លោកុ‌ប្បត្តិ 34:1-30

លោកុ‌ប្បត្តិ 34:1-30 គកស១៦

ឯ​នាង​ឌីណា ជា​កូន​ស្រី​ដែល​នាង​លេអា​បាន​បង្កើត​ឲ្យ​លោក​យ៉ាកុប បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។ កាល​ស៊ីគែម ជា​កូន​របស់​ហាម៉ោរ សាសន៍​ហេវី ជា​មេ​លើ​ស្រុក​នោះ បាន​ឃើញ​នាង ក៏​ចាប់​នាង​យក​ទៅ​រំលោភ។ ស៊ីគែម​ក៏​ជាប់​ចិត្ត​នឹង​នាង​ឌីណា ជា​កូន​របស់​លោក​យ៉ាកុប​ណាស់ គាត់​ស្រឡាញ់​នាង ហើយ​និយាយ​លួង‌លោម​នាង។ ដូច្នេះ ស៊ីគែម​ជម្រាប​ហាម៉ោរ​ជា​ឪពុក​ថា៖ «សូម​យក​នាង​នេះ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​មក»។ ពេល​នោះ លោក​យ៉ាកុប​បាន​ឮ​ថា ស៊ីគែម​បាន​បង្ខូច​នាង​ឌីណា​ជា​កូន តែ​កូន​ប្រុសៗ​របស់​លោក​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​នៅ​ឯ​វាល​ទាំង​អស់​គ្នា ដូច្នេះ លោក​យ៉ាកុប​ក៏​នៅ​ស្ងៀម រហូត​ដល់​ពួក‌គេ​ត្រឡប់​មក​វិញ។ ចំណែក​ហាម៉ោរ​ជា​ឪពុក​របស់​ស៊ីគែម ក៏​បាន​មក​ជួប​លោក​យ៉ាកុប ដើម្បី​និយាយ​ជាមួយ​លោក។ កាល​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​បាន​ឮ​ដំណឹង​នោះ គេ​ក៏​វិល​មក​ពី​វាល​វិញ អ្នក​ទាំង​នោះ​ឈឺ​ចិត្ត ហើយ​ខឹង​ជា​ខ្លាំង ដោយ​ព្រោះ​ស៊ីគែម​បាន​ប្រព្រឹត្ត​អំពើ​យង់​ឃ្នង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល គឺ​បាន​រួម​ដំណេក​ជាមួយ​កូន​ក្រមុំ​របស់​លោក​យ៉ាកុប ជា​អំពើ​ដែល​មិន​គួរ​គប្បី​ប្រព្រឹត្ត​ជា​ដាច់​ខាត។ ប៉ុន្ដែ ហាម៉ោរ​និយាយ​ទៅ​កាន់​ពួកគេ​ថា៖ «ស៊ីគែម កូន​របស់​ខ្ញុំ​ពេញ​ចិត្ត​នឹង​កូន​ស្រី​របស់​អ្នក​ខ្លាំង​ណាស់ ដូច្នេះ សូម​អ្នក​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​វា​ទៅ។ សូម​ភ្ជាប់​ញាតិ​ពន្ធ​ជាមួយ​យើង​ខ្ញុំ ដោយ​ឲ្យ​កូន​ក្រមុំ​របស់​អ្នក​រាល់​គ្នា​មក​យើង​ខ្ញុំ ហើយ​យក​កូន​ក្រមុំ​របស់​យើង​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា​វិញ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​នៅ​ជា‌មួយ​យើង​ខ្ញុំ ហើយ​ស្រុក​នេះ​នឹង​បើក​ចំហ​សម្រាប់​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​រស់​នៅ ហើយ​ធ្វើ​ជំនួញ ព្រម​ទាំង​ទិញ​ដី​ធ្លីក្នុង​ស្រុក​នេះ​ទៅ»។ ស៊ីគែម​ក៏​ពោល​ទៅ​កាន់​ឪពុក និង​បង‌ប្អូន​ប្រុសៗ​របស់​នាង​ឌីណា​ថា៖ «សូម​អាណិត​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​អ្នក​រាល់​គ្នា​ផង អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បង្គាប់ ខ្ញុំ​នឹង​ជូន​ទាំង​អស់។ សូម​បង្គាប់​បណ្ណា‌ការខ្ពស់ៗ និង​ជំនូន​ច្រើនយ៉ាង​ណា​ក៏​បាន ខ្ញុំ​បាទ​នឹង​ជូន​តាម​បង្គាប់​ទាំង​អស់ សូម​តែ​អាណិត​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​បាទ»។ នោះ​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​ក៏​ឆ្លើយ​ទៅ​ស៊ីគែម និង​ហាម៉ោរ​ជា​ឪពុក​ដោយ​ល្បិច​‌កល ព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ជា​ប្អូន​ស្រី​របស់​គេ។ គេ​ពោល​ថា៖ «យើង​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ គឺ​មិន​អាច​ឲ្យ​ប្អូន​ស្រី​របស់​យើង​ទៅ​មនុស្ស​ដែល​មិន​កាត់​ស្បែក​បាន​ឡើយ ដ្បិត​ធ្វើ​ដូច្នោះ នឹង​នាំ​ឲ្យ​យើង​មាន​សេចក្ដី​អាម៉ាស់​មិន​ខាន។ បើ​ចង់​ឲ្យ​យើង​ខ្ញុំ​ព្រម​តាម​លោក នោះ​មាន​តែ​ពួក​លោក​ត្រឡប់​ដូច​ជា​យើង​ដែរ ដោយ​កាត់​ស្បែក​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​លោក។ ធ្វើ​ដូច្នោះ ទើប​យើង​នឹង​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ពួក​លោក ហើយ​យក​កូន​ស្រី​របស់​ពួក​លោក​មក​វិញ​ដែរ យើង​នឹង​រស់​នៅ​ជា‌មួយ​ពួក​លោក ហើយ​ត្រឡប់​ទៅ​ជា​សាសន៍​តែ​មួយ។ ប៉ុន្តែ ប្រសិន​បើ​ពួក​លោក​មិន​ព្រម​កាត់​ស្បែក​ធ្វើ​តាម​យើង​ទេ នោះ​យើង​នឹង​យក​កូន​ស្រី​របស់​យើង​មក​វិញ ហើយ​ចេញ​ទៅ»។ ពាក្យ​របស់​គេ​ក៏​ពេញ​ចិត្ត​ដល់​ហាម៉ោរ និង​ស៊ីគែម​ជា​កូន។ អ្នក​កំលោះ​នោះ​មិន​បាន​បង្អង់​នឹង​ធ្វើ​ការ​នោះ​ទេ ព្រោះ​គាត់​មាន​អំណរ​នឹង​កូន​ស្រី​របស់​លោក​យ៉ាកុប​ណាស់។ លោក​ជា​មនុស្ស​ដែល​គេ​គោរព​ជាង​គេ​ទាំង​អស់​ក្នុង​វង្សា‌នុវង្ស​ឪពុក​របស់​លោក។ ដូច្នេះ ហាម៉ោរ និង​ស៊ីគែម​ជា​កូន​ក៏​ទៅ​ឯ​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​មនុស្ស​នៅ​ទី​ក្រុង​របស់​ខ្លួន​ថា៖ «មនុស្ស​ទាំង​នោះចង់​បាន​សុខ​ជាមួយ​យើង ចូរ​ឲ្យ​គេ​រស់​នៅ​ក្នុង​ស្រុក និង​ធ្វើ​ជំនួញ​ចុះ ដ្បិត​មើល៍ ស្រុក​នេះ​ធំ​ល្មម​ឲ្យ​គេ​នៅ​បាន ចូរ​យើង​យក​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​គេ​ដែរ។ ប៉ុន្ដែ ដែល​គេ​នឹង​ព្រម​នៅ​ជា‌មួយ​យើង ហើយ​ត្រឡប់​ជា​សាសន៍​តែ​មួយ​នោះ លុះ​ត្រា​តែ​កាល​ណា​ប្រុសៗ​ទាំង​អស់​ខាង​យើង​បាន​កាត់​ស្បែក​ដូច​ជា​គេ​ដែរ។ ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ និង​សត្វ​របស់​គេ​ទាំង​អស់​នឹង​មិន​ត្រឡប់​មក​ជា​របស់​យើង​ទេ​ឬ? ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា‌មួយ​យើង​ហើយ»។ អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​នោះ គេ​ក៏​ស្តាប់​តាម​ហាម៉ោរ និង​ស៊ីគែម​កូន​របស់​លោក ហើយ​ប្រុសៗ​បាន​ទទួល​ពិធី​កាត់​ស្បែក​ទាំង​អស់​គ្នា គឺ​អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង។ នៅ​ថ្ងៃ​ទីបី កាល​គេ​នៅ​ឈឺនៅ​ឡើយ នោះ​កូន​លោក​យ៉ាកុប​ពីរ​នាក់ គឺ​ស៊ីម្មាន និង​លេវី ជា​បង​របស់​នាង​ឌីណា ក៏​យក​ដាវ​កាន់​រៀង​ខ្លួន ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ ដោយ​ឥត​កោត​ញញើត ហើយ​កាប់​សម្លាប់​ប្រុសៗ​ទាំង​អស់។ គេ​សម្លាប់​ហាម៉ោរ និង​ស៊ីគែម ជា​កូន ដោយ​មុខ​ដាវ រួច​ហើយ​ក៏​នាំ​នាង​ឌីណា​ចេញ​ពីផ្ទះ​របស់​ស៊ីគែម។ កូន​ប្រុស​ៗ​របស់​លោក​យ៉ាកុប​ឯ​ទៀតៗ​ក៏​មក​យក​របស់​របរ​ពី​សាក​សព​ទាំង​នោះ ហើយ​រឹប​យក​អ្វីៗ​ក្នុង​ក្រុង​នោះ ព្រោះ​អ្នក​ក្រុង​នោះ​បាន​បង្ខូច​ប្អូន​ស្រី​របស់​គេ។ គេ​យក​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​លា ព្រម​ទាំង​របស់​ទ្រព្យ​នៅ​ក្នុង​ក្រុង ហើយ​នៅ​ស្រែ​ចម្ការ​របស់​អ្នក​ទាំង​នោះ​ផង។ គេ​ចាប់​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់ និង​ប្រពន្ធ​កូន​របស់​ពួក​នោះ​ទៅ​ជា​ឈ្លើយ ហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​គេ​ផង។ ពេល​នោះ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​ស៊ីម្មាន និង​លេវី​ថា៖ «ឯង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ពុក​ថប់​ព្រួយ​ណាស់ ដោយ​សម្អុយ​ឈ្មោះ​ពុក​នៅ​កណ្ដាល​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​ពុក​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​ពុក នោះ​ទាំង​ពុក និង​ក្រុម​គ្រួសារ​របស់​ពុក នឹង​ត្រូវ​វិនាស​ទៅ​មិន​ខាន»។