក្រាប​ដល់​ដី​គោរព​ឯង​ឬ?» បងៗ​ក៏​មាន​ចិត្ត​ច្រណែន​នឹង​គាត់ តែ​ឪពុក​របស់​គាត់​បាន​ទុក​រឿង​នោះ​នៅ​ក្នុង​ចិត្ត។ នៅ​គ្រា​នោះ បងៗ​របស់​យ៉ូសែប​នាំ​គ្នា​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​ឪពុក នៅ​ស៊ីគែម ហើយ​លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​យ៉ូសែប​ថា៖ «បងៗ​របស់​ឯង​បាន​ទៅ​ឃ្វាល​សត្វ​នៅ​ស៊ីគែម​ហើយ មក​ណេះ ពុក​នឹង​ចាត់​ឯង​ឲ្យ​ទៅ​រក​ពួក‌គេ»។ គាត់​ឆ្លើយ​ទៅ​ឪពុក​ថា៖ «បាទ​ពុក»។ ឪពុក​ប្រាប់​គាត់​ថា៖ «ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង ហើយ​ហ្វូង​សត្វ​សុខ​សប្បាយ​ឬ​យ៉ាង​ណា រួច​ហើយ​មក​ប្រាប់​ពុក​វិញ​ផង»។ ដូច្នេះ ឪពុក​ក៏​ចាត់​យ៉ូសែប​ពី​ជ្រលង​ភ្នំ​ហេប្រុន​ឲ្យ​ចេញ​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម។ កាល​បុរស​ម្នាក់​បាន​ឃើញ​យ៉ូសែប​កំពុង​តែ​ដើរ​ទៅ​ដើរ​មក​នៅ​តាម​វាល ក៏​សួរ​ថា៖ «តើ​ឯង​កំពុង​រក​អី?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​រក​បងៗ​របស់​ខ្ញុំ សូម​មេត្តា​ប្រាប់​ខ្ញុំឲ្យ​ដឹង​កន្លែង​ដែល​ពួក‌គេ​ឃ្វាល​សត្វ​ផង»។ បុរស​នោះ​ប្រាប់​ថា៖ «ពួក‌គេ​បាន​ចេញ​ពី​នេះ​ទៅ​ហើយ ខ្ញុំ​ឮ​គេ​និយាយ​គ្នា​ថា "តោះ​យើង​ទៅ​ដូថាន់"»។ ពេល​នោះ យ៉ូសែប​ក៏​ទៅ​តាមបងៗ ហើយ​ឃើញ​ពួក‌គេ​នៅ​ឯ​ដូថាន់។ កាល​គេ​ឃើញ​យ៉ូសែប​ពី​ចម្ងាយ គេ​រួម​គំនិត​គ្នា​ថា​នឹង​សម្លាប់​គាត់​ចោល មុន​ពេល​គាត់​ទៅ​ដល់។ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ន៎ុះន៏ អា​មេ​សប្តិ​បាន​មក​ដល់​ហើយ។ មក​យើង នាំ​គ្នា​សម្លាប់​វា​ចោល ហើយ​យក​ទៅ​ទម្លាក់​ក្នុង​អណ្តូង​ណា​មួយ រួច​និយាយ​ថា មាន​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ទៅ​ហើយ ហើយ​យើង​នឹង​មើល តើ​សប្តិ​របស់​វា​នឹង​ទៅ​ជា​យ៉ាង​ណា»។